គេហទំព័ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប និងក្រសួងទេសចរណ៍មិនទាន់បានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនឲ្យទាន់ពេលវេលានៅឡើយទេ ក្នុងការចូលរួមផ្សព្វផ្សាយនូវព័ត៌មានទៅសាធារណៈជនបន្ថែមទៀត បន្ទាប់ពីប្រទេសចំនួន ២១៤ បានសម្រេចអនុម័តដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក របស់កម្ពុជាឲ្យចូលជាបេតិកភណ្ឌពិភពលោក។
តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានដាក់ស្នើបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ២០១២មកម្ល៉េះ។ រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ថ្មីៗនេះ ក្នុងកិច្ចប្រជុំកំពូលលើកទី ៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលបានប្រារព្ធឡើងរយៈពេល១០ថ្ងៃ នៅទីក្រុង ក្រាកូវ ប្រទេសប៉ូឡូញ ទើបកម្ពុជាទទួលបានជោគជ័យជាស្ថាពរ។
ដើម្បីផ្សព្វផ្សាយការសម្រេចបាននេះ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានប្រជាពលរដ្ឋ និងមន្ត្រីរាជការរាប់ម៉ឺននាក់ចូលរួម។
តំបន់ប្រាសាទសំបូរព្រៃគុគ ជាអតីតរាជធានីចេនឡា ដែលមានអាយុកាលប្រមាណ ១៥០០ឆ្នាំ ប្រាសាទនេះសាងសង់ក្នុងរាជ្យព្រះបាទ ឥសាន្ដវរ្ម័ន ចន្លោះពីឆ្នាំ ៦១៦ ដល់ ៦៣៧ នៃគ.ស។
ក្រុមប្រាសាទទាំងអស់ ត្រូវបានសាងសង់ឡើងពីឥដ្ឋតាន់ និងថ្មបាយគ្រាម មានរាង ៤ ជ្រុងស្មើរ ៤ ជ្រុងទ្រវែង និង រាង ៨ជ្រុង។ អ្វីដែលធ្វើឲ្យប្រាសាទនេះមានលក្ខណៈប្លែកពីគេថែមទៀតនោះ គឺប្រាសាទមានលក្ខណៈ ៨ ជ្រុង ហើយសំណង់ប្រាសាទជាក្រុមប្រភេទនេះស្ទើរតែគ្មាន២ទេនៅក្នុងតំបន់អាស៊ីទាំងមូលកាលពីសម័យនោះ។ ហើយអ្នកស្រាវជ្រាវជឿជាក់ថាវាជាទីក្រុងគំរូ សម្រាប់ការកសាងក្រុងអង្គរ ក្នុងការជ្រើសរកទីទួលសុវត្ថិភាព និងការរៀបចំប្រព័ន្ធធារាសាស្ត្រ។