ក្រុងស៊ីដនីៈ លោក David Campese អតីត​កីឡាករ​បាល់ឱប​អូស្ត្រាលី​ដ៏ឆ្នើម​ម្នាក់​បាន​សម្ដែង​ការខកចិត្ត​ចំពោះ​ការមិន​បាន​ជាប់​ក្នុង​បញ្ជី​បេក្ខជន​សម្រាប់​តំណែង​គ្រូបង្វឹក​បាល់​ឱប​ក្លិប NSW Waratahs ដោយសារ​ «​គ្មាន​បទពិសោធ​គ្រប់គ្រាន់​»​។

កីឡាករ Campese ជា​កីឡាករ​ឆ្នើម​ម្នាក់​ដែល​តែងតែ​រកបាន​គ្រាប់​បាល់​គ្រប់ពេល​នោះបាន​និយាយ​តាម​ប្រព័ន្ធ Facebook ថា​គាត់​ត្រូវបាន​គេ​បដិសេធ​មិន​ទទួល​យក​ជា​បេក្ខជន​ ដើម្បី​ដឹកនាំ​បន្ត​ពី​លោក Daryl Gibson អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នូវែលសេឡង់ All Black​។

លោក Campese បាន​សរសេរ​ពី​យប់​ថ្ងៃ​ពុធ​ថា​៖ «​ខ្ញុំ​បាន​ទទួល​ការហៅ​ទូរស័ព្ទ​ដែល​និយាយ​ថា ខ្ញុំ​មិនបាន​ឈាន​ទៅ​ដល់​បេក្ខជន​ចុងក្រោយ​ ២ ​នាក់​សម្រាប់​តំណែង​គ្រូបង្វឹក​នៅ​ក្លិប Waratahs ទេ​»​។

អតីត​កីឡាករ​បាល់ឱប​រូបនេះ​បាន​បន្ថែម​ថា​៖ «​ហេតុផល​របស់​ពួកគេ​គឺថា ខ្ញុំ​គ្មាន​បទពិសោធ​គ្រប់គ្រាន់​ក្នុង​ការធ្វើ​ជា​គ្រូបង្វឹក​នោះឡើយ​»​។

លោក Campese បាន​បន្ថែម​ថា​៖ «​វា​ហាក់​ដូចថា បទពិសោធ​របស់​ខ្ញុំ​ជា​កីឡាករ​អន្តរជាតិ និង​គ្រូបង្វឹក​នៅ​គ្រប់​កម្រិត​នៃ​កីឡា​បាល់ឱប​កម្រិត​អន្តរជាតិ កម្រិត Super 15 និង​កម្រិត​មូលដ្ឋាន​ក្នុង​រយៈពេល​ ៤០ ​ឆ្នាំ​មក​នេះ​គឺ​មិន​គ្រប់គ្រាន់​ទាល់តែ​សោះ​»​។

លោក Gibson បាន​លាឈប់​ជា​គ្រូបង្វឹក​នៅ​ក្លិប​ដែល​លេង​នៅ​ក្របខ័ណ្ឌ​បាល់ឱប Super Rugby កាលពី​ខែ​មិថុនា​ពោល​គឺ​មុនពេល​បញ្ចប់​កុងត្រា​របស់គាត់​ ១ ​ឆ្នាំ​ក្រោយពី​មាន​រដូវកាល​មួយ​ពោរពេញ​ដោយ​បញ្ហា​ជាច្រើន​ជុំវិញ​ការបណ្ដេញ​កីឡាករ Israel Folau និង​បញ្ហា​ជាមួយ​សហព័ន្ធ​បាល់ឱប​អូស្ត្រាលី​ផង​ដែរ​។

កាសែត Sydney Morning Herald បាន​និយាយ​ថា​គ្រូបង្វឹក​ក្លិប NSW Rugby លោក Andrew Hore ត្រូវគេ​ជឿថា​កំពុង​ស្ថិតនៅ​ប្រទេស​ជប៉ុន​ថ្មីៗ​នេះ​ដើម្បី​សម្ភាស​បេក្ខជន​ដែលមាន​សក្តានុពល​សម្រាប់​តំណែង​ទំនេរ​មួយ​នេះ​។

លោក Campese មាន​អារម្មណ៍​ថា គាត់​បាន​ស្នើសុំ​ជាច្រើន​ដោយ​និយាយថា​៖ «​សំណើរ​របស់ខ្ញុំ​ចំពោះ​ក្លិប NSW Rugby គឺ​សូម​ឲ្យ​កែប្រែ​ប្រព័ន្ធ​ហ្វឹកហាត់​បច្ចុប្បន្ន និង​បណ្ដាក់ទុន​លើ​ប្រព័ន្ធ​ថ្មី​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​កម្រិត​កំពូល​រហូតដល់​កម្រិត​មូលដ្ឋាន​»​។

លោក Campese បាន​បញ្ជាក់​ថា​៖ «​តើ​អ្នក​រំពឹង​ថា​នឹង​ផលិត​បាន​កីឡាករ​ដែល​មាន​ទេពកោសល្យ​ដោយ​គ្មាន​ការបណ្ដាក់ទុន​ក្នុង​ប្រព័ន្ធ​ទាំងនេះ​យ៉ាង​ដូចម្ដេច​?»​។

អតីត​កីឡាករ​បាល់ឱប​រូបនេះ​បាន​បន្ត​ថា​៖ «​ខ្ញុំ​បាន​សុំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ទម្រង់​លេង​ដែល​មាន​លក្ខណៈ​នាំមក​នូវ​ជ័យជម្នះ​តាមរយៈ​ប្រព័ន្ធ​ហ្វឹកហាត់​ថ្មី​ដែល​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ប្រយុទ្ធ រត់ និង​ហ៊ាន​ទទួល​យក​ហានិភ័យ​»​។

ក្លិប NSW Rugby បាន​ព្យាយាម​យ៉ាង​ខ្លាំង​កាលពី​រដូវកាល​មុន​ ប៉ុន្តែ​នៅ​តែ​បាន​ចំណាត់ថ្នាក់​ទី​ ១២ ​នៅក្នុង​ចំណោម​ ១៥ ​ក្រុម​៕ SN