ភ្នំពេញៈ ក្រុម Chelsea បាន​កត់ត្រា​នូវ​ជ័យជម្នះ​លើ​ក្រុម Manchester United ដោយ​ការ​ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ ដើម្បី​លើក​ពាន​របស់​អង់គ្លេស FA Cup ប៉ុន្តែ​ក្រុម​ខ្លាំង Bayern munich មិន​អាច​បន្ថែម​កំណត់​ត្រា​ឈ្នះ​ពាន​លំដាប់​ទី ២ របស់​អាល្លឺម៉ង់ DFB-Pokal ឬ German Cup បាន​នោះ​ទេ ខណៈ​ពួកគេ​បាន​ចាញ់​ក្រោម​ស្នាដៃ​ក្រុម Eintracht Frankfurt ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ។

តាមរយៈ​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន Wembley ក្នុង​ទីក្រុង London កាល​ពី​យប់​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ ក្រុម Chelsea បាន​យក​ឈ្នះ​ក្រុម Man United ទាំង​លំបាក​បំផុត គឺ​តាមរយៈ​ការ​ទទួល​បាន​បាល់​ពិន័យ ១១ ម៉ែត្រ បន្ទាប់​ពី​ខ្សែ​ការពារ Phile Jones បាន​ធ្វើ​ឲ្យ Eden Hazard ដួល​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​នោះ។

ខ្សែបម្រើ Eden Hazard ជា​អ្នក​ស៊ុត​បាល់​ពិន័យ​នេះ​បាន​សម្រេច នៅ​នាទី​ទី ២២ ដើម្បី​ជួយ​ឲ្យ​ក្រុម Chelsea លើក​ពាន FA Cup ជា​លើក​ទី ៨ ក្រោយ​ពី​ពួកគេ បាន​ខកខាន​លើក​ពាន​លំដាប់​ទី ២ របស់​អង់គ្លេស​មួយ​នេះ​អស់​រយៈពេល ៥ ឆ្នាំ គឺ​បន្ទាប់​ពី​ក្រុម​នេះ បាន​ចាញ់​ក្រុម Liverpool ២-១ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំ ២០១២ ហើយ Chelsea បាន​ឈ្នះ​ពាន FA Cup ជា​លើក​ដំបូង នៅ​ឆ្នាំ ១៩៧០ រួច​បន្ត​លើក​ពាន​មួយ​នេះ​នៅ​ឆ្នាំ ១៩៩៧, ២០០០, ២០០៧, ២០០៩, ២០១០, ២០១២ និង​នៅ​ឆ្នាំ ២០១៨ នេះ។

យ៉ាងណាមិញ​ក្រុម Man United នៅតែ​ជា​ក្រុម​ដែលមាន​កំណត់ត្រា បាន​លើក​ពាន FA Cup ច្រើន​ជាង​ក្រុម Chelsea ដដែល បើ​ទោះបី​ជា​ពួកគេ​បាន​ចាញ់​លើក​នេះ​ក៏ដោយ។

តាម​កំណត់ត្រា​ប្រកួត​កន្លងមក Man United ធ្លាប់បាន​លើក​ពាន FA Cup ចំនួន ១២ លើក​មក​ហើយ ក្នុង​នោះ​ពួកគេ​បាន​ឈ្នះ​ពាន​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ ១៩០៩ រួច​បន្ត​ឈ្នះ​នៅ​ឆ្នាំ ១៩៤៨, ១៩៦៣, ១៩៧៧, ១៩៨៣, ១៩៨៥, ១៩៩០, ១៩៩៤, ១៩៩៦, ១៩៩៩, ២០០៤ និង​ចុង​ក្រោយ​នៅ​ឆ្នាំ ២០១៦ បន្ទាប់​ពី Man United បាន​ឈ្នះ​ក្រុម Crytal Palace ២-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ។

Bayern បាត់​ឱកាស​លើក​ពាន​ក្រោយ​ចាញ់ Frankfurt

ដោយឡែក​ក្រុម Bayern munich បាន​បាត់បង់​ឱកាស​លើក​ពាន German Cup 2018 ដ៏​មិនគួរ​ឲ្យ​ចង់​ជឿ ប៉ុន្តែ​ហេតុ​ការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើត​មាន​ឡើង នៅ​ពហុ​កីឡដ្ឋាន Olympiastadion ក្នុង​ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់ គឺ​បន្ទាប់​ពី Bayern បាន​ចាញ់​ក្រុម Eintracht Frankfurt ៣-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។

ខ្សែបម្រើ​ក្រូអាត Ante Rebic បាន​ក្លាយជា​វីរៈបុរស ដែល​បាន​ជួយ​ឲ្យ​ក្រុម Eintracht Frankfurt លើក​ពាន German Cup លើក​នេះ ដោយ​រូបគេ​រក​បាន ២ គ្រាប់​តែ​ម្នាក់​ឯង នៅ​នាទី​ទី ១១ និង​ទី ៨២ មុន​ពេល​មិត្ត​រួម​ក្រុម​របស់​គេ Gacinovic បាន​បន្ថែម ១ គ្រាប់​ទៀត នៅ​នាទី​ទី​បន្ថែម ៩០+៦។ រីឯ ១ គ្រាប់​របស់ Bayern រក​បាន​ដោយ​កីឡាករ Lewandowski នៅ​នាទី​ទី ៥៣។

ការ​ផ្តួល​ក្រុម Bayern ដើម្បី​លើក German Cup ជា​លើក​ទី ៥ នេះ បាន​ក្លាយជា​កាដូ​ដ៏​ពិសេស​មួយ​សម្រាប់​ស្អំ​បេះដូង​ដល់​អ្នក​គាំទ្រ និង​ក្រុម Eintracht Frankurt ទាំង​មូល ចំពោះ​ការ​ខក​ចិត្ត កាល​ពី​ឆ្នាំ ២០១៧ ដោយ ពួកគេ​បាន​ចាញ់​ក្រុម Borussia Dortmand ២-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។

តាម​លទ្ធផល​នោះ បាន​ធ្វើ​ឲ្យ ក្រុម មួយ​នេះ ទទួល​បាន​លេខ ២ ក្នុង​ពាន German Cup នេះ​ចំនួន ៣ ដង បន្ថែម​ទៅ​លើ​ការ​លើក​ពាន​បាន ៥ ដង គឺ​នៅ​ឆ្នាំ ១៩៧៤, ១៩៧៥, ១៩៨១, ១៩៨៨ និង​នៅ​ឆ្នាំ ២០១៨ នេះ៕