ក្រុងលូសាន៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA និយាយពីថ្ងៃពុធថា ពួកគេនឹងបញ្ជូនមន្ត្រីទៅប្រទេស អ៊ីរ៉ង់ ភ្លាមៗ ដើម្បីពិនិត្យមើលលទ្ធភាពឲ្យស្ត្រីអាចទស្សនាបាល់ទាត់នៅប្រទេសនេះ។
ការប្រកាសនេះបានកើតឡើងក្រោយ ១ សប្ដាហ៍ បន្ទាប់ពីអ្នកគាំទ្របាល់ទាត់អ៊ីរ៉ង់ម្នាក់បានដុតសម្លាប់ខ្លួននៅខាងក្រៅតុលាការក្រោយពីគេបានប្រាប់ថា នាងនឹងត្រូវជាប់ពន្ធនាគារ ៦ ខែ ដោយសារការព្យាយាមចូលក្នុងកីឡដ្ឋាននៅក្នុងទីក្រុងតេអេរ៉ង់ដោយស្លៀកពាក់ជាបុរស។
សហព័ន្ធ FIFA បានប្រាប់ AFP ថា៖ «គណៈប្រតិភូ FIFA នឹងធ្វើដំណើរទៅទីនោះភ្លាមៗ ដើម្បីវាយតម្លៃពីការរៀបចំអនុញ្ញាតឲ្យស្ត្រីអាចចូលក្នុងកីឡដ្ឋានសម្រាប់ការប្រកួតជម្រុះ World Cup នៅខែតុលាខាងមុខនេះ»។
FIFA មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការធ្វើដំណើរនេះទេ ប៉ុន្តែបានបញ្ជាក់ថា ប្រទេស អ៊ីរ៉ង់ នឹងត្រូវរៀបចំការប្រកួតជាមួយប្រទេស កម្ពុជា ដែលជាប់ចំណាត់ថ្នាក់ទី ១៧០ ក្នុងពិភពលោកនៅថ្ងៃទី ១០ ខែ តុលា ខាងមុខ»៕ AFP/SN