ក្រុង​មី​ឡាន: ក្រុម Inter Milan ដណ្តើម​បាន​កៅអី​​ចុង​ក្រោយ​នៃក្រប​ខ័ណ្ឌ Champions League តាម​រយៈ​ការ​វាយ​បក​ដើម្បី​យកឈ្នះ​ក្នុង​លទ្ធ​ផល ៣-២ លើ​ក្រុម​ Lazio នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​​កាល​នេះ នា​កីឡដ្ឋាន Stadio Olimpico កាល​ពី​ថ្ងៃ​អាទិត្យ​។

ក្រុម Inter ត្រូវ​តែ​​ដណ្តើម​យក​ជ័យជម្នះ​ដើម្បី​​ដណ្តើម​យក​ចំណាត់​​ថ្នាក់​លេខ ​៤​ ពី​ក្រុម Lazio ដែល​​មាន​លទ្ធផល​ពី​ការ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ ២ ល្អ​ប្រសើរ​ជាង និង​ត្រូវ​ការ​ត្រឹម​​តែ​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួ​ត​ពី​សំណាក់​​ខ្សែ​ប្រយុទ្ធ Mauro Icardi និង​ខ្សែ​បម្រើ Matias Vecino បាន​ជួយ​ឲ្យ​ក្រុម Inter វិល​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​អឺ​រ៉ុប ជាលើក​ទី ​១ បើ​គិត​ចាប់​តាំងពី​រដូវ​ កាល​ឆ្នាំ ​២០១១-២០១២ រួម​ជា​មួយ​នឹងក្រុម Juventus, Napoli និង Roma​​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អា​ហ្សង់ទីន Icardi បាន​ឲ្យ​ដឹង​ថា៖ «គោល​ដៅ​របស់​យើង​គឺ​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League​។ គោល​បំណង​បាន​សម្រេច​។ ការ​ប្រកួត​នេះ មិន​មែន​ជា​ការ​ប្រកួត​ដ៏​ងាយ​ស្រួល​ឡើយ​ ប៉ុន្តែ យើង​បាន​បង្ហាញពី​ភាពខ្លាំង​ក្នុង​ការ​វិល​ទៅ​កាន់​លទ្ធផល​ល្អ​​ប្រសើរ​​វិញ​»​៕ IS