ក្រុងមុយនិច: លោក Jupp Heynckes នឹង​រៀបចំ​ផែនការ​ផ្សេងៗ​ដើម្បី​ទម្លាក់​អតីត​ក្លិប​របស់​ខ្លួន​គឺ Real Madrid ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី ១ នៅ​រាត្រី​នេះ និង​បោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​ការ​ជួយ​ឲ្យ​ក្រុម Bayern Munich ឈ្នះ​ពាន ៣ ក្នុង​រដូវ​កាល​តែ​មួយ​ផ្សេង​ទៀត។

លោក Heynckes អាយុ ៧២ ឆ្នាំ បាន​ឈ្នះ​ពាន Champions League រួច​ជាស្រេច​ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្លិប​ទាំង ២។

គ្រូបង្វឹក​ចាស់វស្សា​រូប​នេះ​បាន​ដឹកនាំ​ឲ្យ​ក្រុម Real លើក​ពាន​នេះ​ក្នុង​ឆ្នាំ ១៩៩៨ បន្ទាប់​មក ក្រុម Bayern ក្នុង​ឆ្នាំ ២០១៣ ក្នុង​រដូវ​កាល​មួយ​ដែល​ក្រុម​យក្ស​អាល្លឺម៉ង់​មួយ​នេះ បាន​បញ្ចប់​ដោយ​ការ​ឈ្នះ​ពាន។ ក្នុង​វ័យ​មួយ​ដែល​មិត្តភក្តិ​របស់​លោក​ផ្សេង​ទៀត​កំពុង​តែ​រវល់​នឹង​ការ​លេង​ល្បែង​កម្សាន្ត​ផ្សេងៗ និង​មើល​ថែ​ចៅៗ លោក Heynckes កំពុង​តែ​រីករាយ​ទៅ​នឹង​សម្ពាធ​ដ៏​ខ្ពស់​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​អឺរ៉ុប។

លោក Heynckes បាន​ឲ្យ​ដឹងថា៖ «វា​ជាការ​ប្រកួត​ដ៏​រំភើប​មួយ ដែល​ជា​ការ​ជួបគ្នា​រវាង​ក្រុម ខ្លាំង​ក្នុង​ភាព​វិជ្ជមាន។ ក្រុម​ទាំង ២ នេះ មាន​ប្រពៃណី​ដ៏​អស្ចារ្យ​ដូចគ្នា​ក្នុង​កីឡា​បាល់​ទាត់​អឺរ៉ុប ខណៈ​ដែល​ពួកគេ​លេង​កីឡា​បាល់​ទាត់​ប្រកប​ដោយ​ការ​ទាក់​ទាញ។ វា​ជា​ការ​ចាប់​ឆ្នោត​ប្រកួត​ដ៏​លំបាក​មួយ​សម្រាប់​ក្រុម​ទាំង ២»។

Bayern គឺជា​ក្លិប​តែមួយ​ដែល​នៅសល់​ក្នុង​ក្របខ័ណ្ឌ Champions League ដែលមាន​សមត្ថភាព​ក្នុង​លើក​ពាន ៣ ក្នុង​រដូវកាល​តែ​មួយ។ ពួកគេ​បាន​លើក​ពាន​ក្របខ័ណ្ឌ Bundesliga ជា​លើក​ទី ៦ ជាប់ៗ​គ្នា​រួច​ជា​ស្រេច​កាល​ពី ៣ សប្តាហ៍​មុន ហើយ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Eintracht Frankfurt ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន German Cup វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ថ្ងៃ​ទី ១៩ ខែ ឧសភា ខាង​មុខ។

ប្រសិនបើ​ក្រុម Bayern ឈ្នះ​ពាន Champions League ក្នុង​ទីក្រុង Kiev ប្រទេស​អ៊ុយក្រែន នា​ថ្ងៃទី ២៦ ខែ​ឧសភា លោក Heynckes ដែល​នឹង​ឈាន​ចូល​វ័យ ៧៣ ឆ្នាំ នា​ថ្ងៃ​ទី ៩ ខែ​ឧសភា នឹង​បង្កើត​ប្រវត្តិសាស្ត្រ ក្នុង​នាម​ជា​គ្រូបង្វឹក​មាន​វ័យ​ចាស់​ជាង​គេ​បំផុត​ក្នុងការ​ឈ្នះ​ពាន European Cup។ លោក​នឹង​បំបែក​កំណត់​ត្រា​នៃ​អាយុ ៧១ ឆ្នាំ និង ២៣១ ថ្ងៃ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Raymond Goethals នៅ​ពេល​ដែល​ក្រុម Marseille បាន​ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League ក្នុង​ទីក្រុង​មុយនិច កាល​ពី​ឆ្នាំ ១៩៩៣។

ការ​ឈ្នះ​ពាន​នេះ​ជា​លើក​ទី ៣ នឹង​ក្លាយជា​កាដូ​នៃ​ការចែក​ផ្លូវ​ដ៏​ល្អឥតខ្ចោះ​របស់​លោក​ជាមួយ​នឹង​ក្លិប Bayern នៅ​មុន​ពេល​លោក Niko Kovac ចូល​កាន់​តំណែង​ក្នុង​នាម​ជា​គ្រូ​បង្វឹក​សម្រាប់​រដូវកាល​ក្រោយ។

លោក Heynckes បាន​បង្កើត​កំណត់ត្រា​ថ្មី​រួចជាស្រេច​ក្នុង Champions League វគ្គ ៨ ក្រុម​ចុង​ក្រោយ។ ការ​ទទួល​ជ័យជម្នះ ២-១ ក្នុងការ​ប្រកួត​ជើង​ទី ១ របស់​ក្រុម Bayern នៅ​លើ​ទឹកដី​ក្រុម Sevilla គឺជា​ជ័យ​ជម្នះ​ជា​លើក​ទី ១ ជាប់ៗ​គ្នា​របស់​លោក​ក្នុង​នាម​ជា​គ្រូ​បង្វឹក ក្នុង​យុទ្ធនាការ​នេះ ជា​កំណត់ត្រា​មួយ​ដែល​បាន​បន្ត​ពី​ការ​ដឹកនាំ​កាល​ពី​មុន​របស់​លោក​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្នុង​រដូវ​កាល​ឆ្នាំ ២០១២-២០១៣។

មានតែ​លោក Louis van Gaal រួមជាមួយ​នឹង​ក្លិប Barcelona និង Bayern និង​លោក Carlo Ancelotti ជាមួយ​នឹង​ក្លិប Real Madrid ប៉ុណ្ណោះ ដែល​បាន​ឈ្នះ​ចាប់​ពី ១០ ប្រកួត​ជាប់ៗ​គ្នា​ឡើង​ទៅ​ក្នុង​នាម​ជា​គ្រូបង្វឹក។

បើ​មិន​គិតពី​លទ្ធផល​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Real លោក Heynckes បាន​បង្ហាញ​ពី​កម្រិត​សមត្ថភាព​របស់​លោក​ក្នុង​ការ​ផ្លាស់​ប្តុរ​ជោគជ័យ​វាសនា​របស់​ក្រុម Bayern ចាប់​តាំង​ពី​លោក​បាន​វិល​ទៅ​កាន់​ការ​ដឹកនាំ​ជា​លើក​ទី ៤ របស់​ខ្លួន​ក្នុង​ក្លិប​នេះ កាល​ពី​ខែ​តុលា ឆ្នាំ​មុន។

គ្រូបង្វឹក​រូបនេះ​បាន​ចូល​ជំនួស​កន្លែង​របស់លោក Ancelotti ដែល​ត្រូវបាន​បណ្តេញចេញ ក្រោយ​ពី​ការ​ចាញ់​ក្នុង​លទ្ធផល ៣-០ នៅ​លើ​ទឹកដី​ក្រុម Paris Saint-Germain ក្នុង​វគ្គ​ចែក​ពូល។

ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១:៤៥ រំលង​អាធ្រាត្រ (ម៉ោង​នៅ​កម្ពុជា)៕