ក្រុង​មែលប៊ន៖ កីឡាករ​វាយ​កូន​បាល់​ Roger Federer ធ្លាប់​ប៉ះ​ជាមួយ​កីឡាករ​ខ្លាំងៗ​ច្រើន​បំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​វាយ​កូន​បាល់​នេះ​ ប៉ុន្តែ​មិន​ធ្លាប់​ប៉ះ​ជាមួយ​គូ​ប្រជែង​ Tenny Sandgren នៅ​វគ្គ ​៨ ​នាក់​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ Australian Open នោះ​ទេ ​ដែល​ធ្វើ​ឲ្យ​រូប​គេ​ហាក់​ព្រួយ​បារម្ភ​ពី​​ការ​ប៉ះ​ជាមួយ​កីឡាករ​អាមេរិក​រូប​នេះ ​ខណៈ​រូប​គេ​ប៉ុនប៉ង​ឡើង​ទៅ​វគ្គ ​៤ ​នាក់​ចុង​ក្រោយ​ប្រកួត​ជាមួយ​កីឡាករ Novak Djokovic។​

កីឡាករ​សញ្ជាតិ​ស្វ៊ីស​រូប​នេះ​បាន​ឡើង​ទៅ​វគ្គ ​៨ ​នាក់​ចុង​ក្រោយ​ជា​ប្រវត្តិសាស្ត្រ​លើក​ទី ​១៥ ​នៅ​កីឡដ្ឋាន​ Melbourne Park ក្រោយ​ពី​បាន​ឈ្នះ​តែ​ ១ ​សិត​ទៅ​លើ​កីឡាករ​ហុងគ្រី​ Martin Fucsovics។​

ឥឡូវ​កីឡាករ​ Federer ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​អាមេរិក​ជា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​អង្គារ​នេះ​​ក្នុង​ការ​ចាប់​ឆ្នោត​របស់​បុរស​ទាំង ​២ ​នេះ​ដែល​បាន​ជាប់​​ចំណាត់​ថ្នាក់​ទី ​១០០ ​ក្នុង​ពិភព​លោក​​​របស់​រូប​គេ​តាមរយៈ​ការ​ឈ្នះ​កីឡាករ​ ​Matteo Berrettini ជាប់​ចំណាត់​ថ្នាក់​លេខ ​៨ ​ពិភព​លោក និង​អ្នក​ជាប់​ចំណាត់​ថ្នាក់​ទី ​១២ ​ពិភព​លោក​គឺ​ Fabio Fognini។​​

ពាន​រង្វាន់​​ Australian Open គឺ​ជា​ការ​ប្រកួត​ដ៏​សំខាន់​របស់​កីឡាករ Sandgren ហើយ​រូប​គេ​បាន​ឡើង​ទៅ​វគ្គ ​៨ ​នាក់​ចុង​ក្រោយ​នៅ​ឆ្នាំ ​២០១៨ ​ប៉ុន្តែ​​ទី​បំផុត​បាន​ចាញ់​កីឡាករ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​​ Chung Hyeon​ នៅ​ពេល​នោះ​។​ ​

កីឡាករ​ Federer មិន​ដែល​ប៉ះ​ជាមួយ​កីឡាករ​អាយុ ​២៨ ​ឆ្នាំ​រូប​នេះ​ទេ ​ដូច្នេះ​ហើយ​រូប​គេ​មិន​ត្រូវ​មើល​ងាយ​បញ្ហា​នេះ​ទេ ខណៈ​រូប​គេ​កំពុង​ស្វែង​រក​ជ័យ​ជម្នះ​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​​ព្រឹត្តិការណ៍ Grand Slam ​តាំង​ពី​រូប​គេ​​បាន​ឈ្នះ​នៅ​ទីក្រុង Melbourne នៅ​ឆ្នាំ ​២០១៨​ និង​លើក​ទី ​៧ ​នៅ​ក្នុង​ប្រទេស អូស្ត្រាលី​​។​​

កីឡាករ​ជាប់​លេខ ​៣ ​ពិភព​លោក​រូប​នេះ​បាន​និយាយ​ថា៖ «​ខ្ញុំ​នៅ​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​រូប​គេ​មិន​បាន​ឡើង​​ចំណាត់​ថ្នាក់?​ គ្រប់​ពេល​ដែល​​ខ្ញុំ​ឃើញ​គាត់​លេង​ គឺ​ខ្ញុំ​តែង​គិត​ថា គាត់​លេង​​បាន​ល្អ​ណាស់ ព្រោះ​គាត់​មាន​បច្ចេកទេស​​ល្អ​ដែល​គាត់​​សម​តែ​បាន​ឡើង​ចំណាត់​ថ្នាក់​ថែម​ទៀត​»​។​​

កីឡាករ​ Federer បាន​បន្ថែម​ថា៖ «​ខ្ញុំ​មិន​បាន​តាម​ដាន​គាត់​ដិត​ដល់​នោះ​ទេ​។ ខ្ញុំ​ចាំ​ថា គាត់​បាន​លេង​ជាមួយ​កីឡាករ​ Chung ក្នុង​វគ្គ ​៨ ​នាក់ ​ជា​ពេល​ចុង​​ក្រោយ​ដែល​ខ្ញុំ​បាន​លេង​នៅ​វគ្គ ​៤ ​នាក់​ចុង​ក្រោយ​ ​ដើម្បី​ប្រកួត​​ជាមួយ​ Chung»។​​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ចាំ​ថា ខ្ញុំ​បាន​ឃើញ​ការ​ប្រកួត​នោះ​យ៉ាង​ជក់​ចិត្ត​​ព្រោះ​ខ្ញុំ​ប្រហែល​ជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ឈ្នះ​នៅ​ពេល​នោះ​»។​

កីឡាករ​ Federer ដែល​កំពុង​តែ​តាម​ឈ្នះ​ពាន​រង្វាន់​ ​Grand Slam លើក​ទី ​២១ ​នោះ​ក៏​បាន​តាមដាន​នៅ​ពេល​កីឡាករ​ Sandgren បាន​ឈ្នះ​កីឡាករ​អ៊ីតាលី​ Fognini កាល​ពី​ថ្ងៃ​អាទិត្យ​ផង​ដែរ​។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​ទម្រង់​លេង​ដែល​គាត់​កំពុង​ប្រកួត​ ហើយ​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ចំពោះ​ការ​ប្រកួត​ដ៏​តឹងតែង​នោះ​»។​

កីឡាករ Sandgren បាន​និយាយ​ថា គាត់​​សប្បាយ​ចិត្ត​ណាស់​ចំពោះ​ការ​មាន​ឱកាស​ម្ដង​ទៀត​នៅ​ក្នុង​​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ​។​

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ «​ការ​បាន​​លេង​នៅ​កីឡដ្ឋាន​ដ៏​ធំ​មួយ​នេះ​ និង​ការ​បាន​​លេង​នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន​​ដោយ​ហេតុ​តែ​​ខ្ញុំ​ធ្លាប់​លេង​​ភាគ​ច្រើន​​នៅ​ចំពោះ​មុខ​មនុស្ស​តិច​តួច​បំផុត​​​នោះ ​គឺ​ថា​ខ្ញុំ​ត្រូវ​តែ​បង្ហាញ​ទម្រង់​លេង​ឲ្យ​​បាន​ល្អ​អស់​ពី​សមត្ថភាព​​នៅ​ក្នុង​ការ​ប្រកួត​វាយ​កូន​បាល់​ដ៏​ធំ​បំផុត​នេះ​»៕ AFP/SN