ក្រុង Madrid: កាសែតអេស្ប៉ាញមួយបានរាយការណ៍ពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធ Diego Costa នៅក្លិប Atletico Madrid បានយល់ព្រមបង់ប្រាក់ចំនួន ១,៧ លានអឺរ៉ូ ស្មើ ១,៩ លានដុល្លារអាមេរិក ទៅឲ្យទីភ្នាក់ងារពន្ធដារនៅប្រទេស អេស្ប៉ាញ ដែលកំពុងស៊ើបអង្កេតរូបគេពាក់ព័ន្ធនឹងការមិនបានបង់ពន្ធទៅលើសិទ្ធិមុខមាត់ (Image rights)។
ទីភ្នាក់ងារនេះបាននិយាយថា ប្រាក់ចំណូលរបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានមកពីការចុះកុងត្រាផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុន Adidas នៅឆ្នាំ ២០១៤ ភ្លាមៗបន្ទាប់ពីរូបគេបានចេញពីក្លិប Atletico ទៅចូលរួមក្លិប Chelsea នៅឆ្នាំនោះ។
កីឡាករ Costa ជាពលរដ្ឋប្រេស៊ីលកាត់អេស្ប៉ាញរូបនេះបានត្រឡប់ទៅចូលរួមនឹងក្លិប Atletico វិញនៅឆ្នាំ ២០១៨។
កាសែត El Mundo បានរាយការណ៍ថា តាមកិច្ចសន្យាជាមួយការិយាល័យពន្ធដារ នៅប្រទេស អេស្ប៉ាញ កីឡាករ Costa នឹងត្រូវមានទោសចំពោះការគេចវេះមិនបានបង់ពន្ធដែលត្រូវបង់សរុបចំនួន ១,១ លានអឺរ៉ូ។
កាសែតដដែលនេះបានបន្ថែមថា កីឡាកររូបនេះក៏នឹងត្រូវជាប់ពន្ធនាគារ ៦ ខែផងដែរ ប៉ុន្តែអាចស្ថិតនៅក្រៅឃុំបានប្រសិនបើរូបគេយល់ព្រមបង់ប្រាក់ចំនួន ៦០ ម៉ឺនអឺរ៉ូថែមទៀត ហើយកិច្ចព្រមព្រៀងនេះនឹងត្រូវប្រកាសជាផ្លូវការនៅឯតុលាការក្រុង Madrid នៅថ្ងៃទី ៤ ខែ តុលា។
Costa គឺជាកីឡាករបាល់ទាត់ល្បីឈ្មោះក្រោយគេបំផុតដែលបានធ្លាក់ក្នុងកណ្ដាប់ដៃរបស់អាជ្ញាធរពន្ធដារនៅប្រទេស អេស្ប៉ាញ។
កាលពីខែមករាតុលាការប្រទេសនេះក៏បានកាត់ក្ដីឲ្យខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ដោយព្យួរទោសចំពោះការមិនបានបង់ពន្ធដារផងដែរនៅពេលរូបគាត់លេងនៅក្លិប Real Madrid។
ពេលនោះកីឡាករ Ronaldo បានយល់ព្រមបង់ប្រាក់ពិន័យ និងថ្លៃពន្ធសរុបចំនួន ១៨,៨ លានអឺរ៉ូដើម្បីបញ្ចប់រឿងនេះ៕ SN