ភ្នំពេញ៖ ​ស្ថានីយ​ទូរសទស្សន៍ CNC បាន​ឈាន​ដល់​ការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រដាល់​ថ្មី​មួយ​ទៀត នៅ​លើ​សង្វៀន​របស់​ខ្លួន ឈ្មោះ​ថា ប្រដាល់​ជើងឯក​អន្តរជាតិ «គុន​ខ្មែរ​អធិរាជ​កម្លាំង​រេដអាន» បន្ទាប់​ពី​ម្ចាស់​សង្វៀន​មួយ​នេះ បាន​ទទួល​ការ​ទុក​ចិត្ត ពី​ម្ចាស់​ឧបត្ថម្ភ​ធំ​ថ្មី​មួយ​ទៀត គឺ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​រេដអាន។

ការ​ប្រកួត​គុន​ខ្មែរ​អធិរាជ​កម្លាំង​រេដអាន ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ CNC កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ព្រឹត្តិការណ៍​នេះ នឹង​ចាប់​ផ្តើម​បើក​សករាជ​ថ្មី​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​អាទិត្យ​នេះ ចន្លោះ​ពី​ព្រឹក​ម៉ោង ​៨ ដល់​ម៉ោង ​១០:៣០ ហើយ​​ទាំង CNC ព្រម​ទាំង​ម្ចាស់​ឧបត្ថម្ភ និង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ចាត់​ទុក​ថា ​ព្រឹត្តិការណ៍​ប្រដាល់​ថ្មី​នេះ នឹង​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើក​ស្ទួយ​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​ឲ្យ​កាន់​តែ​មាន​ភាព​ល្បី​ល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ។

លោក នាង វាសនា តំណាង​ក្រុមហ៊ុន​ភេសជ្ជៈ​រេដអាន បាន​ថ្លែង​ថា៖ ​«​ព្រឹត្តិការណ៍ គុន​ខ្មែរ​អធិរាជ​កម្លាំង​រេដអាន ជា​កម្មវិធី​ប្រដាល់​ដែល​រេដអាន បាន​រៀបចំ​ដំបូង​នៅ​ CNC ហើយ​យើង​ពិត​ជា​មាន​មោទនភាព​ដ៏​ក្រៃលែង​ដែល​បាន​រួម​ចំណែក​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ក្នុង​ការ​បន្ត​បេសកកម្ម​លើក​ស្ទួយ​កីឡាគុន​ខ្មែរ​យើង​ឲ្យ​កាន់​តែ​លេច​ធ្លោ​ថែម​ទៀត នៅ​លើ​ឆាក​អន្តរជាតិ។ ក្រុមហ៊ុន​យើង​មាន​ការ​តាំង​ចិត្ត​ថា នឹង​បន្ត​ចូល​រួម​ចំណែក​ធ្វើ​រឿង​កាន់​តែ​អស្ចារ្យ​ថែម​ទៀត សម្រាប់​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​របស់​យើង នៅ​ក្នុង​ឆ្នាំ​ថ្មី ២០២០ នេះ»។

តាម​ខ្លឹមសារ​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​បាន​ឲ្យ​ដឹង​ថា គុន​ខ្មែរ​អធិរាជ​កម្លាំង​រេដអាន នឹង​មាន​រៀបចំ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន ​២ សប្តាហ៍​សិន​មុន​នឹង​ឈាន​ទៅ​ដល់​ការ​រៀបចំ​ឲ្យ​មាន​​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​រេដអាន​ ក្នុង​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម រវាង​​​កីឡាករ​កម្ពុជា ​៤ ​នាក់ និង​ថៃ ​៤ នាក់ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី ១៥ ខែមីនា។

ចំណែក​ការ​ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​មាន​ការ​ប្រកួត​គូ​ក្នុង​ស្រុក ​៣ ​គូ និង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ​២ ​គូ ដោយ​ក្នុង​នោះ​កីឡាករ​ វង្ស វិឆ័យ ត្រូវ​ជួប​ថៃ Phou Sangyai ក្នុង​ទម្ងន់​ ​៦៩ ​គ.ក្រ ហើយ​ជើង​ខ្លាំង រឿង សោភ័ណ្ឌ ត្រូវ​ប៉ះ​ជនជាតិ​អ៊ីរ៉ង់ Shaho Gheisarian ក្នុង​ទម្ងន់ ​៧១ ​គីឡូក្រាម។

លោក ហួរ រតនៈ ប្រធាន​ទីផ្សារ និង​ជា​តំណាង​របស់ CNC បាន​ថ្លែង​ថា៖ ​«គុន​ខ្មែរ​អធិរាជ​កម្លាំង​រេដអាន ជា​កម្មវិធី​​ប្រកួត​ថ្មី​មួយ​ទៀត សម្រាប់​ពួក​យើង​ទាំង​អស់​គ្នា ក្នុង​ឆ្នាំ ​២០២០ ​នេះ ដែល CNC និង RED ANT ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ដោយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​បង្កើត​ឡើង គឺ​ពួក​យើង​បាន​កំពុង​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ទិសដៅ​លើក​ស្ទួយ ក៏​ដូចជា​អភិវឌ្ឍ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​កាន់​តែ​រីក​ចម្រើន និង​ពង្រីក​មុខ​មាត់​ថែម​ទៀត​លើ​ឆាក​អន្តរជាតិ»។

ចំណែក​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ជំរុញ​ឲ្យ​មន្រ្តី​គណៈកម្មការ​របស់​​លោក​ត្រូវ​ធ្វើ​ការ​ឲ្យ​បាន​ហ្មត់ចត់ ពិសេស​ត្រូវ​បំពេញ​​ការងារ និង​កាត់​សេចក្តី​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ គឺ​មិន​ត្រូវ​មាន​ការ​ប្រកាន់​បក្ខ​ពួក​និយម​ជា​ដាច់​ខាត ដើម្បី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រដាល់​ថ្មី​នេះ ដំណើរការ​ទៅ​បាន​រលូន និង​ទទួល​បាន​ជោគជ័យ​ដោយ​មាន​អ្នក​គាំទ្រ​ច្រើន៕