ស្ពីលប៊ឺក៖ កីឡាករ​ Lewis Hamilton បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​តវ៉ា​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍ គឺ​ជា​រឿង​សមភាព ដោយ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ ឬ​ការ​ឃោសនា​អ្វី​ឡើយ ក្រោយ​ពី​​​មាន​អ្នក​បើកបរ ៦ ​រូប​ បដិសេធ​មិន​ចូលរួម​ជាមួយ​ជើងឯក​ពិភព​លោក​កីឡា​​ប្រណាំង​​ឡាន​​ Formula One ដែល​នាំ​គ្នា​លុត​ជង្គង់​ម្ខាង មុន​ការ​ប្រណាំង​បើក​រដូវកាល​ ក្នុង​កម្មវិធី Austrian Grand Prix​​ នា​ប្រទេស​អូទ្រីស។

កីឡាករ Hamilton ដែល​ជា​អ្នក​បើកបរ​ស្បែក​ខ្មៅ​តែ​ម្នាក់​គត់​ក្នុង​វិស័យ​កីឡា​នេះ បាន​ពាក់​អាវ​យឺត​ពណ៌​​​ខ្មៅ​ដោយ​មាន​អក្សរ ​«​Black Lives Matter​» ខណៈ​កីឡាករ​ដទៃ​ទៀត ដែល​តម្រង់​ជួរ​ជាមួយ​រូប​គេ ​នៅ​លើ​ទីលាន​ប្រណាំង​មាន​អក្សរ​រំលេច​យ៉ាង​​ច្បាស់​លើ​អាវ​ថា​៖​ «​បញ្ចប់​ការ​រើសអើង​ជាតិ​សាសន៍​»​។

យ៉ាង​ណា​ក៏​ដោយ ក៏​មាន​កីឡាករ​ ៦ ​រូប ក្នុង​ចំណោម​អ្នក​បើកបរ​ទាំង​ ២០ ​នាក់ ឈរ​ធម្មតា អំឡុង​ការ​តវ៉ា​ ដែល​ធ្វើ​ឡើង​មុន​នឹង​ភ្លេង​ជាតិ​របស់​ប្រទេស​អូទ្រីស ​បន្លឺ​ឡើង​នោះ។ កីឡាករ​ដែល​មិន​​លុត​ជង្គង់​​ទាំង​នោះ មាន​ Charles Leclerc របស់​ក្រុម​ប្រណាំង Ferrari, Max Verstappen សមាជិក​របស់​ក្រុម Red Bull, ​អ្នក​កាច់​ចង្កូត​ឡាន​ឲ្យ​ក្រុម McLaren គឺ​​ Carlos Sainz, កីឡាករ Danil Kvyat របស់​ក្រុម​ Alpha Tauri ព្រម​ទាំង​​សមាជិក​នៃ​ក្រុម Alfa Romeo ២ ​រូប គឺ​កីឡាករ Antonio Giovinazzi និង​អតីត​ម្ចាស់​​ជើងឯក​ពិភព​លោក Kimi Raikkonen។​​

ក្រោយ​ការ​ប្រណាំង​បញ្ចប់​ទៅ កីឡាករ​សញ្ជាតិ​អង់គ្លេស Hamilton របស់​ក្រុម Mercedes ​សរសេរនៅ​លើ​គណនី Instagram ថា​៖ «​ថ្ងៃ​នេះ គឺ​ថ្ងៃ​សំខាន់​មួយ​សម្រាប់​ខ្ញុំ និង​អ្នក​គ្រប់​គ្នា​នៅ​កន្លែង​ផ្សេង​ទៀត ដែល​​កំពុង​តស៊ូ​ឲ្យ​មាន​ និង​សង្ឃឹម​ថា​មាន​ការ​ផ្លាស់​ប្ដូរ មាន​សង្គម​មួយ​ដែល​យុត្តិធម៌ និង​សមភាព​ជាង​នេះ​។ ខ្ញុំ​អាច​ត្រូវ​បាន​រិះគន់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ពី​មជ្ឈដ្ឋាន​ផ្សេងៗ តែ​ទង្វើ​​នេះ គឺ​ដើម្បី​ភាព​ស្មើ​គ្នា មិន​មែន​នយោបាយ ឬ​ការ​ឃោសនា​អ្វី​ឡើយ​»​។​

ចំណែក​ឯ​កីឡាករ Verstappen បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​មិន​លុត​ជង្គង់​នេះ​ថា​៖ «​ខ្ញុំ​មិន​លុត​ជង្គង់​ ​​មិន​មែន​មាន​ន័យ​ថា ខ្ញុំ​​មាន​ការ​ប្ដេជ្ញា​ប្រឆាំង​នឹង​ការ​រើស​អើង​ជាតិ​សាសន៍​តិច​ជាង​អ្នក​ដទៃ​នោះ​ឡើយ​។ ខ្ញុំ​ស្មោះ​ស្ម័គ្រ​ណាស់​ចង់​ឲ្យ​មាន​ភាព​ស្មើ​គ្នា និង​តវ៉ា​ដាច់​ខាត​ចំពោះ​ការ​រើសអើង​ពូជ​សាសន៍។

កីឡាករ​សញ្ជាតិ​ហូឡង់​វ័យ ២២ ឆ្នាំ បាន​សរសេរ​បន្ត​ទៀត​ថា៖ «​តែ​ខ្ញុំ​ជឿ​ថា គ្រប់​គ្នា​មាន​សិទ្ធិ​សម្ដែង​ការ​យល់​ឃើញ​របស់​ខ្លួន​ក្នុង​ពេល និង​តាម​វិធី​ដែល​ស័ក្តិ​សម​នឹង​ខ្លួន​របស់​ពួក​គេ។ ខ្ញុំ​មិន​បាន​លុត​ជង្គង់​ពិត​មែន តែ​ខ្ញុំ​គាំទ្រ​រាល់​ការ​ជ្រើសរើស​ផ្ទាល់​ខ្លួន​របស់​អ្នក​បើកបរ​ទាំង​អស់​»​។​

ជាមួយ​គ្នា​នេះ សមាគម​អ្នក​បើកបរ​ក្នុង​កម្មវិធី (GPDA) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ ដែល​អះអាង​ពី​កីឡាករ​ប្រណាំង​ឡាន​​ទាំង​អស់ បាន​រួម​គ្នា​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិសាសន៍ តែ​គាំទ្រ​រាល់​ការ​យល់​ឃើញ​របស់​គ្រប់​គ្នា ដែល​មាន​សិទ្ធិ​បង្ហាញ​ការ​តវ៉ា​ប្រឆាំង​តាម​របៀប​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​។

យ៉ាង​ណា​ ងាក​មក​ការ​ប្រណាំង​ដែល​ត្រូវ​បាន​ផ្អាក​ពី​ ១ ដំណាក់​កាល ទៅ​ ១ ​ដំណាក់​កាល ដោយសារ​ការ​ផ្ទុះឡើ​ង​នូវ​វីរុស​កូរ៉ូណា​ ហើយ​ទើប​តែ​​បាន​ចាប់​ផ្ដើម​កម្មវិធី​ដំបូង​របស់​ខ្លួន​ជា​ផ្លូវ នៅ​ប្រទេស​អូទ្រីស​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ឃើញ​ថា ម្ចាស់​ជើងឯក​ចាស់​ គឺ​កីឡាករ​ Hamilton ដែល​សង្ឃឹម​ថា ខ្លួន​នឹង​ឈ្នះ ១ ​លើក​ទៀត ដើម្បី​តាម​ទាន់​កំណត់ត្រា​របស់​អតីត​អ្នក​បើកបរ​ដ៏​​ឆ្នើម​ Michael Schumacher នោះ បញ្ចប់​​ទៅ​ត្រឹម​ចំណាត់​ថ្នាក់​ទី ​៤ ប៉ុណ្ណោះ ខណៈ​អ្នក​លេខ ​១ គឺ​មិត្ត​រួម​ក្រុម​របស់​គេ គឺ​ Valtteri Bottas ដែល​បញ្ជា​ឡាន​របស់​ខ្លួន​ឲ្យ​ទៅ​ដល់​ទី​ព្រ័ត្រ​មុន​គេ​ជាមួយ​នឹង​ថិរវេលា ១ ​ម៉ោង ៣០ ​​នាទី និង ​៥៥.៧៣៩ ​វិនាទី​៕ AFP/VN