សកម្មភាពជិះទូកក្ដារចែវជុំវិញដែនកោះគយគន់ដើមជ្រែដុះត្រសងតាមដងព្រែក ការដាំដើមកោងកាង ការរចនាសួនច្បារបណ្ដែតទឹក ការសម្អាតផ្ទៃទឹក ព្រមទាំងការបង្រៀនកុមារហែលទឹក និងសុវត្ថិភាពផ្លូវទឹក គឺជាដំណើរកម្សាន្ដផ្សងព្រេងសង្គ្រោះបរិស្ថានលើទឹកដីកំពតដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ជាពិសេស យុវជនកម្ពុជា។
នៅលើទូកក្ដារ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាមិត្តភក្ដិ និងក្រុមគ្រួសារ អមដំណើរដោយគ្រូបង្វឹក ចាប់ច្រវាដងវែងស្រវាគាស់កាយទឹកបណ្ដែតខ្លួនពីដងព្រែកទឹកឈូឆ្លងកាត់ដងព្រែកទឹកវិលចម្ងាយប្រមាណ ៤ គីឡូម៉ែត្របោះពួយក្រោមម្លប់ត្រឈឹងត្រឈៃនៃព្រៃជ្រៃប្របមាត់ទឹកជុំវិញដែនកោះទឹកវិល ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។