ក្រុង​ហ្គោថេន​ប៊ឺក៖ ក្រុម​បាល់​ទាត់​នារី Barcelona បាន​កា្លយ​ជា​ក្រុម​របស់​ប្រទេស​អេស្ប៉ាញ​ទី១ ដែល​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ UEFA Champions League (UCL) បន្ទាប់​ពី​​មាន​នូវ​​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​រហូត​អាច​បំបាក់​ក្រុម​គូបដិបក្ខ Chelsea យ៉ាង​ចាស់​ដៃ ៤-០ អំឡុង​ការ​ប្រកួត​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ក្រុង​ហ្គោថេន​ប៊ឺក ប្រទេស​ស៊ុយអែត​ កាល​ពី​ថ្ងៃ​អាទិត្យ។

គ្រាប់​បាល់​ទាំង ៤ ​គ្រាប់ ​របស់​ក្រុម​ជើងឯក​ក្របខ័ណ្ឌ La Liga នេះ កើត​ឡើង​ក្នុង​រង្វង់​តែ ៣៦ ​នាទី​ប៉ុណ្ណោះ ក្នុង​វគ្គ​ទី១ ដោយ​​គ្រាប់​ទី ១ ជា​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាការិនី Melanie Leupolz គ្រាប់​ទី ២ បាន​​ពី​ការ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​របស់​ខ្សែ​បម្រើ Alexia Putellas ហើយ​គ្រាប់​ទី៣ និង​ទី៤ ធ្វើ​បាន​សម្រេច​ដោយ​ Aitana Bonmati និង Caroline Graham Hansen។

ក្រុមនារី Barca គ្រង​ជើងឯក​លីគ​កំពូល​របស់​អេស្ប៉ាញ​ជាមួយ​នឹង​កំណត់ត្រា​ឈ្នះ ១០០ ​ភាគរយ ក្រោយ​បញ្ចប់ ២៦ ​ហ្គេម​ នៅ La Liga ដោយ​សល់​គ្រាប់​បាល់​ចំណេញ​រហូត​ដល់​ ១២៣ គ្រាប់​។

ប្រធាន​ក្លិប Barcelona លោក​ Joan Laporta បាន​សម្ដែង​ការ​អបអរ​ចំពោះ​ការ​ឈ្នះ​ជើងឯក​អឺរ៉ុប​នេះ ដោយ​​សរសេរ​នៅ​លើ​គណនី Twitter របស់​លោក​ថា​៖ «​សូម​អបអរ​សាទរ​! ជើងឯក! គ្មាន​អ្នក​ណា​អាច​បញ្ឈប់​ពួក​អ្នក​បាន​នោះ​ឡើយ​។ ពួក​អ្នក គឺ​ជា​បុគ្គល ដែល​គ្រប់​គ្នា​និយាយ​​ដល់​។ ពួក​អ្នក គឺ​ជា​បុគ្គល​ត្រូវ​បាន​យក​ធ្វើ​ជាគំរូ។ ​​​ពួក​អ្នក​ គឺ​ជា​ហេតុផល​មួយ​ដ៏​ធំ ដែល​ធ្វើ​ឱ្យ Barca លើស​ពី​ពាក្យ​ថា ជា​ក្លិប ១​។ ពួក​អ្នក​បាន​នាំ​ពួក​យើង​ធ្វើ​ដំណើរ​ទៅ​មុខ​ជាមួយ​នឹង​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​នេះ​»​។

ក្រុម​នារី​តោខៀវ Chelsea កំពុង​ស្ថិត​នៅ​លើ​ ក្នុង​ការ​ឈ្នះ​ពាន​ ៤ ក្នុង ១ ​រដូវកាល តែ​ទោះ​បីជា​បាន​ចំណាយ​លុយ​ច្រើន​សន្ធឹក​សន្ធាប់​ក៏​ដោយ​ក៏​​ក្រុម​ជើងឯក​លីគ​កំពូល​អង់គ្លេស​មួយ​នេះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ក្រុម​អ្នក​មាន​បុណ្យ​នៃ​តំបន់​កាតាឡាន់​បាន​ដែរ​ ទាំង​គំនិត​នៃ​ការ​លេង និង​ការ​ធ្វើ​ចលនា​ អំឡុង​ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​តំបន់​អឺរ៉ុប​នេះ​។

អ្នក​ចាត់​ការ​របស់​ Chelsea អ្នកស្រី Emma Hayes បាន​ប្រាប់​ថា​៖ «ថ្ងៃ​នេះ គឺ​ពិត​ជា​ពិបាក​ណាស់ ព្រោះ​ហ្គេម​បាន​ចប់​តាំង​ពី​មុន​ចាប់​ផ្ដើម​។ យើង​នឹង​រៀន​សូត្រ​ពី​បរាជ័យ​នេះ ព្រោះ​នេះ​ជា​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​នៅ​ពេល​ខាង​មុខ​។ ខ្ញុំ​យល់​​ថា ពេល​ខ្លះ ពួក​យើង​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ឆោត​ល្ងង់​»​។

អ្នក​គ្រូ​បង្វឹក​ Hayes បាន​បន្ថែម​ថា​៖ «​យើង​នៅ​មិន​ទាន់​ស័ក្តិសម​ជា​ជើង​ឯក​អឺរ៉ុប​ទេ តែ​យើង​គឺ​ជា​ក្រុម​ល្អ​បំផុត​ទី២ របស់​អឺរ៉ុប ហើយ​ខ្ញុំ​នឹង​យក​លទ្ធផល​នេះ ធ្វើ​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​គោលដៅ​ដ៏​ត្រឹមត្រូវ​ឱ្យ​បាន​»​។

កាល​ពី​ ២ ​ឆ្នាំ​កន្លង​ទៅ គឺ​ក្រុម​ Barca ខ្លួន​ឯង​បាន​ភ្លាត់​ចាញ់​ក្នុង​លទ្ធផល ៤-០ ក្រោយ​​ហ្គេម​ដំណើរការ​បាន​ត្រឹម​តែ ៣០ ​នាទី ក្រោម​ថ្វី​ជើង​របស់​ក្រុមដ៏​ពិបាកទប់​ទល់ Lyon អំឡុង​ការ​ប្រកួត ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ នា​ក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី​។

«​យើង​សម​នឹង​ទទួល​បាន​ជ័យជម្នះ​។ មាន​ការងារ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ ​តាំង​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្រុង​ប៊ុយដាប៉ែស​។ ​ពួក​យើង​ស៊ុត​បញ្ចូលទី​បាន​ជាច្រើន​គ្រាប់​ ដើម្បី​ត្រឡប់​មក​​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ ហើយ​ឈ្នះ​ជើងឯក​ ហើយ​យើង​ក៏​ធ្វើ​បាន​សម្រេច​»​។ នេះ​ជា​សម្ដី​របស់​កីឡាការិនី Bonmati ដែល​ជា​អ្នក​លេង​ល្អ​ជាង​គេ​ប្រចាំ​ការ​ប្រកួត​នេះ​៕ AFP/VN