ក្រុង​ម៉ា្រឌីដ៖ កីឡាករ​ Kevin De Bruyne បាន​នាំ​ជ័យជម្នះ​ឲ្យ​ក្រុម​ Man City យ៉ាង​អស្ចារ្យ​កាល​ពី​រាត្រី​ថ្ងៃ​ពុធ ​ខណៈ​ដែល​ពួក​គេ​បាន​ឈ្នះ​ក្រុម Real Madrid ២-១ នៅ​កីឡដ្ឋាន​ Santiago Bernabeu ដើម្បី​​បោះ ​១ ​ជំហាន​ទៅ​កាន់​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ​ Champions League។​

ក្រុម ​Madrid មើល​ទៅ​ទំនង​ជា​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​នេះ ​ក្រោយ​ពី​កីឡាករ Isco រក​បាន ​១ ​គ្រាប់​នាំ​មុខ​​នៅ​ដើម​តង់​ទី ​២ ​ប៉ុន្តែ​កីឡាករ​​ De Bruyne បាន​បន្ថែម ​១ ​គ្រាប់ ​ដោយ​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ​ យ៉ាង​ល្អ​ក្រោយ​រយៈពេល​ ៥ ​នាទី ​បន្ទាប់​​ពី​កីឡាករ​ Gabriel Jesus បាន​ជួយ​ឲ្យ​ក្រុម​ Man City តាម​ស្មើ​ក្រុម Real ​វិញ​នៅ​នាទី​ទី ​៧៨​។​

នៅ​ពេល​ជិត​បញ្ចប់​ការ​ប្រកួត​នេះ​ កីឡាករ​ Sergio Ramos ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយសារ​​បង្ក​កំហុស​ជា​មួយ​កីឡាករ Jesus ដែល​​ធ្វើ​ឲ្យ​ប្រធាន​ក្រុម​របស់​ក្លិប Real រូប​នេះ​នឹង​ត្រូវ​អវត្ត​មាន​សម្រាប់​ការ​ប្រកួត​ជើង​ទី ​២ ​នៅ​កីឡដ្ឋាន​ Etihad នៅថ្ងៃ​ទី ​១៧ ខែ​មីនា​។​

គ្រាប់​បាល់​ ២ ​គ្រាប់​របស់​ក្រុម Man City​ នៅ​ក្រៅ​ទឹក​ដី​នេះ​នឹង​ធ្វើ​ឲ្យ​​ពួក​គេ​មាន​ទំនុក​ចិត្ត​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​បើ​ទោះ​ជា​​គ្រូ​បង្វឹក​លោក Pep Guardiola​ មិន​ទាន់​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​​ក៏​ដោយ​។​

គ្រូ​បង្វឹក​រូប​នេះ​និយាយ​ថា៖ «​វា​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​។ ប្រសិន​បើ​មាន​ក្រុម​​ណា​​មួយ​ដែល​អាច​ពុះពារ​យក​ឈ្នះ​វិញ​នោះ​ គឺ​មាន​តែ​ក្លិប​ Real Madrid នេះ​ទេ​ព្រោះ​ពួក​គេ​ធ្លាប់​មាន​ប្រវត្តិ ​និង​បទពិសោធ​របស់​ខ្លួន​យ៉ាង​អស្ចារ្យ​​»។​

ចំណែក​គ្រូ​បង្វឹក​ក្រុម Real លោក Zinedine Zidane វិញ​បាន​និយាយ​ថា៖ «​យើង​ដឹង​ពី​ស្ថានភាព​នេះ​ ហើយ​យើង​ត្រូវ​តែ​ទៅ​ទី​នោះ ដើម្បី​យក​ការ​​ឈ្នះ​​ត្រឡប់​មក​វិញ​»។​

ក្រុម Real ឥឡូវ​នេះ​បាន​ឈ្នះ​តែ​ម្ដង​គត់​ក្នុង​ចំណោម​ ៥ ​ប្រកួត​ចុង​ក្រោយ​ ហើយ​ពួក​គេ​នឹង​ត្រូវ​​ប្រកួត​ជាមួយ​ក្រុម Barcelona នៅ​ក្នុង​ក្របខ័ណ្ឌ La Liga នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​។​

លោក Zidane បាន​និយាយ​ថា៖ «​យើង​កំពុង​មាន​ការ​ប្រកួត​មិន​សូវ​​ល្អ​ ប៉ុន្តែ​យើង​ត្រូវ​តែ​ដក​ខ្លួន​យើង​ចេញ​ពី​ស្ថានភាព​មិន​សូវ​ល្អ​នោះ​»។​

ទន្ទឹម​នោះ​ដែរ​ កីឡាករ​ Cristiano Ronaldo មិន​អាច​​រក​បាន​គ្រាប់​បាល់​​ទេ ​ខណៈ​ដែល​កីឡាករ​ Lucas Tousart បាន​នាំ​ជ័យជម្នះ​សម្រាប់​ក្រុម​ Lyon ១-០ ទៅ​លើ​ក្រុម Juventus ក្នុង​ជើង​ទី ​១ ​នៃ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​ក្របខ័ណ្ឌ​ Champions League។​​

ខ្សែ​បម្រើ​Tousart បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​ ៣១​​​ ដើម្បី​ជួយ​ឲ្យ​ក្រុម​ Lyon ការពារ​ការ​នាំ​មុខ​ ១-០ ​នេះ​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Turin ​ប្រទេស ​អ៊ីតាលី ​សម្រាប់​ជើង​ទី ​២​ នៅ​ថ្ងៃទី ​១៧ ខែ​មីនា​។​

គ្រូ​បង្វឹក​ក្រុម Lyon គឺ​លោក Rudi Garcia បាន​និយាយ​ថា​៖ ​«​យើង​មាន​ទម្រង់​លេង​ល្អ​បំផុត​នៅ​តង់​ទី ​១ ​ប៉ុន្តែ​នៅ​តង់​ទី ​២ ​វា​ហាក់​ដូច​ជា​រាងយ៉ាប់​បន្តិច​។ ទោះ​យ៉ាង​ណា ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​អ្វី​ដែល​យើង​ធ្វើ​បាន​សម្រេច​នៅ​ពេល​នេះ​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​បាន​​ប្រាប់​ក្មេង​ៗ​​ទាំង​នេះ​ថា នៅ​ពេល​អ្នក​ប្រកួត​នៅ​ក្នុង​ទឹក​ដី​ក្នុង​ជើង​ទី ​១ ​នេះ​ វា​​សំខាន់​ណាស់​ដែល​យើង​មិន​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​នោះ​ ហើយ​ឥឡូវ​យើង​ត្រូវ​ទៅ​រក​គ្រាប់​បាល់​ថែម​ទៀត​នៅ​ទី​នោះ​។ យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​បាន​ទេ ​ព្រោះ​វា​ទើប​តែ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ប៉ុណ្ណោះ»៕ AFP/SN