ក្រុង​ឡុងដ៍៖ លោក Jose Mourinho បន្ទោស​ចំពោះ​ការ​ធ្វើ​ឱ្យ​មាន​កំហុស ដែល​មិន​គួរ​ឱ្យ​កើត​ឡើង និង​ចំពោះ​ការ​ខ្វះ​សមត្ថភាព​ជា​​អ្នក​ពិឃាត​របស់​ក្រុម Tottenham Hotspur (Spurs) ក្រោយ​បណ្ដោយ​ឱ្យ​ Ivan Cavaleiro ស៊ុត​បញ្ចូល​ទី​ជួយ​ឱ្យ​ Fulham តាម​ស្មើ​ ១-១ អំឡុង​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​ពុធ​។

ខ្សែ​ប្រយុទ្ធ Harry Kane តែត​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ Spurs នាំ​មុខ​មុន នៅ​វគ្គ​ទី១ សម្រាប់​ការ​ប្រកួត​នៅ​ទឹក​ដី Tottenham Hotspur Stadium នេះ តែ​ខ្សែ​ប្រយុទ្ធ Cavaleiro ប្រើ​ក្បាល​ទម្លុះ​សំណាញ់​ទី​វិញ​​ដូច​គ្នា នៅ​ចុង​ម៉ោង​នៃ​វគ្គ​ទី២ ដែល​ជា​គ្រាប់​បាល់​ធ្វើ​លោក Mourinho មួម៉ៅ​យ៉ាង​ខ្លាំង​។

ក្រុម Spurs ឈ្នះ​តែ ២ លើក​​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ក្នុង​លីគ ៨ ដង​ចុង​ក្រោយ ហើយ​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៦ មាន ៣០ ​ពិន្ទុ។ ការ​យក​ឈ្នះ​ក្រុម​បាត​តារាង​ទី៣ Fulham នឹង​ជួយ​រុញ​ពួក​គេ​ឱ្យ​ឡើង​លំដាប់​ទី៣ ពី​លើ​ក្រុម Manchester City ដែល​ទើប​ដណ្ដើម​បាន​ជ័យជម្នះ​នៅ​លីគ ៤ ​លើក​ជាប់​ៗ​គ្នា​ ដោយសារ​គ្រាប់​បាល់​របស់ Phil Foden ជួយ​ឱ្យ​ឈ្នះ​ Brighton ១-០ នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ​។

ពេល​នេះ​ថា តើ​ក្រុម Spurs ដែល​មាន ៦ ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​នៅ​កំពូល​តារាង Manchester United នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុម​ប្រជែង​ពាន​បាន​ទៀត​ ឬ​អត់ ក្រោយ​ពី​មាន​ទម្រង់​លេង​ដ៏​អន់​នេះ​។

គ្រូបង្វឹក​របស់​ Spurs លោក Mourinho ​បាន​និយាយ​ថា​៖ «​ជា​ថ្មី​ម្ដង​ទៀត យើង​បណ្ដោយ​ឱ្យ​មាន​គ្រាប់​បាល់ ដែល​អាច​ចៀស​វាង​បាន​ទេ។ យើង​ត្រូវ​តែ​ឈ្នះ​ដោយ​មិន​​របូត​គ្រាប់​បាល់ ពោល​គឺ​កុំ​បង្កើត​កំហុស​។ អ្នក​តាម​បិទ ត្រូវ​តែ​មាន​»។

លោក​បន្ត​ថា៖ «​យើង​មាន​ឱកាស​ច្រើន​​ ដើម្បី​​បញ្ចប់​ការ​ប្រកួត​ទាំង​ស្រុង​។ មួយ​ទៀត កុំ​គិត​ពី​រឿង​ឈ្នះ តែ​វា​​ពាក់ព័ន្ធ​នឹង​ការ​គ្មាន​មហិច្ឆតា​ក្នុង​ស៊ុត​បញ្ចូល​ទី និង​បញ្ចប់​​ហ្គេម​នេះ​ទាំង​ស្រុង​។ យើង​ទទួល​បាន​នូវ​លទ្ធផល​មិន​សូវ​ល្អ ហេតុ​ដូច្នេះ យើង​គួរ​តែ​គេច​ឱ្យ​ផុត​ពី​លទ្ធផល​ទាំង​នេះ​ឱ្យ​បាន​»​។

គ្រាប់​បាល់​តាម​ស្មើ​របស់ ​Cavaleiro ជា​ការ​បញ្ចប់​ដ៏​ជូរចត់​សមរម្យ​មួយ ចំពោះ​ជម្លោះ​រវាង​លោក​ Mourinho និង​លោក Scott Parker អ្នក​ចាត់​ការ​របស់​ក្រុម Fulham ដែល​កើត​មាន​ឡើង ពេល​មាន​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​ក្នុង​ក្រុម​ Aston Villa ដែល​នាំ​ឱ្យ​គម្រោង​​ធ្វើ​ដំណើរ​របស់​ក្រុម​​ Spurs ទៅ​ទឹក​ដី Villa Park នៅ​ថ្ងៃ​ពុធ ត្រូវ​រំសាយ​ចោល​​។

ជួស​មក​វិញ ការ​ប៉ះ​គ្នា​រវាង Spurs និង Fulham ដែល​ត្រូវ​ផ្អាក នៅ​ខែ​ធ្នូ ដោយសារ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ក្នុង​ក្រុម​នៅ​ទឹក​ដី Craven Cottage ត្រូវ​លើក​យក​មក​ធ្វើ​​នៅ​ថ្ងៃ​ចន្ទ ដើម្បី​ជួយ​សម្រួល​ដល់​កាល​វិភាគ​ប្រកួត​ដ៏​ញឹក​ស្អេក​ នា​ពេល​ខាង​មុខ ​​របស់​ក្រុម​លោក Mourinho​។

តែ​លោក Parker ​និយាយ​ថា ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ក្រុម​លោក ដែល​តម្រូវ​ឱ្យ​ធ្វើ​ការ​ប្រកួត​ជាមួយ​នឹង​ការ​ផ្ដល់​ដំណឹង​ភ្លាម​ៗ​បែប​នេះ​។ លោក Mourinho ​តប​ត្រឡប់​បែប​ឌឺ​ដង​វិញ​ថា គាត់​នឹង​មាន​តែ​​ការ​សោកស្ដាយ​ប៉ុណ្ណោះ​ចំពោះ Fulham ​បើ​ពួក​គេ​បាន​​ប្រកួត​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​៕ AFP/VN