ស្ទឹងត្រែងៈ ស្របពេលដែលមេឃនារដូវប្រាំងបញ្ចេញកម្តៅថ្ងៃក្តៅហែង ប្រសិនបើមានទីកន្លែងលម្ហែកាយណាមានម្លប់ក្យូសប្រក់ស្បូវ អាចអង្គុយទទួលអាហារបានក្រោមជំនោរខ្យល់បរិសុទ្ធស្រូបដង្ហើមចូល មានទឹកហូររឹមៗថ្លាឆ្វង់ដ៏ត្រជាក់ស្រេបគួរឲ្យចង់ចុះទៅងូត លាយឡំដោយសម្រស់ធម្មជាតិ មានព្រៃឈើបៃតងខ្ចីដុះនៅអមទាំងសងខាងត្រើយទន្លេនោះ ភ្ញៀវទេសចរនឹងទទួលអារម្មណ៍ល្ហែល្ហើយកាយា បើមានទោងជិះលេងលើទឹក និងស្ពានយោលដើរឆ្លងលេងទៀតរឹតតែសប្បាយអនេក។
ដំណើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលកាន់តែខិតចូលមកដល់ ការជួបជុំមិត្តភក្តិ ក្រុមគ្រួសារ ឬគូស្នេហ៍ដែរនោះ ពិតជាស័ក្តិសមបំផុតជាមួយរមណីយដ្ឋាន នៅតំបន់ប៉ែកឧត្តរនៃប្រទេសកម្ពុជា គឺរមណីយដ្ឋានទឹកឈូអូរចាប ដែលស្ថិតនៅក្នុងភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយទេសចរគ្រាន់តែចេញដំណើរពីក្រុងស្ទឹងត្រែងតែចម្ងាយ ២១ គីឡូម៉ែត្រប៉ុណ្ណោះ ខណៈផ្លូវធ្វើដំណើរនៅស្របតាមដងទន្លេសេសានតែម្តង។