ភ្នំពេញៈ ប្រការ​ប្រមូលផ្តុំ​ក្រុម​ជម្រើស​លីក​កំពូល​កម្ពុជា ឬ Cambodia All Stars ដើម្បី​ត្រៀម​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ខ្លាំង​ថៃ Muangthong United នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង​ ៦:៣០ ថ្ងៃទី​ ៩ ខែ កុម្ភៈ​ខាង​មុខ​បាន​ចុច​ឈ្មោះ​កីឡាករ​ ២៥ ​នាក់​រួច​ហើយ​។

បើ​ទោះបី​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​ ២៥ ​នាក់​នោះ​នៅ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​រង់ចាំ​ការសម្រេច​ពី​អ្នក​ចាត់ការ​ទូទៅ​ក្រុម និង​ការដាក់​លិខិត​ស្នើសុំ​ការអនុញ្ញាត​ពី​បណ្តា​ក្លិប​ដែល​ជា​អ្នកគ្រប់គ្រង​កីឡាករ​ទាំងនោះ ប៉ុន្តែ​លោក ភា សុភ័ក្ត្រា បាន​បង្ហើប​ថា​នៅក្នុង​បញ្ជី​ឈ្មោះ​នោះ​មាន​កីឡាករ​បរទេស​តែ​ ៤ ​នាក់​គត់ ក្រៅពី​នោះ​ជា​កីឡាករ​កម្ពុជា តែ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ដែល​ត្រៀម​លេង​នៅ​លីក​កំពូល​ម៉ាឡេស៊ី​រដូវកាល​នេះ​មិន​ត្រូវ​បាន​កោះហៅ​ឲ្យ​មក​ចូលរួម​ទេ​។

លោក ភា សុភ័ក្ត្រា ដែល​ជា​គ្រូបង្គោល​ក្រុម​ក្រសួង​ការពារជាតិ ផង​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​សម្រាប់​ការប្រកួត​មិត្តភាព​នេះ​ខ្ញុំ​បាន​ជ្រើសរើស​កីឡាករ​ ២៥ ​នាក់​ក្នុង​នោះ​មាន​បរទេស​ ៤ ​នាក់​ហើយ​ការដាក់​បរទេស​តិច​នេះ​ដោយសារ​ខ្ញុំ​មើល​ឃើញ​ថា​កីឡាករ​ខ្មែរ និង​បរទេស​មាន​គម្លាត​ពី​គ្នា​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​ម្យ៉ាង​ទៀត​ខ្ញុំ​ចង់​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ខ្មែរ​បាន​បង្ហាញ​ខ្លួន​ផង ព្រោះ​កីឡាករ​ខ្មែរ​ទាំង​នេះ​យើង​បាន​ជ្រើសរើស​ចេញពី​សមិទ្ធផល​កីឡា​នៅក្នុង​លីក​កំពូល​ឆ្នាំ​ ២០១៨ របស់​យើង​»​។

យ៉ាងណា​ក៏ដោយ​លោក ភា សុភ័ក្ត្រា បាន​បង្ហើប​ថា​ការជ្រើសរើស​កីឡាករ​ខ្មែរ​ភាគច្រើន​នេះ​ក៏​លោក​មាន​ការប្រថុយប្រថាន​ប្រឈម​ទៅ​នឹង​ការលំបាក​ក្នុង​ការ​ស្វែងរក​លទ្ធផល​ដ៏ល្អ​ផង​ដែរ សម្រាប់​ការដឹកនាំ​ក្រុម Cambodia All Stars ជា​លើក​ដំបូង​ត្រៀម​ស្វាគមន៍ Muangthong United លើក​នេះ ព្រោះ​ក្រុម​លីក​កំពូល​របស់​ថៃ​មួយ​នេះ​មាន​គម្លាត​ឆ្ងាយ​ពី​យើង​ដែរ ប៉ុន្តែ​ការធ្វើ​បែប​នេះ​គឺជា​ទស្សនៈ និង​ការយល់ឃើញ​របស់​គាត់​ផ្ទាល់ ដើម្បី​ប្រយោជន៍​ដល់​កីឡាករ​ខ្មែរ​។

លោក ភា សុភ័ក្ត្រា បាន​បញ្ជាក់​ថា​៖ «​ជា​ទស្សនៈ និង​ការយល់​ឃើញ​របស់​ខ្ញុំ​គឺ​យើង​គួរតែ​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ខ្មែរ​បាន​ច្រើន​ជាង​កីឡាករ​បរទេស ហើយ​ខ្ញុំ​នឹង​និយាយ​ជាមួយ​កីឡាករ​ខ្មែរ​យើង​ថា​នេះ​ជា​ការប្រកួត​ដើម្បី​បង្ហាញ​នូវ​ទម្រង់​លេង និង​សមត្ថភាព​របស់​ពួកគាត់​ព្រោះ​មិនមែន​មាន​តែ​ភ្នែក​អ្នកទស្សនា​ក្នុងស្រុក​ទេ តែ​អាច​មាន​អ្នក​តំណាង​ក្លិប​មកពី​ក្រៅ​ប្រទេស​តាម​មក​មើល​ដែរ អ៊ីចឹង​គេ​អាច​ឃើញ​កីឡាករ​ខ្មែរ និង​អាច​ទាក់ទង​យក​គាត់​ទៅ​លេង​នៅ​ក្រៅ​ប្រទេស ហើយ​នេះ​ជា​រឿង​មួយ​ដែល​យើង​ត្រូវតែ​ចូលរួម​ជួយ​លើក​កម្ពស់​ដល់​កីឡាករ​ខ្មែរ​យើង​»​។

សម្រាប់​កីឡាករ​បរទេស​ទាំង​ ៤ ​នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ជាមួយ​ក្រុម Cambodia All Stars លើក​នេះ​រួមមាន​កីឡាករ Private Mbarga ដែល​លេង​ឲ្យ​ក្លិប​អាស៊ី​អឺរ៉ុប​កាលពី​រដូវកាល​មុន Anderson Zogbe របស់​ណាហ្គាវើល Mohamed Hamza Allam របស់​ក្រសួង​ការពារ​ជាតិ និង Sugiyama Joichiro ដែល​លេង​ឲ្យ​អង្គរថាយហ្គឺរ​នៅ​រដូវកាល​ឆ្នាំ​ ២០១៨​។

បើ​តាម​លោក ភា សុភ័ក្ត្រា បាន​ឲ្យ​ដឹង​ថា​ក្រុម Cambodia All Stars ទាំង​ ២៥ ​នាក់​នេះ​គ្រោង​នឹង​ចាប់ផ្តើម​ហ្វឹកហាត់​នៅ​ព្រឹក​ថ្ងៃទី​ ៤ ខែ​កុម្ភៈ​ហើយ​នៅ​ថ្ងៃទី​ ៦ ខែ​កុម្ភៈ ពួកគេ​ត្រូវ​ប្រកួត​ដកស្រង់​បច្ចេកទេស​ជាមួយ​ក្រុម African All Stars បន្ទាប់មក​ក្រុម​មួយ​នេះ​នឹង​ត្រូវ​ហ្វឹកហាត់ ហូកចុក និង​ស្នាក់នៅ​ជុំគ្នា រហូត​ដល់​ថ្ងៃ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម Muangthong United តែ​ម្តង​៕