ក្រុងមីឡេន: ខ្សែប្រយុទ្ធ Papu Gomez ស៊ុតបញ្ចូលទី ២ គ្រាប់ ខណៈក្រុម Atalanta បំបាក់ក្រុមម្ចាស់ផ្ទះ Lazio ៤-១ អំឡុងការប្រកួតនៅក្រុងរ៉ូម ស្របពេលក្រុមគូប្រជែងពានក្របខ័ណ្ឌ Serie A គឺ Inter Milan លត់ក្រុមចំណូលថ្មី Benevento ដល់ផ្ទះ ៥-២ កាលពីថ្ងៃពុធ។
កាលវិភាគនៃការប្រកួតបើរដូវកាល ២ លើកដំបូង ត្រូវបានពន្យារពេលដោយសារក្រុម Atalanta និង Inter ជាប់ភារកិច្ចប្រកួតកម្មវិធីដណ្ដើមពាននៅតំបន់អឺរ៉ុប ក្នុងខែសីហា។
ក្រោយចប់ការប្រកួតនេះ ក្រុមគូប្រជែង នៅភាគខាងជើងទាំង ២ បានបង្ហាញឱ្យឃើញពីកម្លាំងរបស់ពួកគេ ដែលសង្ឃឹមថា នឹងរារាំងក្រុម Juventus មិនឱ្យឈ្នះពាន Serie A ជាលើកទី ១០ ជាប់ៗគ្នា ខណៈក្រុមជើងឯកមួយនេះ ដណ្ដើមបានតែ ១ ពិន្ទុ នៅឯផ្ទះ Roma កាលពីថ្ងៃអាទិត្យ។
ពេលនេះ ក្រុម Atalanta និង Inter កំពុងឈរនៅទីកំពូលតារាងពិន្ទុ Serie A រួមជាមួយក្រុម Napoli, Hellas Verona និង AC Milan ដោយការយកបាន ៦ ពិន្ទុពេញ ពីការប្រកួតបើកឆាក ២លើកដំបូងនេះ ខណៈក្រុម Juve មាន ៤ ពិន្ទុ មុនពួកគេ បើកទ្វារផ្ទះស្វាគមន៍ក្រុម Napoli នៅថ្ងៃអាទិត្យនេះ។
ក្រុម Atalanta មាន ៣ គ្រាប់ នាំមុខ នៅវគ្គទី១ ដោយមានកីឡាករ Robin Gosens, Hans Hateboer និង Gomez មានចំណែករួម ម្នាក់ ១ គ្រាប់ ហើយពួកគេ ក្នុងនាមជាក្រុមភ្ញៀវ បានគេចផុតពីការភ្លាត់នារដូវកាលមុន ដែលក្រុម Lazio ត្រូវនាំមុខ ៣-០ តែតាមស្មើបានវិញ ៣-៣។
ខ្សែការពារសញ្ជាតិហូឡង់ Hateboer បាននិយាយថា៖ «យើងទាំងអស់គ្នាបានដឹងពីអ្វី ដែលបានកើតឡើងកាលពីពេលកន្លងទៅ ហើយយើងបាននិយាយគ្នាពីរឿងនេះ ពេលចប់វគ្គទី១។ យើងដឹងថា ពេលពួកគេធ្វើបានសម្រេច ១ គ្រាប់ នោះគ្រាប់ដទៃ អាចកើតមានទៀត តែពេលពួកគេ ស៊ុតបញ្ចូលទីរួច យើងបានបន្ថែមគ្រប់ទី៤ ហើយគ្រប់យ៉ាងចប់»។
កីឡាករ Felipe Caicedo ជាអ្នកជួយឱ្យក្រុម Lazio តាម ៣-១ នៅនាទីទី៥៧ តែ Gomez មានឱកាសស៊ុតបញ្ចូលទីគ្រាប់ទី២ ដែលមានគម្លាតរយៈពេល ១ ម៉ោងពីគ្រាប់ទី១។
ចំណែកក្រុមជើងឯករងរដូវកាលមុន Inter ក្រោយឈ្នះ Fiorentina នៅប្រកួតដំបូងទាំងប្រផិតប្រផើយ ៤-៣ កាលពីសប្ដាហ៍មុន ក្រុមរបស់លោក Antonio Conte ក៏សម្រេចបានជោគជ័យដ៏ធំ ១ ទៀត ដោយការការបំបាក់ក្រុមម្ចាស់ផ្ទះ Benevento ដែលសប្ដាហ៍មុន បានធ្វើដំណើរទៅយក ៣ ពិន្ទុពីក្រុម Sampdoria បានសម្រេចទាំងមិនគួរឱ្យជឿ ជាមួយនឹងជ័យជម្នះ ៣-២។
ខ្សែប្រយុទ្ធ Romelu Lukaku របស់ Inter ទម្លុះសំណាញ់ទីបាន ២ គ្រាប់ ដែលគ្រាប់ដំបូង ធ្វើបាន ពេលប្រកួតដំណើរការក្នុងរង្វង់ ៣០ វិនាទី នៃតង់ទី ១ ហើយខ្សែបម្រើ Achraf Hakimi ទទួលបានការចាប់អារម្មណ៍នៅថ្ងៃបង្ហាញខ្លួនដំបូង ដោយការរួមចំណែក ១ គ្រាប់ដែរ។ ២ គ្រាប់ផ្សេងទៀត បានមកដោយសារកីឡាករ Roberto Gagliardini និង Lautaro Martinez ម្នាក់ ១ គ្រាប់។
គ្រូបង្វឹកក្រុម Inter លោក Conte បាននិយាយសរសើរក្រុមខ្លួនថា៖ «ខ្ញុំចូលចិត្តមើលក្រុមលេងដូចយប់មិញ ដោយការផ្លាស់ប្ដូរតំបន់ប្រយុទ្ធយ៉ាងមុតស្រួច។ ការពេញចិត្តពេញថ្លើមពិតប្រាកដរបស់គ្រូបង្វឹក ១ រូប គឺការឃើញនូវការលេងរបៀបហ្នឹង មិនថាអ្នកណាកំពុងឈរនៅទីតាំងនោះក៏ដោយ ក៏យុទ្ធសាស្ត្រនៃការលេងនៅដដែល»។
លោក Conte បន្តទៀតថា៖ «យើងមានជម្រើសច្រើនជាងមុន ហើយយើងជាក្រុមមួយ ដែលចូលចិត្តការលេងប្រយុទ្ធ និងបង្កើតឱកាសឱ្យបានច្រើន។ យើងត្រូវធ្វើការបន្ថែមទៀត ដើម្បីឱ្យក្រុមមានតុល្យភាពព្រោះថា ថ្ងៃនេះ យើងមានរបូត ២ គ្រាប់ដែរ។ តែប្រហែលជាកីឡាករចំណូលថ្មី សម្របខ្លួនបានលឿននឹងប្រព័ន្ធលេងរបស់ក្រុមយើង ដែលមានមកតាំងពីរដូវកាលមុន»៕ AFP/VN