ក្រុង​ម៉ៃអាមី៖ Saul Canelo Alvarez វាយ​ឱ្យ​កីឡាករ Avni Yildirim របស់​តួកគី​បោះបង់​ការ​ប្រកួត ត្រឹម​ទឹក​ទី៣ ដើម្បី​អាច​ការពារ​ខ្សែ​ក្រវាត់​ទាំង ២ ស្ថាប័ន គឺ WBC និង WBA ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​លើ​មធ្យម​បាន​សម្រេច​កាល​ពី​ថ្ងៃ​សៅរ៍។

អ្នក​ប្រដាល់​សញ្ជាតិ​ម៉ិកស៊ិក Alvarez បាន​វាយ​សង្គ្រុប​លើ Yildirim តាំង​ពី​ស្នូរ​ជួង​បន្លឺ​ឡើង​ក្នុង​ទឹក​ទី​១ ហើយ​ដាល់​ឱ្យ​អ្នក​ចង់​ដណ្ដើម​ខ្សែក្រវាត់​ដួល​ទៅលើ​សង្វៀន​ជាមួយ​ការ​ម៉ាត់​ឆ្វេង​ស្ដាំ​ចំ​ផ្ទៃមុខ​ពេញ​ក្នុង​ទឹក​ទី៣ នៃ​ការ​ប្រកួត​នៅឯ​កីឡដ្ឋាន Hard Rock នា​ក្រុង​ម៉ៃអាមី។

បន្ទាប់​មក Yildirim វ័យ ២៩ ឆ្នាំ ដែល​វាយ​ចេញ​បាន​ច្រើន​ជាង មិន​អាច​ងើប​ចេញ​ពី​កន្លែង​ឱ្យ​ទឹក ដើម្បី​បន្ត​ទឹក​ទី៤ បាន​ដោយ​គ្រូ​បង្ហាត់​សម្រេច​មិន​ឱ្យ​ប្រកួត​បន្ត ដូច្នេះ ជ័យ​ជម្នះ​ជា​របស់ Alvarez ដែល​ជា​ថ្មី​ម្ដង​ទៀត បង្ហាញ​ឱ្យ​ឃើញ​ថា តើ​ហេតុអ្វី​រូប​គេ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​ផ្សេងគ្នា​ល្អ​បំផុត​ក្នុង​វិស័យ​កីឡា​ប្រដាល់​សកល​នេះ។

Alvarez និយាយ​ថា​៖ «ខ្ញុំ​ចង់​បាន​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ នៅ​ទីនេះ ហើយ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ហើយ។ ខ្ញុំ​ចង់​ឱ្យ​មាន​ការ​សន្លប់ ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ។ វា​មិន​សំខាន់​ទេ ទោះ​គេ​ខ្ពស់​ជាង វាយ​ចេញ​ល្អ​ជាង ឬ​ក៏​មាន​គ្រូបង្ហាត់​ល្អ​ក៏​ដោយ។ ខ្ញុំ​មក​ដើម្បី​ការងារ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មក​ដើម្បី​ឈ្នះ»។

Alvarez ដែល​ឈ្នះ ៥៥ ​ដង ចាញ់ ១ ដង និង​ស្មើ ២ ដង ក្នុង​នោះ​ឈ្នះ​វាយ​ឱ្យ​សន្លប់ ៣៧ ដង ត្រឡប់​មក​ឡើង​សង្វៀន​វិញ កាល​ពី​ថ្ងៃ​សៅរ៍ ដែល​វា​មាន រយៈពេល​តិច​ជាង ២ ខែ បន្ទាប់​ពី​ឈ្នះ Callum Smith របស់​ចក្រភព​អង់គ្លេស​ក្នុង​ខែ​ធ្នូ។

ក្រោយ​ប្រកួត​នេះ អ្នក​ផ្គូផ្គង Eddie Hearn និយាយ​ថា អ្នក​ប្រដាល់​ឆ្នើម​វ័យ ៣០ ឆ្នាំ នឹង​ខិតខំ​ប្រមូល​ខ្សែ​ក្រវាត់​របស់​សហព័ន្ធ​ប្រដាល់​ពិភព​លោក​បន្ថែម​ទៀត ដោយ​ការ​ឡើង​តទល់​នឹង Billy Joe Saunders របស់​អង់គ្លេស នា​ថ្ងៃទី ៨ ខែ​ឧសភា។

Alvarez បន្ត​ថា៖ «គ្មាន​នរណា​ម្នាក់ ធ្វើ​បាន​ទេ។ ខ្ញុំ​ចង់​បង្កើត​ប្រវត្តិសាស្ត្រ។ មិន​ទាន់​មាន​អ្នក​ប្រដាល់​រូប​ណា ធ្វើ​បាន​ឡើយ​ក្នុង​ប្រភេទ​ទម្ងន់​ជាង ៧៥ គ.ក នេះ»។

ជាមួយ​គ្នា​នេះ​ Alvarez បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង ដែល​ថា ខ្លួន​ចង់​ឱ្យ​គ្រប់គ្នា​ចងចាំ​ក្នុង​នាម​ជា​អ្នក​ប្រដាល់​ដ៏​ឆ្នើម​បំផុត​ម្នាក់ ដែល​ប្រទេស​ម៉ិកស៊ិក មិន​ធ្លាប់​មាន។

Alvarez បាន​បន្ថែម​ខ្លីៗ​ចុង​ក្រោយ​ថា៖ «ខ្ញុំ​គោរព​គ្រប់​គ្នា តែ​ខ្ញុំ​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង»៕ AFP/VN