ក្រុងឡុងដ៍៖ កីឡាករ Tammy Abraham របស់ក្លិបតោខៀវ Chelsea និយាយថា កីឡាកររបស់ជម្រើសជាតិអង់គ្លេសនឹងដើរចេញពីទីលានប្រសិនបើពួកគេទទួលរងការបៀតបៀនជាតិសាសន៍នៅក្នុងពេលប្រកួតជម្រុះពានរង្វាន់ Euro 2020។
ក្រុមអង់គ្លេសនឹងត្រូវប្រកួតជាមួយជម្រើសជាតិសាធារណរដ្ឋឆែក នៅទីក្រុង Prague នៅថ្ងៃសុក្រមុនពេលប្រកួតជាមួយជម្រើសជាតិប៊ុលហ្គារី នៅថ្ងៃចន្ទក្រោយពីមានការរើសអើងជាតិសាសន៍ពីក្រុមអ្នកគាំទ្រក្នុងការប្រកួតជម្រុះជាមួយសាធារណរដ្ឋឆែក និងកូសូវ៉ូ ពីខែមិថុនា។
គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានសុំឲ្យក្រុមជួបពិភាក្សាពី វិធានការអ្វីដែលកីឡាករនឹងត្រូវធ្វើប្រសិនបើមានការបំពានបែបនេះកើតឡើងជាថ្មីទៀតនោះ។
គណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA មានវិធានការ ៣ ជំហាន សម្រាប់ចាត់ការចំពោះការបៀតបៀនជាតិសាសន៍ដែលអាចអនុញ្ញាតឲ្យអាជ្ញាកណ្ដាលបញ្ឈប់ ឬបោះបង់ចោលការប្រកួត ហើយកីឡាករ Abraham បាននិយាយថា កីឡាករជម្រើសជាតិអង់គ្លេសកំពុងត្រៀមខ្លួនចាត់វិធានការផ្ទាល់ដៃប្រសិនបើចាំបាច់។
ខ្សែប្រយុទ្ធ Abraham បានប្រាប់ទូរទស្សន៍ BBC ថា៖ «ខ្សែប្រយុទ្ធ Harry Kane បាននិយាយថា ប្រសិនបើវាកើតឡើងមែន ហើយយើងមិនសប្បាយចិត្តចំពោះទង្វើនោះ យើងត្រូវនិយាយជាមួយកីឡាករ ហើយប្រសិនបើគាត់មិនសប្បាយចិត្តដែរ យើងអាចដើរចេញពីទីលានប្រកួតទាំងអស់គ្នា»។
ខ្សែប្រយុទ្ធរូបនេះបានបន្ថែមថា៖ «វាជារឿងរបស់ក្រុមមួយ ហើយកុំធ្វើឲ្យអ្នកផ្សេងឯកោឲ្យសោះ។ យើងជាក្រុមទាំងមូល ហើយប្រសិនបើវាកើតឡើងចំពោះអ្នកណាម្នាក់ក្នុងចំណោមពួកយើង គឺស្មើនឹងកើតឡើងចំពោះយើងទាំងអស់គ្នា»។
ជម្រើសជាតិអង់គ្លេសកំពុងសង្ឃឹមថា នឹងបន្តការចាប់ផ្ដើមល្អចំពោះការប្រកួតជម្រុះនេះដោយទទួលបានពិន្ទុអតិបរមាពីការប្រកួត ៤ លើកដំបូង នៅក្នុងពូល A៕ SN