រុស្ស៊ី: ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Isco ជឿជាក់ថា ក្រុមរបស់គេត្រូវតែរក្សាការស្ថិតក្នុងភាពប្រាកដប្រជានៃចិត្តវិទ្យា ដែលបានជួយឲ្យពួកគេឈ្នះពាន World Cup កាលពីឆ្នាំ ២០១០ ដើម្បីសម្រេចបាននូវលទ្ធផល ដែលពួកគេត្រូវការក្នុងការប្រកួតកាត់សេចក្តីនៃពូល B ជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុក នៅរាត្រីនេះ។
ក្រោយពីទទួលបានលទ្ធផលស្មើ ៣-៣ ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងការប្រកួតបើកឆាករបស់ពួកគេ ក្រុមជម្រើសជាតិអេស្ប៉ាញ បានទទួលជ័យជម្នះទាំងលំបាកក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិអ៊ីរ៉ង់ និងត្រូវការយ៉ាងហោចណាស់ ១ ពិន្ទុក្នុងទីក្រុង Kaliningrad នៅពេលប្រកួតជាមួយក្រុមម៉ារ៉ុក ដែលនឹងត្រូវលេងដណ្តើមយកត្រឹមតែមោទនភាពប៉ុណ្ណោះ ខណៈការឈ្នះកៅអីទៅវគ្គ ១៦ ក្រុមចុងក្រោយ ស្ថិតក្នុងភាពស្តួចស្តើង។
នៅមុនពេលការប្រកួតនេះ Isco របស់ Real Madrid បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងត្រូវតែជឿជាក់ដើម្បីបញ្ចប់ទាំងការរីករាយក្នុងការប្រកួតដែលនឹងកាត់សេចក្តីលើជោគវាសនារបស់យើង។ យើងត្រូវតែលេង បញ្ជូនបាល់ឲ្យបានច្រើន និងរក្សាការគ្រប់គ្រងបាល់។ ប្រសិនបើយើងលេងបានយ៉ាងរហ័សនៅលើទីលាន ឱកាសនឹងកើតឡើង»។
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានឈ្នះពានធំ ៣ ដែលរួមមានពាន Euro ២ លើក និង World Cup ១ លើកនៅចន្លោះឆ្នាំ ២០០៨-២០១២ ក្រោមការបង្ហាញពីទម្រង់លេងនៃការគ្រប់គ្រងបាល់ឲ្យបានច្រើនដែលត្រូវបានគេហៅថា «Tiki Taka»។
ការលេងដោយចាប់ដៃគូជាមួយនឹងខ្សែបម្រើ Lucas Vazquez និង Marco Asensio តារាឆ្នើម ក្លាយជាកីឡាករដ៏មានទេពកោសល្យជំនាន់ថ្មីរបស់អេស្ប៉ាញ ដែលកំពុងសម្លឹងរកអ្នកបំពេញកន្លែងទំនេរក្នុងក្រុមជម្រើសជាតិ ក្រោយពីការចូលនិវត្តន៍របស់តារាឆ្នើម Xavi។
លោក Queiroz និងអ៊ីរ៉ង់ ត្រូវប៉ះ Ronaldo រាត្រីនេះ
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងសម្លឹងរកក្នុងការជួយឲ្យប្រទេសរបស់គេឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup នៅរាត្រីនេះ តាមរយៈការផ្តល់ការខកចិត្តដល់អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Carlos Queiroz និងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់។
Ronaldo និងលោក Queiroz សុទ្ធសឹងកំពុងតែបង្ហាញខ្លួនក្នុងយុទ្ធនាការ World Cup ជាលើកទី ៤ របស់ពួកគេ ក្នុងនាមជាកីឡាករ និងគ្រូបង្វឹករៀងៗខ្លួន ហើយទំនាក់ទំនងរបស់អ្នកទាំង ២ កើតឡើងចាប់តាំងពីការចូលរួមរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះជាមួយនឹងក្លិប Manchester United ក្នុងនាមជាយុវជនម្នាក់ កាលពីឆ្នាំ ២០០៣ មកម្ល៉េះ។
គ្រូបង្វឹកវ័យ ៦៥ ឆ្នាំរូបនេះ បានធ្វើការជាគ្រូបង្វឹកជំនួយរបស់លោក Alex Ferguson ចំនួន ២ លើក នៅចន្លោះពេលដែលលោកបានចំណាយពេលដ៏ខ្លីក្នុងការដឹកនាំក្លិប Real Madrid ដែល Ronaldo បានចូលរួមកាលពីឆ្នាំ ២០០៩ ក្នុងការផ្ទេរមួយដែលលោក Queiroz បានជួយសម្របសម្រួល។
ទោះបីជាយ៉ាងណាទំនាក់ទំនងរបស់អ្នកទាំង ២ បានស្ថិតក្នុងភាពជូរចត់ ក្រោយពីការធ្លាក់ចេញត្រឹមជុំទី ២ ក្រោមស្នាដៃក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុង World Cup ឆ្នាំ ២០១០ ដែលកាលនោះ Ronaldo បានលើកឡើងថា លោក Queiroz គួរតែជាអ្នកត្រូវស្តីបន្ទោសសម្រាប់ការរងបរាជ័យនេះ។
បន្ទាប់មកក្រុមជម្រើសជាតិព័រទុយហ្គាល់ បានធ្លាក់ចេញត្រឹមវគ្គចែកពូលកាលពី ៤ ឆ្នាំមុន ក្នុងប្រទេសប្រេស៊ីល ប៉ុន្តែ Ronaldo កំពុងតែដឹកនាំក្រុមជម្រើសជាតិរបស់គេតែម្នាក់ឯង ក្នុងយុទ្ធនាការរបស់ពួកគេនៅរុស្ស៊ី តាមរយៈការរកបានគ្រាប់បាល់ទាំង ៤ គ្រាប់របស់ក្រុមខ្លួនមកទល់ពេលនេះ៕
កម្មវិធីប្រកួតនៅរាត្រីនេះ
អារ៉ាប៊ីសាអ៊ូឌីត v អេហ្ស៊ីប -9 យប់
អ៊ុយរូហ្គាយ v រុស្ស៊ី - 9 យប់
អ៊ីរ៉ង់ v ព័រទុយហ្គាល់ -1 រំលងអាធ្រាត្រ
អេស្ប៉ាញ v ម៉ារ៉ុក -1 រំលងអាធ្រាត្រ