Los Angerles: កីឡាករប្រដាល់ Floyd Mayweather គ្មានការចាប់អារម្មណ៍ក្នុងការឡើងសង្វៀនប្រកួតជាថ្មីជាមួយកីឡាករ Manny Pacquiao ម្ដងណាឡើយក្រោយពីកើបប្រាក់យ៉ាងប្រាក់រាប់លានដុល្លារពីការឈ្នះនៅឆ្នាំ ២០១៥។ នេះបើយោងតាមមិត្តជិតស្និទ្ធរបស់ Floyd គឺលោក Leonard Ellerbe ឲ្យដឹងពីថ្ងៃពុធ។
លោក Ellerbe ជាប្រធានប្រតិបត្តិផ្នែកផ្សព្វផ្សាយឲ្យកីឡាករ Floyd បានប្រាប់គេហទំព័រ boxingscene.com ថា ទោះជាការប្រកួតនេះនឹងបានប្រាក់ច្រើនយ៉ាងណាក៏ដោយ ក៏កីឡាករ Floyd មិនដែលនឹកគិតចង់ឡើងលើសង្វៀនប្រកួតជាមួយ Pacquiao ជាថ្មីម្ដងទៀតដែរ។
កីឡាករ Floyd ត្រូវគេជឿថា ទទួលបានប្រាក់ប្រមាណ ៣០០ លានដុល្លារអាមេរិក ពីការឈ្នះដោយពិន្ទុទៅលើកីឡាករ Pacquiao ហើយនេះនៅជាតែការប្រកួតដែលរកបានចំណូលច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ និងបានបង្កើនចំនួនទឹកប្រាក់រហូតដល់ជាង ៦០០ លានដុល្លារអាមេរិក។
គ្រូបង្វឹកយូរឆ្នាំរបស់ Pacqiuao គឺលោក Freddie Roach បាននិយាយពីសប្ដាហ៍មុនថា គាត់អន្ទៈសាចង់ឲ្យវីរបុរសហ្វីលីពីនរូបនេះបង្កើតការប្រកួតជាថ្មីជាមួយកីឡាករ Floyd ក្រោយពីបានចាញ់ទាំងមិនអស់ចិត្តនៅក្នុងជំនួបដំបូងនោះ។
ទោះយ៉ាងណាក៏ដោយ ខណៈ Floyd នឹងចូលរួមទស្សនាការប្រកួតខ្សែក្រវាត់ពិភពលោករវាង Pacquiao និង Keith Thurman នៅទីក្រុង Las Vegas នៅថ្ងៃសៅរ៍ត្រូវនឹងថ្ងៃអាទិត្យនៅប្រទេស កម្ពុជា) នោះ លោក Ellerbe បានបញ្ជាក់ថា គ្មានឱកាសនឹងប្រកួតជាថ្មីទៀតនោះទេ។
លោក Ellerbe បានប្រាប់ boxingscene ថា៖«Floyd គ្មានចាប់អារម្មណ៍បន្តិចសោះ ហើយគាត់កំពុងធ្វើបែបនេះជារៀងរហូតព្រោះគាត់កំពុងរស់នៅក្នុងជីវិតប្រសើរបំផុត ហើយខ្ញុំទើបតែជជែកជាមួយគាត់នៅព្រឹកមិញនេះឯង។
គាត់កំពុងធ្វើដំណើរនិងចំណាយពេលវេលានៅជាមួយកូនៗ និងក្រុមគ្រួសាររបស់គាត់ ហើយពេលនេះគាត់កំពុងធ្វើអ្វីដែលគាត់មិនធ្លាប់បានធ្វើពីមុនមក ព្រោះគាត់បានប្រឡូកក្នុងវិស័យប្រដាល់តាំងពីគាត់មានអាយុ ៥ ឆ្នាំមកម្ល៉េះ ខណៈគាត់សប្បាយនឹងចូលនិវត្តរ៍របស់គាត់»។
លោក Roach បានប្រាប់ក្រុមអ្នកកាសែតពីសប្ដាហ៍មុនថា គាត់នៅតែមិនអស់ចិត្តចំពោះការចាញ់របស់ Pacquiao ក្រោមស្នាដៃរបស់ Floyd ជាពិសេសគឺនៅត្រង់បញ្ហាស្មាតែម្ដង។
គ្រូបង្វឹករូបនេះបាននិយាយថា៖ «សង្ឃឹមថា យើងអាចអូសទាញ Floyd ឲ្យឡើងសង្វៀនម្ដងទៀតព្រោះខ្ញុំចង់ឲ្យយើងទាំងអស់គ្នាសង់ចិត្តពីការប្រកួតនេះ»៕ AFP/SN