ក្រុង​ប៉ារីស​: ខ្សែ​បម្រើស្លាប Angel Di Maria របស់​ក្រុម Paris Saint-Germain (PSG) ត្រូវ​បាន​​ពិន័យ ៤ ​ប្រកួត កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ សម្រាប់​ករណី​ស្ដោះ​ទឹក​មាត់​ អំឡុង​ការ​ប្រកួត​ជាមួយ​ក្រុម​គូ​ប្រជែងស្លាប់​រស់​​ Olympique de Marseille ដែល​ឃើញ​មាន​កីឡាករ​សល់​ទៅ ៥​ រូប​ ទទួលបាន​កាត​ក្រហម ហើយ​ដែល​មាន​ការ​អះអាង​ដោយ​កីឡាករ Neymar ពី​​ការ​ប្រើ​ពាក្យ​រើស​អើង​ជាតិ​សាសន៍។

ការ​ពិន័យ​ចំពោះ​ Di Maria ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណៈ​កម្មការ​វិន័យ​របស់​ក្រប​ខ័ណ្ឌ Ligue 1 របស់​ប្រទេស​បារាំង​នេះ គឺ​ពាក់​ព័ន្ធ​នឹង​ការ​ស្តោះ​ទឹក​មាត់​ដាក់​ខ្សែ​ការ​ពារ Alvaro Gonzalez របស់ Marseille ហើយ​វា​នឹង​មាន​ប្រសិទ្ធិភាព ចាប់​ពី​ថ្ងៃ​ទី ​២៩ ខែ​កញ្ញា​ តទៅ ដែល​មាន​ន័យ​ថា កីឡាករ​សញ្ជាតិ​អាហ្សង់​ទីន​រូប​នេះ មិន​អាច​ចូល​លេង​ប្រកួត​ទល់​នឹង​ក្រុម Reims នៅ​ថ្ងៃ​អាទិត្យ​នេះបាន​ឡើយ ដោយ​អាច​ត្រឡប់​មក​បង្ហាញ​ខ្លួន​បាន​វិញ នៅ​ថ្ងៃ​ទី​ ៨ ខែ​វិច្ឆិកា​។

ជាមួយ​គ្នា​នេះ គណៈ​កម្មាការ​បាន​ប្រកាស​ថា ការ​ចោទ​ប្រកាន់​របស់​កីឡាករ Neymar ដែល​ថា កីឡាករ Gonzalez ប្រើ​ពាក្យ​សំដី​ប្រកាន់​ពូជសាសន៍​លើ​រូប​គេ នឹង​ត្រូវ​​ស៊ើប​អង្កេតនៅ​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា​។

Neymar ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយសារ​តែទះក្បាល Gonzalez ពី​ក្រោយបាន​ចោទ​​កីឡាករសញ្ជាតិអេស្ប៉ាញ​ថា ​ហៅរូបគេ​ថា «ស្វា» តែកីឡាករ Gonzalez បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​។

កីឡាករសញ្ជាតិ​ប្រេស៊ីល ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក ត្រូវ​បាន​ពិន័យ ២ ប្រកួត កាល​ពី​សប្តាហ៍​មុន ក្រោយ​កើត​រឿង​ អំឡុង​ការ​ប្រកួត កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា នៅឯ​កីឡដ្ឋាន Parc des Princes ដែល​ក្រុម​របស់​ខ្លួន​ចាញ់ ១-០​។

គណៈ​កម្មការ​វិន័យ​របស់​លីក​បារាំង ក៏​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ផង​ដែរ​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា Neymar បាន​ធ្វើ​សញ្ញា​រើស​​អើង​ជាតិ​សាសន៍​ដាក់​ខ្សែ​ការ​ពារ​ស្ដាំ​សញ្ជាតិ​ជប៉ុន Hiroki Sakai របស់​ក្រុម Marseille និង​និយាយ​ពាក្យ​មនុស្ស​ស្រលាញ់​ភេទ្យ​ដូច​គ្នា​ចំពោះ​កីឡាករ Gonzalez។

ប្រសិន​បើ​កីឡាករ​ណា​ម្នាក់ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​កំហុស​ដោយ​ការ​ប្រើ​ពាក្យ​សម្ដី​រើស​អើង​ជាតិ​សាសន៍ ឬ​ភេទ នឹង​ប្រឈម​ជាមួយ​នឹង​ការ​ពិន័យ​រហូត​ដល់​ទៅ ១០ ​ប្រកួត​៕ AFP/VN