ក្រុង​ឡុងដ៍​: លោក Frank Lampard បាន​និយាយ​ថា កីឡាករ Kai Havertz ទើប​តែ​ចាប់​ផ្ដើម​កម្ដៅ​ម៉ាស៊ីន​​ទេ ក្រោយ​ពី​មានលទ្ធភាពស៊ុត​បញ្ចូល​ទី​ដល់​ទៅ ៣ គ្រាប់ ​ជួយ​ក្រុម​តោ​ខៀវ Chelsea បំបាក់​ក្រុម​ Barnsley ៦-០ នៅ​ទឹក​ដី​ខ្លួន​ឯង ឡើង​ទៅ​ជុំ​ទី៤​ ក្នុង​កម្ម​វិធី League Cup ខណៈ​ក្រុម Arsenal ក៏​កក់​កៅ​អី​នៅ​វគ្គ​បន្ទាប់​ដូចគ្នា​ដែរ ជាមួយ​នឹង​ជ័យ​ជម្នះ ២-០ លើ​ក្រុម​ម្ចាស់​ផ្ទះ Leicester City​។

ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប Havertz បាន​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍ សម្រាប់ ២ ​ប្រកួត​ដំបូង​របស់​ខ្លួន នៅ​ក្រប​ខ័ណ្ឌ Premier League ចាប់​តាំង​ពីធ្វើ​ការ​ផ្ទេរ​ពី​ក្រុម​នៅ​អាល្លឺម៉ង់ Bayer Leverkusen ជាមួយ​នឹង​ទឹក​ប្រាក់​ ដែល​គេ​ដឹង ៧១ ​លាន​ផោន ($​៩៤​ លាន​) ពោល​គឺ​ជា​តម្លៃ​ខ្ពស់​បំផុត​ ក្នុងកញ្ចប់​ទឹក​ប្រាក់​ ២០០​ លាន​ផោន (ប្រមាណ $២៥៥ លាន) របស់​ក្រុម Chelsea ដែល​ចំណាយ​ក្នុង​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​ នា​រដូវ​ក្ដៅ​នេះ​។

តែ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ២១ ​ឆ្នាំ គឺ​ជា​ម្នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​កីឡាករ​ ៣ ​រូប ដែល​ដណ្ដើម​បាន​កន្លែង​របស់​ខ្លួន​បាន​វិញ ក្រោយ​ក្រុម​ទទួល​បរាជ័យ ២-០ ក្រោម​ថ្វី​ជើង​ក្រុម Liverpool កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ការ​ផ្ដល់​ឱកាស​របស់​លោក Lampard ​នេះ ដូច​ជួយ​ឲ្យ​គេ​ ស៊ុត​បាន​ ៣ គ្រាប់​ដ៏សំខាន់​ជា​លើក​ដំបូង ក្នុង​អាជីព​។​​

គ្រូ​បង្វឹក​ក្រុម Chelsea លោក Lampard បាន​និយាយ​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ Havertz​។ វា​គឺ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពី​គេ។ រូប​គេ​អត់បាន​ធ្វើ​ការ​ប្រកួត​មុន​រដូវកាល​បើក ដូច្នេះ ខ្ញុំ​ចង់​ឱ្យ​គេ​មាន​ពេល​កាន់​តែ​ច្រើន​ជាមួយ​មិត្ត​រួម​ក្រុម នៅលើ​ទីលាន​ ដើម្បី​រៀន​សូត្រ​ពី​របៀប ដែល​យើង​លេង និង​គាប​សង្កត់​។ វា​ជា​យប់​ដ៏​ពិសេស​អស្ចារ្យ​របស់​ Havertz​»​។

Havertz ត្រូវ​បានដូរ​ចេញនៅ ២៥​ នាទី មុន​ចប់​ការ​ប្រកួត​ផ្លូវការ តែ​ពេល​នោះ រូប​គេ​បាន​សម្រេច​ហែត​ទ្រីក (ស៊ុត ៣ គ្រាប់​) រួច​ហើយ ដោយ​​ទាំង​ ៣ គ្រាប់​នោះ កើត​ឡើង​នៅ​នាទីទី២៨ ៥៥ និង​៦៥​។

ខ្សែ​ការ​ពារ​ថ្មី ២ ​រូប គឺ​ Thiago Silva និង Ben Chilwell ក៏​ធ្វើ​ការ​បង្ហាញ​វត្តមាន​​លើក​ដំបូង​របស់​ខ្លួន​​ជាមួយ​ក្រុម​តោ​ខៀវ​ផង​ដែរ ខណៈ​ខ្សែ​ប្រយុទ្ធ Tammy Abraham និង​ខ្សែ​បម្រើ​ Ross Barkley បាន​ទាញ​ផល​ពី​ការ​លេង​ជម្រើស​ដំបូង ដែល​កម្រ​នឹង​ទទួល​បាន​ ដោយ​ការ​ធ្វើ​ឲ្យ​ឈ្មោះ​ខ្លួន​មាន​នៅ​លើ​ផ្ទាំង​ដាក់​ពិន្ទុ ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​បាន​ម្នាក់ ១​ គ្រាប់​ ដូច​គ្នា​។

ក្រុម​ Chelsea នឹង​ឡើង​ទៅ​ប្រឈម​ជាមួយ​គូរវាង​ក្រុម Tottenham Hotspur និង Leyton Orient ដែល​ត្រូវ​បាន​រំសាយ​ការ​ប្រកួតកាល​ពី​ថ្ងៃ​អង្គារ ដោយសារ​មាន​ករណី​ឆ្លង​វីរុស​កូសរ៉ូណា​ ក្នុងចំណោម​កីឡាករ​របស់​ក្រុម​ម្ចាស់​ផ្ទះ Leyton​។

ចំណែក​ឯគ្រាប់​បាល់​ ​​​នៅ​កីឡដ្ឋាន King Power ដែល​កើត​ឡើង​ដោយ​​កីឡាករ Christian Fuchs របស់​ក្រុម Leicester ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង នៅ​នាទីទី​៥៧ និង​ការ​ស៊ុត​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Eddie Nketiah នៅ​នាទីទី​៩០ គ្រាប់​គា្រន់​ជួយ​​ក្រុម Arsenal ដែល​ដឹក​នាំ​ដោយ​លោក​ Mikel Arteta បាន​ឆ្លង​ទៅ​ជុំ​បន្តដែរ​។

ក្រុម​ Arsenal ទំនង​ជា​ត្រូវ​ប្រឈម​ជាមួយ​ក្រុម Liverpool នៅ​ទឹក​ដី Anfield ដល់​ទី ២​ លើក ក្នុង​រយៈ​ពេល ៣ ​ថ្ងៃ នៅ​សប្ដាហ៍​ក្រោយ ដោយ​ដំបូង​ត្រូវ​ប៉ះ​គ្នា​នៅ​ក្រប​ខ័ណ្ឌ Premier League ហើយ​បន្ទាប់​មកអាច​នឹង​ជួប​គ្នា​នៅ​ក្នុង​វិធី​ League Cup នេះ បើ​ក្រុម​របស់​លោក​ Jurgen Klopp ទម្លាក់​ក្រុម Lincoln នៅ​ថ្ងៃ​នេះ​បាន​។​​

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ លោក Arteta បាន​និយាយ​ថា​៖ «​វា​តឹង​តែង​ណាស់ ក្នុង​បាន​សិទ្ធិ​ទៅ​អឺរ៉ុប និង​ពិភពលោក​។ ត្រៀម​ខ្លួន​ឱ្យ​ល្អ ហើយ​ចាំ​មើល​ថា តើ​នឹង​ទៅ​ជា​យ៉ាង​ម៉េច​?»​៕ AFP/VN