កំពង់ចាម: រមណីយដ្ឋានកសិទេសចរណ៍ថ្មដាទឹកឆា គាត ខេង ដែលជាសួនសត្វតែមួយគត់ក្នុងខេត្ដកំពង់ចាម និងស្ថិតក្នុងចំណោមសួនសត្វដ៏តិចតួចបំផុតក្នុងប្រទេស កំពុងស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទីដែលប្រាថ្នាចង់ឃើញសត្វព្រៃប្លែកៗចាប់ពីអណ្ដើក កុក ក្រសារ ត្រដក់ រហូតដល់ប្រើស ខ្លាឃ្មុំ អូទ្រីស និងក្រពើ។
ក្រោយពីការដើរទស្សនាសត្វព្រៃក្នុងឧទ្យានស្រោបដោយរុក្ខជាតិតូចធំនិងផ្កាភ្ញី ភាពទាក់ទាញចម្បងរបស់រមណីយដ្ឋានកសិទេសចរណ៍ នេះគឺវារីវប្បកម្ម ដែលជាការចិញ្ចឹមត្រីក្រោមរចនាសម្ព័ន្ធប្រឡាយទឹកធម្មជាតិខ្វាត់ខ្វែងស្ថិតនៅក្រោមសួន និងស្រះទឹកតូចធំជាជម្រកត្រីរាប់លានក្បាល។
ពេលចូលដល់ខ្លោងទ្វារទីពីរជាទីកន្លែងដែលភ្ញៀវត្រូវបង់ប្រាក់ម្នាក់ ២០០០ រៀល ស្រះត្រីធំមួយឯនាយស្ដាំដៃដែលរចនាផ្លូវដើរលើទឹក ប្រាកដជាទីចំណាប់អារម្មណ៍មុនគេ ដោយភ្ញៀវនាំគ្នាមើលហ្វូងត្រី Koi រាប់ពាន់ម៉ឺនក្បាល រួចបន្ដទៅសួនផ្ការចនារាងបេះដូងជាប់ស្អិតគ្នា។