ឡុងដ៍៖ ខ្សែបម្រើ Kevin De Bruyne បានទទួលស្គាល់ពីឥទ្ធិពលរបស់លោក Pep Guardiola (Pep) ក្រោយពីបានក្លាយជាកីឡាកររបស់ក្រុម Manchester City ដំបូងគេ ដែលឈ្នះពានកីឡាករល្អជាងគេប្រចាំឆ្នាំពីសមាគមកីឡាករបាល់ទាត់អាជីព (PFA) របស់ប្រទេសអង់គ្លេស។
ស្របពេលពានឯកត្តជនជារបស់ De Bruyne តែសម្រាប់ក្រុមល្អប្រចាំឆ្នាំរបស់ PFA ភាគច្រើន គឺជាកីឡាករមកពីក្រុមម្ចាស់ជើងឯក Premier League គឺ Liverpool ដោយមាន ៥ រូប ខណៈខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុម Manchester United លើកពានកិត្តិយសសប្បុរសធម៌ ដោយសារការជួយប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រកុមារ។
Man City បញ្ចប់រដូវកាល ២០១៩-២០២០ នៅលីកកំពូល ដោយការតាមពីក្រោយ Liverpool ១៨ ពិន្ទុ តែកីឡាករ De Bruyne វ័យ ២៩ ឆ្នាំ ដែលរកបាន ១៣ គ្រាប់ និងបញ្ចូនឲ្យមិត្តរួមក្រុមស៊ុត ២០ គ្រាប់ ទទួលបានការបោះឆ្នោតជាកីឡាករលេងល្អជាងគេពីសំណាក់មិត្តរួមអាជីព។
ក្រោយឈ្នះពានរង្វាន់នេះ De Bruyne ប្រាប់ថា៖ «នេះជាកិត្តិយសដ៏ធំធេងក្នុងការទទួលបានពានរង្វាន់ ដែលត្រូវបោះឆ្នោតដោយមិត្តរួមក្រុម ដោយកីឡាករក្រុមគូប្រជែង ដែលអ្នកតែងតែតទល់គ្នាលើទីលាន។ សំឡេងឆ្នោតទាំងនោះ ដែលបោះឲ្យអ្នកថា ជាកីឡាករល្អជាងគេវាពិតជារឿងអស្ចារ្យមែនទែន»។
De Bruyne បន្តទៀតថា៖ «វាដូចជាប្លែកដែរ ដែលខ្ញុំជាកីឡាករដំបូងគេរបស់ Man City ខណៈគ្រប់គ្នាឃើញកីឡាករល្អជាច្រើន ក្នុងក្រុមនេះ ទាំងពីមុន និងបច្ចុប្បន្ន។ តែជារឿងរីករាយ ដែលបានក្លាយជាតំណាងរបស់ក្លិប»។
ជាមួយគ្នានេះដែរ កីឡាករសញ្ជាតិបែលហ្ស៊ិកបានទទួលស្គាល់ពីឥទ្ធិពលរបស់លោក Pep ដែលផ្ដល់រូបគេនូវទំនុកចិត្ត ដើម្បីឈានទៅរកភាពលេចធ្លោបន្តិចម្ដងៗ ក្រោយងើបពីរបួស ដែលបានញាំញីរូបគេនារដូវកាល ២០១៨-២០១៩៕ AFP/VN