ក្រុង​ម៉ា្រឌីដ៖ ខ្សែ​បម្រើ​ប្រយុទ្ធ​ Antoine Griezmann បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​រិះគន់​ខ្លួន​ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី ១ ​គ្រាប់ ដោយ​បច្ចេកទេស​ដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ អំឡុង​ការ​ប្រកួត​ដែល​ក្រុម​អ្នក​មាន​បុណ្យ ​​​Barcelona បំបាក់​ក្រុម​នាវា​ពណ៌​លឿង Villarreal ៤-១ ហើយ​ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​​​ព្រាលៗ​របស់​ពួក​គេ ក្នុង​ការ​ឈ្នះ​ពាន La Liga ចាប់​ផ្ដើម​ត្រដរ​ងើប​ឡើង​វិញ​តិចៗ​។

ក្រោយ​​ត្រឹម​ជា​កីឡាករ​បម្រុង​ញឹកញាប់ ជាពិសេស​​ពេល​ប៉ះ​ក្រុម​ចាស់​របស់​ខ្លួន Atletico Madrid កាល​ពី​សប្ដាហ៍​មុន ត្រូវ​បាន​ដូរ​ចូល​នៅ​នាទីទី​៩០ កីឡាករ​អន្តរជាតិ​បារាំង Griezmann បាន​ត្រឡប់​មក​មាន​វត្តមាន​ក្នុង​ចំណោម​អ្នក​លេង​ទាំង ១១ ​នាក់​ដំបូង​ជា​ថ្មី​ម្ដង​ទៀត សម្រាប់​ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន La Ceramica នេះ ហើយ​ឆ្លើយ​តប​ចំពោះ​ការ​ទុក​ចិត្ត​របស់​គ្រូ​បង្វឹក​ជាមួយ​គ្រាប់​បាល់​យ៉ាង​អស្ចារ្យ។

សម្រាប់​​ការ​ប្រកួត​នេះ​គ្រាប់​នាំមុខ​ដំបូង​របស់​ក្រុម Barca កើត​ឡើង​ដោយសារ​ការ​ធ្វើ​ឲ្យ​​ចូល​ទី​ខ្លួន​ឯង​របស់​​ខ្សែ​ការពារ​នៃ​ក្រុម​ម្ចាស់​ផ្ទះ Pau Torres នៅ​នាទីទី ​៣ តែ​ក្រុម​ Villarreal ​បាន​តាម​ស្មើ​វិញ​នៅ​នាទីទី ១៤ ដែល​​ជា​ការ​ស៊ុត​របស់​កីឡាករ Gerard Moreno។ ក្រុម​អ្នក​មាន​បុណ្យ​ នាំ​មុខ​ជា​ថ្មី​នៅ​នាទីទី​ ​២០ ដោយ​ខ្សែ​ប្រយុទ្ធ Luis Suarez មុន​នឹង​​ដល់​វេន​របស់​កីឡាករ​ Griezmann មាន​ឱកាស​​បន្ថែម​គម្លាត​នាំ​មុខ ២ ​គ្រាប់​ នៅ​ចុង​ម៉ោង​នៃ​​វគ្គ​ទី​១​។

គ្រាប់​ទី ​៤ ដែល​ដឹកនាំ​ដោយ​លោក Quique Setien ឈ្នះ ១០០ ភាគរយ គឺ​ស៊ុត​បញ្ចូល​ទី​ដោយ Ansu Fati ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង ដែល​មាន​អាយុ​ទើប​តែ ១៧ ​ឆ្នាំ នៅ​នាទីទី ​៨៦ ​ហើយ​​​​​​ ៣ ​ពិន្ទុ​ដ៏​សំខាន់​នេះ អាច​ជួយ​ឲ្យ​ក្រុម Barca កាត់​បន្ថយ​ពិន្ទុ​នាំ​មុខ​របស់​ក្រុម​គូ​ប្រជែង​ Real Madrid ដែល​​នៅ​កំពូល​តារាង មក​ត្រឹម ៤ ​ពិន្ទុ ខណៈ​ការ​ប្រកួត​នៅ​សល់​ ៤ ​ដង​ទៀត​។

លោក Setien បាន​សម្ដែង​ការ​រីករាយ​នូវ​អ្វី ដែល​លោក​បាន​ឃើញ​ពី​កីឡាករ​ Griezmann ជា​ពិសេស​គ្រាប់​ទី ១៥ ​ សម្រាប់​រដូវ​កាល​ដំបូង​របស់​គេ​ជាមួយ​ក្រុម​ ដោយ​អ្នក​ចាត់​ការ​រូប​នេះ​ថ្លែង​ថា​៖ «​គេ​បាន​ភ្ជាប់​ខ្លួន​ឯង​ជាមួយ​កីឡាករ​ដទៃ​បាន​យ៉ាង​ល្អ និង​មាន​ទំនុក​ចិត្ត​ខ្ពស់​»។

បុរស​សញ្ជាតិ​អេស្ប៉ាញ​វ័យ ៦១ ​ឆ្នាំ​ ​បាន​បន្ត​​ថា​៖ «​ខ្ញុំ​រីក​រាយ​ ពេល​បាន​ឃើញ​នូវ​អ្វី ដែល​ខ្ញុំ​រំពឹង​ទុក ក្រោយ​ពី​គេ​ស៊ុត​គ្រាប់​បាល់​​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​គ្រាប់​បាល់​របស់​​ Messi កាល​ប្រកួត​ជាមួយ​ក្រុម Real Betis​»​។

ជាមួយ​គ្នា​នេះ លោក Setien ​សរសើរ​កូន​ក្រុម​របស់​ខ្លួន ទោះបី​ទើប​ឈ្នះ​ជា​លើក​ទី​ ២ សម្រាប់​ការ​ប្រកួត ៥ ​លើក​ចុង​ក្រោយ ​​ក៏​ដោយ​ ដោយ​លោក ​ប្រាប់​ថា​៖ «​គ្រប់​ក្រុម​ទាំង​អស់ មាន​ភាព​ខុសៗ​គ្នា។ ថ្ងៃ​នេះ យើង​មាន​គ្រប់​យ៉ាង​។ ការ​ប្រកួត​មុនៗ ជាពិសេស​ជាមួយ​ក្រុម​ Atletico Madrid និង Sevilla ធ្វើ​ឲ្យ​ពួក​យើង​ពិបាក​ណាស់ ​ដោយសារ​ពួក​គេ​ការពារ​រឹងមាំ​ល្អ​ណាស់​។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ទំនុក​ចិត្ត​ច្រើន​ណាស់ ហើយ​​វា​ក៏​ជា​អ្វី​​ដែល​ខ្ញុំ​ចង់​បាន​តាំង​ពី​មុន​មក​»​៕ AFP/VN