ភ្នំពេញ: លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹក​ជំនួយ​នៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​លោក​បាន​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ និង​បាត់បង់​ទម្រង់​លេង​នៅ​តង់​ទី ២ ខណៈ​ពួកគេ​បាន​របូត​គ្រាប់​បាល់​ដល់​ទៅ ៣ គ្រាប់​នៅ​ចន្លោះ​ពេល ២០ នាទី​ចុង​ក្រោយ ក្នុង​ពេល​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា ក្នុង​យុទ្ធនាការ AFF Suzuki Cup ឆ្នាំ ២០១៨ កាល​ពី​ថ្ងៃ​ចន្ទ។

ការបង្ហាញ​ពី​ភាពទន់ខ្សោយ​ក្នុង​តំបន់​ការពារ​ក្នុង​តង់​ទី ២ ពិសេស​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​សង្គ្រោះ​បាល់ ២ លើក​របស់​អ្នក​ចាំទី​កែវ សុខ​សិលា បាន​ធ្វើ​ឲ្យ​ក្រុម​ដែល​មាន​រហស្ស​នាម​ថា គោព្រៃ​មួយ​នេះ រង​បរាជ័យ​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ៤-១ ពី​មុខ​អ្នក​ចាត់ការ​ទូទៅ​របស់​ខ្លួន​គឺ​លោក Keisuke Honda ក្នុង​ការ​ប្រកួត​ជុំ​ទី ២ នៃ​ពូល A នៅ​លើ​ទឹកដី​របស់​មីយ៉ាន់ម៉ា។ ខ្សែប្រយុទ្ធ​ចាន់ វឌ្ឍនាកា បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មាន​គ្រាប់​បាល់​នាំ​មុខ​មុន ក្នុង​ការ​ប្រកួត​នា​កីឡដ្ឋាន Mandalarthiri នៅ​នាទី ទី ២៣ មុន​ពេល​កីឡាករ Bo Bo Hlaing បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​ទី ៦០។

ប៉ុន្តែ ការសង្គ្រោះ​បាល់​មិនបាន​ល្អ និង​ការធ្វើ​ឲ្យ​បាល់​របូត​ចេញពី​ដៃ​របស់​សុខ​សិលា បាន​អនុញ្ញាត​ឲ្យ​កីឡាករ Htet Aung Than និង Si Thu Aung រក​បាន​គ្រាប់​បាល់​នាំមុខ​វិញ មុន​នឹង​កីឡាករ Bo Bo រក​បាន​គ្រាប់​បាល់​ទី ២ របស់​ខ្លួន​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ដើម្បី​បំពេញ​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​តែម្តង។

ការបរាជ័យ​នេះ​មានន័យថា ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន រង​បរាជ័យ ២ លើក​ពី​ការ​ប្រកួត​បើក​ឆាក​ទាំង ២ លើក​របស់​ខ្លួន​នៃ​ពូល A ក្នុង​យុទ្ធនាការ AFF Suzuki Cup ឆ្នាំ ២០១៨ ក្រោយ​ពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ១-០ ក្រោម​ស្នាដៃ ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន​នា​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី ថ្ងៃ​ព្រហស្បតិ៍។

ក្រោយពី​បញ្ចប់​ការប្រកួត លោក Felix បាន​កោតសរសើរ​ទម្រ​ង់​លេង​របស់​ក្រុម​ខ្លួន​ក្នុង​តង់​ទី ១ ប៉ុន្តែ បាន​ទទួល​ស្គាល់​ពី​ការ​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​របស់​ពួកគេ​ក្នុង​តង់​ទី ២ ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា។ គ្រូបង្វឹក​ជំនួយ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ បាន ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​បន្ទាប់​ពី​ការ​ប្រកួត​ថា៖ «យើង​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ និង​ល្អ​ក្នុង​តង់​ទី ១ ប៉ុន្តែ យើង​បាន​ធ្វើ​ឲ្យ​ខ្លួន​យើង​ធ្លាក់​ចូល​ក្នុង​បញ្ហា​ក្នុង​តង់​ទី ២។ យើង​នឹង ព្យាយាម​កែ​សម្រួល​កំហុស​នោះ​ក្នុងការ​ប្រកួត​បន្ទាប់ ហើយ​នេះ​គឺជា​មេរៀន​មួយ»។

ស្របពេល​ជាមួយគ្នានេះ ក្នុងការ​ប្រកួត​នៅ​ថ្ងៃ​ដដែល​នោះ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​កត់ត្រា​ជ័យ​ជម្នះ​ជា​លើក​ទី ២ របស់​ខ្លួន តាមរយៈ​ការ​វាយ​បក​ដើម្បី​ផ្តួល​ក្រុម​ជម្រើស​ជាតិ​ឡាវ ៣-១ ក្នុង​ទីក្រុង​គូឡាឡាំពួ។

កម្ពុជា ស្ថិតក្នុង​ពូល A រួម​ជាមួយ​នឹង​ម៉ាឡេស៊ី វៀតណាម មី​យ៉ាន់​ម៉ា និង​ឡាវ ហើយ​ក្នុង​ការ​ប្រកួត​បន្ទាប់ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​ឡាវ នា​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​វៀតណាម នា​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ខាង​មុខ។ ក្រុម​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ១ និង​លេខ ២ នៃ​ពូល​នេះ នឹង​ឈាន​ទៅ​ជួប​ក្រុម​ខ្លាំង​ពី​ពូល B ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធនាការ AFF Suzuki Cup ដែល​ត្រូវ​ប្រកួត ២ ជើង ពោល​គឺ​ក្នុង និង​ក្រៅ​ទឹកដី៕