ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានឯកភាពគ្នានឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយពីយុទ្ធនាការស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ ឱ្យបានដល់ទូទាំងប្រទេស ហើយ CAMSOC ក៏មានគម្រោងពង្រីកវិសាលភាពនៃគណៈកម្មការទីផ្សារ និងចលនូបត្ថម្ភ ដើម្បីរកចំណូលមកទ្រទ្រង់ដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះផងដែរ។
នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារ លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្រៃ្តយ៍ CAMSOC បានលើកយករបៀបវារៈទាំង ២ នេះ មកពិភាក្សាគ្នា ទី១ គឺការរៀបចំសិក្ខាសាលាថ្នាក់ជាតិអប់រំសង្គម និងបើកយុទ្ធនាការផ្សេងៗទៀតក្នុងគោលដៅបញ្ជ្រាបការផ្សព្វផ្សាយអប់រំឱ្យបានកាន់ទូលំទូលាយ ជុំវិញផែនការឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា។
ចំណែកទី២ គឺពិនិត្យលើយន្តការនៃការស្វែងរកធនធានជួយដល់ព្រឹត្តិការណ៍នេះ តាមរយៈការរកចំណូលបន្ថែមនៃទីផ្សារកីឡា និងការស្វែងរកចលនូបត្ថម្ភ (ស្វែងរកម្ចាស់ឧបត្ថម្ភ) ហើយ លោក ថោង ខុន បានឯកភាពចំពោះគម្រោង និងសមាសភាពបន្ថែមរបស់គណៈកម្មការទីផ្សារ និងចលនូបត្ថម្ភ ដោយនឹងស្វែងរកអ្នកជំនាញពីក្រៅប្រទេស មកជួយដល់គណៈកម្មការជំនាញនេះ។
ចំពោះការរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដែលគ្រោងធ្វើថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០ នៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែង ក្រោយកិច្ចប្រជុំនោះថា៖ «ការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះបើយើងមិនរៀបចំទេ យើងមិនទទួលបាននូវធាតុចូល និងមិនទទួលបាននូវការចាប់ផ្តើមមួយទូទាំងប្រទេសនោះទេ ដូច្នេះសិក្ខាសាលានេះ នឹងធ្វើឱ្យយុទ្ធនាការទាំងអស់របស់យើង បញ្ជ្រាបទៅដល់ទូទាំងប្រទេស»។
ជាមួយគ្នានោះ លោកបណ្ឌិត ថោង ខុន បានដឹកនាំ ដើម្បីប្រើប្រាស់យន្តការនានា ដែលត្រូវធ្វើក្នុងអំឡុងយុទ្ធនាការអប់រំសង្គម ប្រជាជនម្នាក់លេងកីឡា ១ មុខ កម្ពុជាស្អាត បដិសណ្ឋាកិច្ចល្អ ការកាត់បន្ថយគ្រឿងញៀន និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយភាគីពាក់ព័ន្ធទាំងអស់កំណត់រួមគ្នាថា ជាយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ហើយភាគីពាក់ព័ន្ធមានតំណាងក្រសួងបរិស្ថាន និងនគរបាលជាតិ សុទ្ធតែយល់ច្បាស់ពីគោលដៅ និងខ្លឹមសារសិក្ខាសាលាថ្នាក់ជាតិនេះ។
យ៉ាងណាក៏ដោយ សិក្ខាសាលាថ្នាក់ជាតិនេះ នឹងអនុវត្តនូវវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល ដោយប្រមូលផ្តុំគ្នាត្រឹម ២០០ ទៅ ៣០០ នាក់ទេ ហើយអ្នកចូលរួមទាំងនោះ គឺជាមនុស្សគន្លឹះ ដែលជាអាជ្ញាធរ អភិបាលទាំង ២៥ រាជធានី-ខេត្ត សហព័ន្ធកីឡាជាតិ អង្គការកីឡាជាតិ និងអន្តរជាតិ ព្រមទាំងមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរទេសចរណ៍រាជធានីខេត្ត ដែលជាភ្នាក់ងារផ្សព្វផ្សាយ បញ្ជ្រាបចំណេះដឹងបន្តជូនទៅដល់មូលដ្ឋានរបស់ខ្លួន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
លោក វ៉ាត់ ចំរើន បន្ថែមថា៖ «ការប្រកួតកីឡាស៊ីហ្គេម ហេតុអ្វីត្រូវរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយបរិស្ថានកម្ពុជាស្អាត កាត់បន្ថយគ្រឿងញៀន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះដែរ? ព្រោះបញ្ហានេះ ជាគោលការណ៍របស់អន្តរជាតិ ដែលម្ចាស់ផ្ទះត្រូវតែស្អាតស្អំ មានឥរិយាបថល្អក្នុងការទទួលស្វាគមន៍ប្រតិភូក៏ដូចជាមានកេរ្តិ៍ឈ្មោះល្អផងដែរ ដ្បិតអីម្ចាស់ផ្ទះ ក៏មានឱកាសផ្សព្វផ្សាយពីវិស័យនានាបន្ថែម ក្រៅពីកីឡាផងដែរ ដើម្បីឱ្យអន្តរជាតិមើលឃើញពីភាពល្អ ហើយយើងនឹងទទួលបានភាពជោគជ័យនយោបាយ ការទូត សេដ្ឋកិច្ច សង្គមរបស់យើង ព្រោះការរៀបចំព្រឹត្តិការណ៍ធំៗបែបនេះ គឺជាឱកាសក្នុងការស្រូបទាញឱ្យមានការគាំទ្រពីលើឆាកអន្តរជាតិ»៕