កំពង់ចាម៖ សម្រាកលម្ហែលើក្យូស ញាំអាហារស្រុកស្រែ ថតរូបស្អាតៗអមដោយទេសភាពផ្កាចម្រុះពណ៌ និងស្រះទឹក រមណីយដ្ឋានសួន មុនី ទីកន្លែងដែលភ្ញៀវទេសចរមិនអាចមើលរំលង គៀកគិតក្រុងកំពង់ចាម។
ជាសួនផ្កាដ៏ធំតែមួយក្នុងខេត្តកំពង់ចាម សួន មុនី បានបើកដំណើរការប្រមាណ ៥ ឆ្នាំ ដោយបានកែច្នៃទៅកន្លែងកម្សាន្តប្លែកៗដូចជា សួនផ្កាពណ៌បៃតង និងមានរចនារុក្ខជាតិជារូបដាយណូស័រ ការតាំងរទេះគោ និងទោង ទុកសម្រាប់ភ្ញៀវថតរូបលេងកម្សាន្ត។
បន្ថែមពីនេះ ទីនេះក៏មានដាំដើមឈើហូបផ្លែ និងដើមតាំងលម្អជាច្រើនប្រភេទដូចជា៖ ផ្កាឈូករត្ន័ ដើមជ្រៃ ដើមត្នោត ដើមស្លា និងដើមឈើប្លែកៗជាច្រើនទៀត ដែលបង្កើតបានជាម្លប់ត្រឈឹងត្រឈៃ និងមានស្រះទឹកនៅក្រោមក្យូសមួយចំនួន ដើម្បីបង្កើតបានជាចំហាយត្រជាក់ បន្ថយកម្តៅ។
រមណីយដ្ឋាន សួន មុនី ទទួលបានភ្ញៀវប្រមាណជិត ៣០០ នាក់ នៅក្នុងមួយថ្ងៃ និងមានក្យូសអង្គុយញាំអាហារ លម្ហែកាយប្រមាណ ១០០ ក្យូស ដែលចែកជា ៤ ប្រភេទ ដូចជា៖ ក្យូសលក្ខណៈគ្រួសារ ក្យូសគូស្នេហ៍ ក្យួសលើទឹក និងក្យូសសម្រាប់កម្មវិធីកម្សាន្តផ្សេងៗ ដែលអាចទទួលភ្ញៀវបានជាច្រើននាក់។
បន្ថែមពីការគយគន់ទេសភាព សួនផ្កា និងញាំអាហារ ភ្ញៀវក៏អាចទស្សនាវាលស្រែរបស់ ប្រជាកសិករដែលប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង បង្កើតបានជាទស្សនីយភាពល្អឯក។
ម្ហូបពិសេសមានដូចជា៖ មាន់ដុត តម្លៃ ៦០ ០០០ រៀល ម្ជូរស្រែតម្លៃ ៤០ ០០០ រៀល ប្រហុកអាំង តម្លៃ ១៥ ០០០ រៀល ទាអាំងតម្លៃ ៧០ ០០០ រៀល ត្រីដុតតម្លៃ ៣០ ០០០ រៀល និងមានម្ហូបស្រុកស្រែ និងម្ហូបកម្មង់ជាច្រើនមុនទៀត។
នាពេលអនាគតរមណីយដ្ឋាន សួន មុនី នឹងបង្កើតកន្លែងកំសាន្តបន្ថែមទៀតដូចជា៖ អាងហែលទឹកសម្រាប់មនុស្សធំ ផ្ទះលំហែរកាយ និងបន្ថែមការដាំផ្កាឈូករ័ត្នប្រមាណ ១ ហិកតា សម្រាប់ភ្ញៀវថតរូបលេងកម្សាន្ត។
រមណីយដ្ឋាន សួន មុនី មានទីតាំងស្ថិតនៅ ភូមិអណ្តូងច្រុះ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕