ក្រោយពីមានការខកខានជាញឹកញយដោយសារតែកម្ពស់ទឹកទាប និងបញ្ហាផ្សេងៗ ការអនុញ្ញាតឲ្យមានពិធីប្រណាំងទូកងរឡើងវិញ បានញ៉ាំងឲ្យទន្លេចតុមុខមានភាពអ៊ូអរឡើងវិញ។ ទោះជាយ៉ាងណាគេសង្កេតឃើញថាការចូលមកកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានការថយចុះជាងឆ្នាំមុនៗ។ ព្រះរាជពិធីបុណ្យត្រូវបានបញ្ចប់ ប៉ុន្តែសំរាមពាសវាលពាសកាលបន្សល់ដោយប្រជាជនដែលទៅកម្សាន្តនៅតែជាបញ្ហាចម្បង។ ហើយបញ្ហានេះមិនមែនជារឿងថ្មីនោះទេ។ ស្របពេលដែលមានព្រះរាជពិធីបុណ្យអុំទូក ព្រះច័ន្ទទំហំធំ និងមានពន្លឺខ្លាំង បានរះឡើងក្នុងថ្ងៃទី២ និងទី៣ នៃពិធីរោងបុណ្យ ក្រោយពីអវត្តមាន៦៨ឆ្នាំ។ ការខិតមកជិតផែនដីរបស់ព្រះច័ន្ទគឺជាហេតុធ្វើឲ្យទំហំមានការប្រែប្រួល ហើយអ្នកនឹងអាចឃើញទិដ្ឋភាពនេះម្ដងទៀតនៅឆ្នាំ២០៣៤។