ក្រុង​ឡុងដ៍​៖ ក្រុម Leicester City មាន​ពេល​តិច​តួច​ណាស់ ក្នុង​ការ​ធ្វើ​ពិធីឆ្លង​អប​អរ​នឹង​ជោគ​ជ័យ​នៃ​ការ​ឈ្នះ​ពាន FA Cup ជា​លើក​ដំបូង​របស់​ខ្លួន ខណៈ​ពួក​គេ ​ត្រូវ​ប្រឈម​ជាមួយ​នឹង​ក្រុម​តោ​ខៀវ Chelsea នៅ​ថ្ងៃ​អង្គារនេះ ក្នុង​ជំនួប​ដ៏​សំខាន់​បំផុត នៅ​ក្របខ័ណ្ឌ Premier League ពោល​គឺ​អាច​ជា​ប្រកួត​កាត់​ក្ដី​ ក្នុង​ការ​បាន​សិទ្ធិ​ទៅ​លេង​នៅ​ក្របខ័ណ្ឌ Champions League រដូវកាល​ក្រោយ​។

ក្រុមកញ្ជ្រោង​ខៀវ កំពុង​ស្ថិត​ក្នុង​ទីតាំង ដែល​​ចូលរួម​​ជាមួយក្រុម ​ដែល​មានសិទ្ធិ​រួច​ហើយ​ គឺ Manchester City និង Manchester United ក្នុង​ការ​បាន​ទៅ​ប្រកួត​ប្រជែង ក្នុង​កម្មវិធី​របស់​ក្លិប​ធំ​ៗ នៅ​អឺរ៉ុប ខណៈ​ពួក​គេ​ឈរ​នៅ​លេខ ៣ ក្នុង​តារាង​ ជាមួយ​នឹង​ការ​ប្រកួត​នៅសល់​ ២ ​ហ្គេម​ទៀត​។​

ប៉ុន្តែ​ក្រុម​ Chelsea និង​ក្រុម​ហង្សក្រហម Liverpool ដឹង​ថា ជ័យ​ជម្នះពី​ការ​ប្រកួត ២​លើក​ចុង​ក្រោយ​នេះ នឹង​ទំនង​ជា​គ្រប់​គ្រាន់ ​សម្រាប់​ក្រុម​ទាំង​ ២ ក្នុង​ការ​ឡើង​ទៅ​នៅ​ពី​លើ​ក្រុម Leicester City ​របស់​លោក​ Brendan Rodgers ក្នុងចំណោមក្រុម​ទី​កំពូល​ទាំង ៤ (Top4)។

ក្រុម Leicester កំពុង​នាំ​មុខ​ក្រុម​តោខៀវ ២​ ពិន្ទុ និង ៣ ​ពិន្ទុ​ លើ​ក្រុម​ហង្ស​ក្រហម តែ​​ប្រឈម​នឹង​ការ​ប្រកួត​ដ៏​តឹង​តែង ជាមួយ​ក្រុម Tottenham Hotspur នៅ​ថ្ងៃ​អាទិត្យ ក្រោយពី​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន Stamford Bridge រួច​ហើយ​។

ទោះ​បី​ជា​មាន​ការ​ខក​ចិត្ត​នឹង​ការ​បាត់​បង់​ពាន​រង្វាន់​ទី១ ក្នុង​វិស័យ​បាល់​ទាត់​នៅ​អង់គ្លេស អ្នក​ចាត់​ការ​របស់​ក្រុម Chelsea លោក Thomas Tuchel មិន​មាន​ភាព​​ខ្មាស​អៀន​ក្នុង​ការ​លើក​ឡើង​ថា ការ​ប្រកួត​នៅ​ថ្ងៃ​អង្គារ​នេះ មាន​សារៈសំខាន់​ជាង​ការ​ប្រកួត​ដណ្ដើម​ពាន​កាល​ពី​ថ្ងៃ​សៅរ៍​ទៀត ក្នុង​បរិបទ​របស់​ក្រុម​គាត់នារដូវកាល​នេះ​។

លោក Tuchel បាន​ថ្លែង​ថា​៖ «នៅ​ពេល​ខ្ញុំ​ឈាន​ជើង​ចូល​ក្នុង​ក្លិប​នេះ កាតព្វកិច្ច​ គឺ​ត្រូវប្រឹង​ប្រឹង​​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​ឱ្យ​បាន​ឈរ​ក្នុង​តំណែង Top4 មិន​មែន​ប្រឹង​ប្រែង ដើម្បី​ឈ្នះ​ពាន FA Cup នោះ​ទេ​»​។

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់បន្ត​ថា​៖ «​ព្រោះ​ពាន FA Cup ទោះ​ជា​ធំ​ប៉ុន​ណាក៏​ដោយ ក៏​មិនបាន​ធ្វើ​ឱ្យ​អ្នក​មាន​សិទ្ធិ​ទៅ​លេង​នៅ Champions League នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ ការ​បញ្ចប់​នៅ​​​ Top4 ទេ ដែល​នាំ​ពួកយើង​ទៅ​ទី​នោះ​ ដូច្នេះ ការ​ប្រកួត​នេះ គឺ​ជា​ហ្គេម​ដ៏​ធំ​មួយ​ផ្សេង​ទៀត​»​៕ AFP/VN