ស្វ៊ីសៈ គណៈគ្រប់គ្រងសមាគមប្រដាល់អន្តរជាតិ (AIBA) បានដើរចេញពីកិច្ចចរចាជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កាលពីថ្ងៃចន្ទដោយមានសុទិដ្ឋិនិយមថា សមាគមរបស់គាត់នឹងរក្សាសិទ្ធិក្នុងការរៀបចំព្រឹត្តិការណ៍នៅក្នុងការប្រកួតអូឡាំពិកក្រុងតូក្យូនៅឆ្នាំក្រោយ។
គណៈកម្មាធិការ IOC បានបង្អាក់ដំណើរការកីឡាប្រដាល់ (សកល) នៅក្នុងការប្រកួតអូឡាំពិកឆ្នាំក្រោយស្របពេលគណៈកម្មាធិការ IOC កំពុងស្វែងរកភ័ស្តុតាងបញ្ជាក់ថា សមាគមប្រដាល់ AIBA បានសម្អាតទង្វើមិនល្អក្រោយពីមានក្ដីកង្វល់ពាក់ព័ន្ធនឹងអភិបាលកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួនកន្លងមក។
ប្រធានបណ្ដោះអាសន្នរបស់សមាគមប្រដាល់ AIBA លោក Mohamed Moustahsane បាននិយាយថា៖ «យើងមានកិច្ចប្រជុំប្រកបដោយផ្លែផ្កាជាទីបំផុតជាមួយគណៈកម្មការស៊ើបសង្កេតរបស់គណៈកម្មាធិការ IOC នៅថ្ងៃនេះ»។
គាត់បាននិយាយថាគាត់មានទំនុកចិត្តថា ការស៊ើបអង្កេតនេះនឹងបង្កើតបានរបាយការណ៍វិជ្ជមានមួយជាមួយគណៈកម្មាធិការ IOC ដែលគ្រោងនឹងជួបប្រជុំគ្នាធ្វើការសម្រេចចិត្តចុងក្រោយនៅថ្ងៃពុធនេះ។
លោក Moustahsane បានបន្ថែមទៀតថា៖ «យើងនៅតែមានសុទិដ្ឋិនិយមពីអនាគតនៃកីឡាប្រដាល់នេះនៅអូឡាំពិកឆ្នាំក្រោយ និងលទ្ធភាពរបស់សមាគម AIBA ក្នុងការការពារកីឡាប្រដាល់ដ៏អស្ចារ្យមួយនេះ»។
វេជ្ជបណ្ឌិតសញ្ជាតិម៉ារ៉ុកបានចូលរួមជាមួយប្រធានប្រតិបត្តិសញ្ជាតិអាមេរិករបស់សមាគម AIBA គឺលោក Tom Virgets ធ្វើជាគណៈប្រតិភូចំនួន ៨ នាក់នៅក្នុងសវនាការជាមួយសមាជិកគណៈកម្មការស៊ើបអង្កេតរបស់គណៈកម្មាធិការ IOC ដឹកនាំដោយលោក Nenad Lalovic ប្រធានគណៈគ្រប់គ្រងកីឡាកាស។
ប្រសិនបើកីឡាប្រដាល់នៃសមាគម AIBA នៅតែត្រូវបានផ្អាកមិនឲ្យចូលរួមនៅក្នុងការប្រកួតអូឡាំពិកមែននោះ គណៈកម្មាធិការ IOC បាននិយាយថា ខ្លួននឹងចាត់វិធានការបន្ថែមទៀតដើម្បីធានាថា ប្រភេទកីឡានេះនឹងមានវត្តមាននៅទីក្រុងកូត្យូប្រទេសជប៉ុននៅឆ្នាំក្រោយនេះ៕ SN