អារ៉ាប៊ីសាអ៊ូឌីតៈ កីឡាករប្រដាល់ Floyd Mayweather បាននិយាយថា រូបគេនឹងនិយាយជាមួយដៃគូចាស់របស់ខ្លួន គឺកីឡាករ Manny Pacquiao នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត ពីលទ្ធភាពការប្រកួតគ្នាជាថ្មីដើម្បីស្រាយចម្ងល់អ្នកទស្សនា។
កីឡាករ Floyd កំពុងធ្វើដំណើរជាមួយតំណាងរបស់ខ្លួនទៅកាន់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ជាទីដែលរូបគេនឹងជួបចរចាពីលក្ខខណ្ឌមួយចំនួនជាមួយកីឡាករ Pacquiao ដើម្បីកំណត់ពីការឡើងសង្វៀនជាថ្មីទៀត។
គូប្រកួតទាំង ២ នេះ បានជួបគ្នាម្ដងហើយកាលពី ៤ ឆ្នាំមុន ដែលកីឡាករ Floyd បានឈ្នះកីឡាករហ្វីលីពីនរូបនេះ ៨ ពិន្ទុ ជាហេតុធ្វើឲ្យអ្នកគាំទ្រវិស័យប្រដាល់សកលជាច្រើននៅមិនអស់ចិត្តចំពោះលទ្ធផលប្រកួតនោះ។
តាំងពីនោះមក កីឡាករ Floyd បានក្លាយជាកីឡាករអាជីពម្នាក់ដែលមានប្រវត្តិប្រកួតឈ្នះទាំង ៥០ រួមទាំងការឈ្នះកីឡាករ Conor McGregor ក្នុងការប្រកួតដែលរកបានប្រាក់ចំណូលជាច្រើននៅបុរីញូវយ៉កផងដែរ។
កីឡាករ Pacquiao បានត្អូញត្អែរពីការឈឺស្មានៅមុនពេលរូបគេបានឡើងប្រកួតជាមួយកីឡាករ Floyd នៅពេលនោះ ហើយរយៈពេលក្រោយមកទៀត រូបគេបានទាមទារឲ្យមានការប្រកួតជាលើកទី២ ដើម្បីប្រកួតជាមួយកីឡាករអាមេរិកដែលមិនស្គាល់ចាញ់រូបនេះ។
កីឡាករ Floyd បាននិយាយក្នុងវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ខ្ញុំចង់និយាយអរគុណអ្នក ហើយវាជាកិត្តិយសណាស់ដែលបានមកប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដើម្បីអង្គុយជាមួយអ្នកជជែកពីការប្រកួតគ្នាជាថ្មីរវាង Floyd និង Pacquiao»។
វីរបុរសប្រដាល់សកលអាមេរិក Sugar Ray Leonard ថ្មីៗនេះក៏បានសុំឲ្យកីឡាករ Floyd Mayweather បញ្ឈប់ការចូលនិវត្តន៍របស់ខ្លួន ដើម្បីឡើងសង្វៀនជាថ្មីម្ដងទៀតជាមួយវីរបុរសប្រដាល់ប្រចាំប្រទេស ហ្វីលីពីន ផងដែរ។
បើទោះបីជាបុរសទាំង ២ នេះមានអាយុខ្ទង់ ៤០ ឆ្នាំក៏ពិតមែន ប៉ុន្តែលោក Leonard ជឿជាក់ថា វាគួរតែជាការប្រកួតដ៏អស្ចារ្យរវាងអ្នកទាំង ២ នេះ។
លោក Leonard បានប្រាប់ TMZ ថា៖ «ប្រសិនបើធ្វើតាមរបៀបនេះ វានឹងបានសម្រេចព្រោះវានឹងមានមនុស្សជាច្រើនទស្សនាការប្រកួតនេះ»។
វីរបុរសប្រដាល់អាមេរិករូបនេះបានបន្ថែមថា៖ «អ្នកទាំង ២ មានអាយុខ្ទង់ ៤០ ឆ្នាំដូចគ្នា។ នៅពេលខ្ញុំមានអាយុ ៤០ ឆ្នាំ ខ្ញុំបានត្រឡប់ឡើងសង្វៀនវិញ ហើយខ្ញុំមិនដឹងថា ត្រូវប្រកួតជាមួយអ្នកណាទេ ប៉ុន្តែអ្នកមានដំណាក់កាលផ្សេងពីខ្ញុំក្នុងជីវិតរបស់អ្នកគឺទាំងស្មារតី រាងកាយ និងចិត្តគំនិត»។
អតីតកីឡាប្រដាល់សកលរូបនេះបានបន្ថែមទៀតថា៖ «គាត់ (Pacquiao) កំពុងស្វែងរកឱកាសប្រកួតចុងក្រោយនៅក្នុងអាជីពរបស់គាត់»៕ SN