ក្លិប Benfica បាន​បដិសេធ​ទាំង​ស្រុង​ពី​ព័ត៌មាន​ដែល​ផ្សាយ​ពី​ថ្ងៃ​ចន្ទ​នៅ​ប្រទេស​ អេស្ប៉ាញ​ថា យុវតារា​បាល់ទាត់ Joao Felix នឹង​ចុះ​កុងត្រា​ក្នុង​តម្លៃ​ខ្លួន​ ១២០ ​លាន​អឺរ៉ូ​ជាមួយ​ក្លិប Atletico Madrid ដែល​គ្រោង​នឹង​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ​។

កីឡាករ​វ័យ​ ១៩ ​ឆ្នាំ​រូបនេះ​ត្រូវ​គេ​ផ្សាយ​ថា មាន​ក្លិប​អឺរ៉ុប​មួយ​ចំនួន​ចង់​បាន​គាត់​ចូលរួម​ជាមួយ​ពួកគេ​ក្រោយពី​គាត់​រកបាន​ ២០ ​គ្រាប់​នៅក្នុង​រដូវកាល​កន្លង​មក​នេះ​។

ក្លិប​នេះ​បាន​និយាយ​តាម​គេហទំព័រ​របស់​ខ្លួន​ថា គ្មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​ណាមួយ​ទេ​ដោយ​ចាត់ទុក​ព័ត៌មាន​នេះ​ថា ជា​ដំណឹង​ក្លែងក្លាយ​។

ក្លិប Benfica បាន​បញ្ជាក់​ថា​៖ «​ក្លិប Benfica សូម​អះអាង​ថា ព័ត៌មាន​ដែល​ផ្សាយ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​គឺជា​ព័ត៌មាន​ក្លែងក្លាយ​ដែល​ថា​បច្ចុប្បន្ន​ក្លិប​នេះ​កំពុង​ចរចា​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​កីឡាករ Joao Felix»៕ SN