ក្រុង​ម៉ា្រឌីដ៖ យុវ​កីឡាករ Joao Felix នឹង​ដឹកនាំ​​ភារកិច្ច​នៅ​យប់​ថ្ងៃ​ពុធ​នេះ ​ដើម្បី​ជួយ​ឲ្យ​ក្រុម Atletico Madrid ​សងសឹក​ក្រុម Juventus និង​សត្រូវ​ចាស់​របស់​ពួក​គេ ​គឺ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្នុង​ការ​ប្រកួត​បើក​ឆាក​​ក្របខ័ណ្ឌ​ Champions League។​

កីឡាករ​ Felix ដែល​គេ​រំពឹង​ថា ជា​អ្នក​បន្ត​វេន​កីឡាករ Ronaldo នោះ​នឹង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​កំពូល​​នៅ​អឺរ៉ុប​ ជា​ពេល​កីឡាករ​​ព័រទុយហ្គាល់​ទាំង ​២ ​រូប​នេះ ​នឹង​ជួប​គ្នា​នៅ​​ក្នុង​ទឹកដី​របស់​ក្រុម Atletico ខណៈ​​កីឡាករ Felix កំពុង​អន្ទះសា​ចង់​សងសឹក​ម្ចាស់​ពាន​រង្វាន់​ស្បែក​ជើង​មាស ​៥ ​ជំនាន់​រូប​នេះ​​យ៉ាង​ខ្លាំង​។​

សូម​រំឭក​ថា ក្រុម Juventus បាន​ទម្លាក់​ក្រុម​ Atletico ក្នុង​ការ​ប្រកួត​កាល​ពី​ឆ្នាំ​មុន​ ខណៈ​កីឡា​ករ Ronaldo រក​បាន ​៣ គ្រាប់​ ​ដើម្បី​លុប​ចោល​​ការ​ចាញ់​ ២-០ របស់​ពួក​គេ​នៅ​ជើង​ទី ​១​ ហើយ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ជើងឯក​អ៊ីតាលី​នេះ​ឡើង​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ​។​

ពេល​នោះ​អតីត​កីឡាករ​នៅ​ក្លិប​ Real Madrid រូប​នេះ ​ទទួល​​បាន​ការ​​អបអរ​ពី​អ្នក​គាំទ្រ​នៅ​កីឡដ្ឋាន​ Allianz របស់​ក្លិប Juventus ​យ៉ាង​ខ្លាំង​ ហើយ​ឥឡូវ​កីឡាករ​ Felix ចង់​សងសឹក​នឹង​​កីឡាករ​ឆ្នើម​រូប​នេះ​។​

កីឡាករ​ Felix ​វ័យ ​១៩ ​ឆ្នាំ​ ត្រូវ​បាន​សរសើរ​ថា​ជា​ Ronaldo ថ្មី​ ក្រោយ​ពី​​មាន​រដូវកាល​ល្អ​នៅ​​ក្លិប Benfica កាល​ពី​ឆ្នាំ​មុន ​ដោយសារ​រូប​គេ​​រក​បាន ២០ ​គ្រាប់​ ខណៈ​ក្លិប​ម្ចាស់​ជើងឯក​អឺរ៉ុប​ ២ ​ជំនាន់​នេះ ​បាន​ឈ្នះ​ពាន​រង្វាន់​ Primeira Liga និង​បាន​ឡើង​ដល់​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ ​នៃ​ក្របខ័ណ្ឌ Europa League។​​

អតីត​អ្នក​ចាត់​ការ​​ក្លិប Madrid លោក Jose Mourinho ជឿ​​ថា ក្រុម Atletico បាន​ទិញ «​​កីឡាករ​ល្អ​មួយ​រូប​»​​ ដែល​ពួក​គេ​ហ៊ាន​​ចំណាយ​ប្រាក់​ច្រើន​​បំផុត​សម្រាប់​ក្លិប​នេះ​រហូត​ដល់​​ ​១២៦ ​លាន​អឺរ៉ូ​ (ស្មើ ​១៤២ ​លាន​ដុល្លារ)​។​​

លោក Mourinho ​និយាយ​ថា៖ «​ខ្ញុំ​គិត​ថា គាត់​អាច​ជា​កីឡាករ​ល្អ​ព្រោះ​គាត់​ហាក់​ដូច​ជា​​មាន​បុគ្គលិក​លក្ខណៈ​ល្អ​»។​

លោក Mourinho ​បាន​បន្ថែម​ថា៖ «​គាត់​នៅ​ក្នុង​ក្រុម​ល្អ​មួយ ដែល​សម្បូរ​កីឡាករ​មាន​បទពិសោធ និង​គ្រូ​បង្វឹក​មាន​ផែនការ​ច្បាស់​លាស់​ ហើយ​ក្រុម នេះ​អាច​ជា​កន្លែង​ល្អ​មួយ​សម្រាប់​ការ​រីក​ចម្រើន​របស់​គាត់​»។​

Ronaldo គឺ​ជា​កីឡាករ​​ឆ្នើម​មួយ​រូប​ក្នុង​ពិភព​លោក​ និង​ជា​រក​បាន​គ្រាប់​បាល់​​ច្រើន​ជាង​គេ​បំផុត​​មួយ​រហូត​ដល់ ​១២៦ ​គ្រាប់​ ខណៈ​រូប​គេ​គ្រោង​នឹង​បន្ថែម​គ្រាប់​បាល់​ទៀត​នៅ​ក្នុង​ការ​ប្រកួត​​នេះ​។​

នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​ កីឡាករ Felix មាន​ឱកាស​កែប្រែ​ប្រវត្តិ​រក​គ្រាប់​បាល់​របស់​ខ្លួន​​ជាមួយ​ការ​បន្ថែម​គ្រាប់​បាល់​ទៀត​​ក្នុង​ការ​ប្រកួត​បើក​ឆាក​ Champions League នេះ​ផង​ដែរ​។​

កីឡាករ​ Felix ​និយាយ​ថា៖ «​ខ្ញុំ​នៅ​ទី​នេះ ​ដើម្បី​សរសេរ​ពី​ប្រវត្តិ​ផ្ទាល់​ខ្លួន​​ ហើយ​កីឡាករ​ Cristiano គឺ​​ជា​រឿង​ផ្សេង​​ខុស​ពី​រឿង​របស់​ខ្ញុំ​​​»៕ AFP/SN