នៅក្នុងអំឡុងឆ្នាំ១៩៦២ និង ឆ្នាំ១៩៧១ ប្រតិបត្តិការ Ranch Hand គឺជាផ្នែកមួយនៃសង្គ្រាមរវាង ប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ដែលបានបាចម្សៅគីមីរាប់លានតោនដើម្បីឲ្យព្រៃឈើ ជ្រុះស្លឹក និងរុក្ខជាតិរលួយ។ ម្សៅគីមីនោះមានឈ្មោះជាភាសាបរទេសថា Agent Orange ហើយវាត្រូវបានគេយកទៅប្រើ ក្នុងការបណ្ដេញកងទ័ព វៀតកុង ដែលពួនក្នុងព្រៃនិងបំផ្លាញប្រភពស្បៀងរបស់ពួកគេ ដូចជាដំណាំបន្លែបង្ការជាដើម។
កន្លងមក ៤០ ឆ្នាំម្សៅគីមីដែលព្រាច បានបន្សល់ទុកនូវពិការភាពពីកំណើត ដល់កូនចៅជំនាន់ក្រោយ របស់ប្រជាជនដែលធ្លាប់ទទួលរងការប៉ះពាល់ដោយម្សៅ Agent Orange នេះ។ យោងតាមរបាយការផ្លូវការរបស់សហរដ្ឋអាមេរិក ស្ដីពីប្រតិបត្តិការ Ranch Handបានបង្ហាញថា ខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ក៏ត្រូវបានរាប់បញ្ចូលទៅក្នុងប្រតិបត្តិការគោលដៅក្នុងការព្រាចម្សៅគីមី Agent Orange នេះដែរ ។
មនុស្សភាគតិចណាស់ដែលបានយល់ដឹងពីការព្រាចម្សៅគីមីនេះនៅកម្ពុជា ប៉ុន្តែប្រជាជននៅក្នុងស្រុក គគីសោម ខេត្តស្វាយរៀង បានរំលឹកថាគាត់ធ្លាប់បានឃើញ យន្តហោះ ហើយនៅតែមានអារម្មណ៍ថានេះអាចជាកិច្ចប្រតិបត្តិការសំងាត់របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៧០។ ទោះបីជាប្រមាណជាង ៤០ ឆ្នាំបានកន្លងផុតទៅក៏ដោយ កម្ពុជានៅតែជាប្រទេសរងគ្រោះដោយសារសង្គ្រាមគីមីរបស់សហរដ្ឋអាមេរិក។