ភ្នំពេញ៖ ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ ​២០២៣ ហៅ​កាត់​ថា​ CAMSOC បាន​សម្រេច​ក្នុង​អង្គ​ប្រជុំ​​កាល​ពី​សប្តាហ៍​មុន ដើម្បី​ពង្រឹង​ និង​ជំរុញ​​ឱ្យ​គណៈកម្មការ​​ជំនាញ​ជួបជុំ​ពិភាក្សា​គ្នា​ លើ​ការ​ត្រៀម​រៀបចំ​មហាសន្និបាត និង​សិក្ខាសាលា​ថ្នាក់​ជាតិ ដែល​ត្រូវ​​ធ្វើ​​នៅ​ថ្ងៃ​ចន្ទ​នេះ។​

កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍ ដែល​បាន​ធ្វើ​កាល​ពី​ថ្ងៃទី ​១២ ខែ​មករា កន្លង​មក​នេះ គឺ​ដើម្បី​ប្រសិទ្ធភាព​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២​ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ​ឆ្នាំ ​២០២៣​ ព្រម​ទាំង​​ផ្តោត​ទៅ​លើ​ការ​​ត្រួត​ពិនិត្យ​​មើល​លើ​ឯកសារ​នៃ​នីតិ​វិធី​ និង​សកម្មភាព ​ដើម្បី​ឈាន​ទៅ​អនុវត្ត​តាម​វិធានការ​ជំនាញ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ ​១៩​។

ចំណែក​មហាសន្និបាត និង​សិក្ខាសាលា​ថ្នាក់​ជាតិ នឹង​​មាន​ការ​ចូលរួម​ពី​ផ្នែក​បរិស្ថាន ​នគរបាល​ជាតិ ក្នុង​ការ​កាត់​បន្ថយ​ឥទ្ធិពល​គ្រឿង​ញៀន​ចរាចរណ៍ សណ្តាប់​ធ្នាប់​អនាម័យ​ជាដើម ​ដែល​អ្នក​ជំនាញ​ទាំង​នោះ​ នឹង​ធ្វើ​បទ​បង្ហាញ​​ជូន​ដល់​មតិ​ជាតិ​ និង​អន្តរជាតិ ​ស្តីពី​ការ​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ជា​ប្រវត្តិសាស្ត្រ​​​របស់​កម្ពុជា​​នេះ។​

យ៉ាង​ណា​ក៏​ដោយ មហាសន្និបាត​នេះ ​​បាន​កំណត់​ឲ្យ​មាន​​អ្នក​ចូលរួម​​ត្រឹម ​២០០ ​នាក់​ចុះ​ក្រោម ​ហើយ​សន្និបាត​នេះ នឹង​បង្ហាញ​ពី​ការ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ​២០២០ និង​លើក​ទិសដៅ​​ ឆ្នាំ ២០២១ ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ ដែល​គណៈកម្មការ​ជំនាញ​របស់​ខ្លួន​នីមួយៗ​ជួប​ប្រទះ រីឯ​សិក្ខាសាលា​ថ្នាក់​ជាតិ​វិញ​ នឹង​ផ្តោត​សំខាន់​ទៅ​លើ​យុទ្ធនាការ​ជាតិ​ឆ្ពោះ​ទៅ​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ ​២០២៣​។

លោក ​វ៉ាត់ ​ចំរើន​ ​អគ្គ​លេខាធិការ​ CAMSOC បាន​​លើក​ឡើង​ថា​ នៅ​ក្នុង​មហា​សន្និបាត​​នេះ CAMSOC ​នឹង​ធ្វើ​របាយការណ៍​លម្អិត​ជូន​ទៅ​ដល់​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី ​និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ ដើម្បី​បង្ហាញ​ជូន​នូវ​វឌ្ឍនភាព​ការងារ និង​ការ​ត្រៀម​ខ្លួន​របស់​យើង​ ហើយ​​​របាយការណ៍​វឌ្ឍនភាព​ការងារ​នេះ​ គឺ​ការ​ស្វែងរក​ការ​គាំទ្រ​មួយ​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ​ ដែល​អាច​ចាត់​ទុក​ជា​ប្រវត្តិសាស្ត្រ​ ​ព្រោះ​យើង​មិន​ធ្លាប់​បាន​ធ្វើ​។​

លោក​បាន​បន្ត​ថា​៖ ​«នៅ​ក្នុង​មហាសនិ្នបាត និង​សិក្ខាសាលា​ថ្នាក់​ជាតិ​​នា​ថ្ងៃទី ​១៨ ខែ​មករា​​ដែល​គ្រោង​ធ្វើ​​ក្នុង​រយៈពេល ​៥ ​ម៉ោង​នេះ​ នឹង​ជួយ​ជំរុញ​បន្ថែម​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ និង​សុំ​​នូវ​គោល​ការ​ណែនាំ​បន្ថែម​ពី​សម្តេច​​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ និង​ជា​ប្រធាន CAMSOC ដែល​ឆ្នាំ ​២០២១ គឺ​ជា​ឆ្នាំ​កំណត់​នូវ​ពេល​វេលា​ចាប់​ផ្តើម ដើម្បី​​ឆ្ពោះ​ទៅ​ស៊ីហ្គេម ​និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ ​២០២៣​»។

អ្នក​ជំនាញ​កីឡា​រូប​នេះ បាន​បន្ថែម​ថា គណៈកម្មការ​ជំនាញ​ទាំង​អស់​នឹង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ការងារ​ចាប់​ពី​ឆ្នាំ ​២០២១ នេះ​ ហើយ​ក្នុង​ឆ្នាំ ​២០២២ ​​គឺ​ជា​ឆ្នាំ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​រួច​រាល់​ តាមរយៈ​ការ​ប្រកួត​មុន​ស៊ីហ្គេម ​ឬ​ហៅ​ថា Pre-SEA Games ចំណែក​ឆ្នាំ ​២០២៣ គឺ​ជា​ឆ្នាំ​ស៊ីហ្គេម​តែ​ម្តង ដែល​ទាំង​អស់​នេះ​ ​គឺ​ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​យើង​ ដោយ​មាន​ភាព​ច្បាស់លាស់​ស្រប​តាម​ផែនការ​មេ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល CAMSOC ត្រូវ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ​២០១៦​។​

លោក​បណ្ឌិត ​ថោង​ ខុន​ អនុ​ប្រធាន​អចិន្រៃ្តយ៍ CAMSOC ​និង​ជា​ប្រធាន ​NOCC​ បាន​​លើក​ឡើង​ថា​៖​ «អ្វី​ដែល​សំខាន់​នៅ​ក្នុង​ដំណាក់​កាល​នីមួយៗ​ គឺ​គ្រប់​កិច្ច​ការងារ​ទាំង​អស់​ត្រូវ​បាន​ត្រួត​ពិនិត្យ​​តាម​ដាន​ វាយ​តម្លៃ​យ៉ាង​ហ្មត់​ចត់​ ពី​គណៈកម្មាធិការ​របស់​ CAMSOC​ ​ហើយ​បេសកកម្ម​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព និង​វឌ្ឍនភាព​ច្បាស់លាស់​ ដែល​ជា​ក្តី​សង្ឃឹម​នៃ​ភាព​ជោគជ័យ​​របស់​​កម្ពុជា​នា​ឆ្នាំ ​២០២៣​»៕​