ក្រុង​គែរៈ កីឡាករ​ Odion Ighalo មាន​ឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​​ពាន​រង្វាន់​ស្បែក​ជើង​មាស​នៅ​ព្រឹត្តិ​ការណ៍​ Cup of Nations ​ក្រោយ​ពី​រូប​គេ​រក​បាន​បំប៉ោង​សំណាញ់​ទី​​ ជួយ​ឲ្យ​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ឈ្នះ​ជម្រើស​ជាតិ​ទុយ​នេស៊ី​ ១-០ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះដើម្បី​បាន​​​ចំណាត់​ថ្នាក់​លេខ​ ៣​ នៅ​ព្រឹត្តិ​ការណ៍​នេះ​។​

ខ្សែ​ប្រយុទ្ធ​នៅ​ក្លិប​ Shanghai Shenhua រូប​នេះ​រក​បាន​តែ ​១​ គ្រាប់​គត់​នៅ​នាទី​ទី​៣ ​​​​​​ជួយ​ឲ្យ​ក្រុម​នីហ្សេរីយ៉ា​ ឈ្នះ​ក្រុម​ទុយ​នេស៊ី​ ១-០ នៅ​កីឡ​ដ្ឋាន​ Al Salam នៅ​ក្នុងទី​ក្រុង​គែរ​ ប្រទេស ​អេហ្ស៊ីប​។​

នេះ​ជា​គ្រាប់​បាល់​លើក​ទី​៥ ​របស់​កីឡាករ​ Ighalo នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​នេះ​ដោយ​បាន​នាំ​មុខ ​២​ គ្រាប់​ ចំពោះ​កីឡាករ​ Riyad Mahrez, Adam Ounas, Cedric Bakambu និង​កីឡាករ​ Sadio Mane ដែល​ពួក​គេ​ម្នាក់​ៗ​រក​បាន ​៣ ​គ្រាប់​។​

កីឡាករ​អាល់​ហ្សេរី Mahrez និង Ounas និង​កីឡាករ​សេណេហ្គាល់​ Mane នៅ​​មាន​ឱកាស​ក្នុង​ការ​បន្ថែម​ចំនួន​គ្រាប់​បាល់​របស់​ខ្លួន​នៅ​ពេល​​ក្រុម​ទាំង​ ២ ​នេះ​ នឹង​ជួប​គ្នា​នៅ​យប់​ថ្ងៃ​សុក្រ​សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​កីឡដ្ឋានអន្តរ​ជាតិ​ក្រុង​គែរ​។​​

ប៉ុន្តែ​ប្រសិន​បើ​រូប​​គេ​ទាំង​ ៣​ នាក់​​ គ្មាន​ឱកាស​នឹង​បង្កើន​ចំនួន​គ្រាប់​បាល់​ទេ​ នោះ​កីឡាករ​ Ighalo នឹង​ក្លាយ​ជា​ម្ចាស់​ស្បែក​មាស​នៅ​ព្រឹត្តិ​ការណ៍ Cup of Nations ប្រចាំ​ឆ្នាំ ២០១៩​​ នេះ​ហើយ៕ AFP/SN​