ក្រុងស៊ីដនីៈ ប្រជាពលរដ្ឋ​អូស្ត្រាលី​បាន​កោត​សរសើរ​កីឡាការិនី​វាយ​កូនបាល់ Ashleigh Barty ថា​ជា​ «​មហាក្សត្រី​ថ្មី​នៃ​កីឡា​វាយ​កូនបាល់​កាលពី​ថ្ងៃ​ចន្ទ​ធ្វើឲ្យ​នាង​ក្លាយ​ជា​នារី​ទី​ ២ ​ដែល​បាន​ជាប់​លេខ​ ១ ​នៅក្នុង​ពិភពលោក​ បន្ទាប់ពី​កីឡាការិនី Evonne Goolagong Cawley​។

ម្ចាស់​ជើង The French Open រូបនេះ​បាន​ជាប់​លេខ​ ១ ​ក្រោយពី​បាន​ឈ្នះ​កីឡាការិនី Julia Goerges ដើម្បី​លើក​ពាន Birmingham WTA កាលពី​ថ្ងៃ​អាទិត្យ​បង្ហាញ​ពី​ការ​រះ​ឡើង​កាន់តែ​ខ្លាំង​ចំពោះ​កីឡាការិនី​វ័យ​ ២៣ ​ឆ្នាំ​រូបនេះ​ដែល​ធ្លាប់​ឈប់​លេង​កីឡា​វាយ​កូនបាល់​ទៅលេង​កីឡា​គ្រិកឃីត (Cricket)​។

ជាមួយ​កីឡាការិនី Goolagong Cawley ដែល​បាន​ជាប់​លេខ​ ១ ​ក្នុង​រយៈពេល​ខ្លី​នៅ​ឆ្នាំ​ ១៩៧៦ ​នោះ កីឡាការិនី Barty បាន​យក​គម្រូ​តាម​កីឡាករ​វាយ​កូនបាល់​សញ្ជាតិ​អូស្ត្រាលី​ ៣ ​រូប​ដូចជា John Newcombe, Pat Rafter និង Lleyton Hewitt ដែល​ពួកគេ​ជាប់​លេខ​ ១ ​នៅក្នុង​ពិភពលោក​។

ប្រធាន​កីឡា​វាយ​កូនបាល់​អូស្ត្រាលី​លោក Craig Tiley បាន​និយាយ​ពី​ «​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​គួរ​ឲ្យ​កត់សម្គាល់​នេះ​» ​ដោយ​ប្រាប់​ទូរទស្សន៍ TV 9 ថា​៖ «​វា​ពិតជា​រឿង​មួយ​ដ៏លំបាក​មួយ​ក្នុង​ការប្រកួត​ដើម្បី​ឈ្នះ​បែប​នេះ ហើយ​នោះ​ពិតជា​អស្ចារ្យ​មែនទែន​។ ខ្ញុំ​យល់​ពី​ចិត្ត​របស់​នាង នាង​មិន​ភ្ញាក់ផ្អើល​ចំពោះ​ស្នាដៃ​នេះ​ទេ​។ នាង​គ្រាន់តែ​ចង់​ត្រឡប់​ទៅ​ទីលាន​វាយ​កូនបាល់ និង ចង់​បាន​ការប្រកួត​ល្អ​មួយ​តែ​ប៉ុណ្ណោះ​»​។

កីឡាការិនី Goolagong Cawley ដែល​មាន​ប្រវត្តិ​ដូច Barty ដែរ​នោះ​បាន​និយាយ​ថា​ការរីកចម្រើន​របស់​នាង​ «​សឹងតែ​មិន​អាច​ឈប់​បាន​ទេ​»​។

កីឡាការិនី​រូបនេះ​បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា​៖ «Barty គឺជា​អ្នក​ជាប់​លេខ​ ១ ​ដ៏​មាន​តម្លៃ​បំផុត ហើយ​ការឈ្នះ​ពាន the French នេះ​នឹង​ធ្វើឲ្យ​នាង​កាន់​តែ​មាន​ទំនុកចិត្ត​ថែម​ទៀត​»​។

Goolagong Cawley បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​មាន​កីឡាការិនី​ជនជាតិ​ភាគ​ដើម​ម្នាក់ទៀត​ជាប់​លេខ​ ១ ​ខាង​កីឡា​វាយ​កូនបាល់​ក្នុង​ពិភពលោក​បែប​នេះ ហើយ​ជាពិសេស​គឺ​ម្នាក់​នោះ​ជា​សុភាពនារី​វ័យក្មេង​ថែមទៀត​»​។

កាសែត Daily Telegraph នៅ​ទីក្រុង​ស៊ីដនី​បាន​ហៅ​នាង​ថា​ជា​ «​មហាក្សត្រី​ថ្មី​នៃ​កីឡា​វាយ​កូនបាល់​» ​ដោយ​សរសេរ​ថា​៖ «​ការមើល​នាង​ឈ្នះ​ការប្រកួត​គឺ​ដូចជា​ការមើល​ឃើញ​កីឡាករ​ឆ្នើម​មុនៗ​ដែល​មាន​ភាព​អស្ចារ្យ​បែប​នេះ​ដែរ​នាពេល​កន្លង​មក​។ នាង​បាន​ធ្វើឲ្យ​ពលរដ្ឋ​អូស្ត្រាលី​មាន​អារម្មណ៍​មោទនភាព​ព្រោះ​នាង​ជា​ពលរដ្ឋ​ម្នាក់​របស់​យើង​។ សូម​ឲ្យ​នាង​គ្រង​មកុដ​នេះ​ឲ្យ​បាន​យូរអង្វែង​»​។

ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​អូស្ត្រាលី ABC បាន​និយាយ​ថា​ការរះ​ឡើង​របស់​នាង​នេះ​គឺ​គ្មាន​អ្វី​ក្រៅតែ​ពី​ការសម​នឹង​ទទួល​បាន​នោះទេ​ក្រោយពី​បរាជ័យ​នៅ​ឆ្នាំ​ ២០១៦ ​ជា​នៅពេល​ដែល​នាង​បាន​ឈប់​ពី​កីឡា​គ្រិកឃីត​នៅ​​ក្លិប Brisbane Heat ត្រឡប់​​ទៅ​លេង​កីឡា​វាយ​កូនបាល់​នេះ​វិញ​។

ទន្ទឹម​នេះ​ដែរ​ប្រព័ន្ធ​ផ្សព្វផ្សាយ Fox Sports Australia បាន​និយាយ​តាម Twitter ថា៖ «​សូម​លើកដៃ​គោរព​ចំពោះ​ព្រះមហាក្សត្រី​ថ្មី​របស់​អ្នក​»​។

នៅពេល​សួរ​ថា តើ​ពួកគេ​នឹង​អបអរសាទរ​ចំពោះ​នាង​យ៉ាង​ដូច​ម្ដេច​នោះ​? កីឡាការិនី Barty បាន​ប្រាប់​អ្នកកាសែត​ថា៖ «​និយាយ​ដោយ​ស្មោះត្រង់​ទៅ យើង​នឹង​ធុញទ្រាន់​បំផុត​។ យើង​មាន​ការរៀបចំ​ពិធី​ខ្លះៗ​នៅពេល​ខាង​មុខ​នេះ ហើយ​យើង​ត្រៀម​ខ្លួន​នឹងចូលរួម ប៉ុន្តែ​យើង​ពិតជា​មាន​ការញ៉ាំ​ស្រាបៀរ​ ១ ​ឬ​ ២ ​កំប៉ុង​ប៉ុណ្ណោះ​»៕ SN