ក្រុងលីយ៉ុង៖ នាយកកីឡាក្លិប Lyon លោក Juninho ចង់ឲ្យខ្សែប្រយុទ្ធ Karim Benzema ដែលកំពុងលេងឲ្យក្លិប Real Madrid វិលត្រឡប់មក បញ្ចប់អាជីពរបស់ខ្លួន នៅក្លិប Lyon ដែលលេងនៅក្របខ័ណ្ឌ Ligue 1។
កីឡាករវ័យ ៣១ ឆ្នាំ Benzema បានឆ្លងកាត់សាលាបណ្តុះបណ្តាលបាល់ទាត់នៅក្លិប Lyon និងបានក្លាយជាតារាបាល់ទាត់នៅក្របខ័ណ្ឌបារាំង Ligue 1 មុនពេលទៅលេងឲ្យ Real ក្នុងតម្លៃខ្លួន ៣៥ លានអឺរ៉ូ (ប្រហែល ៣៨ លានដុល្លារអាមេរិក) នៅខែ កក្កដា ឆ្នាំ២០០៩។
កីឡាករសញ្ជាតិបារាំងរូបនេះ រកបាន ២៣៣ គ្រាប់ ឲ្យក្លិប Madrid និងជួយឲ្យក្លិបអេស្ប៉ាញមួយនេះ ឈ្នះពានរង្វាន់ LaLiga ចំនួន ២ លើក និងពានរង្វាន់ Champions League ៤ លើក ព្រមទាំងពានរង្វាន់ផ្សេងៗទៀត។ ប៉ុន្តែពេលនេះ លោក Juninho ដែលធ្លាប់លេងជាមួយ Benzema នៅក្លិប Lyon ចង់ឲ្យខ្សែប្រយុទ្ធរូបនេះ វិលត្រឡប់ទៅចូលរួមនៅក្លិប Lyon វិញ។
នាយកកីឡាសញ្ជាតិប្រេស៊ីលរូបនេះ បានប្រាប់ទូរទស្សន៍ OLTV ថា៖ «គោលបំណងរបស់ខ្ញុំ គឺចង់ជំរុញឲ្យ Karim បញ្ចប់អាជីពរបស់គាត់ នៅក្នុងពេលចូលរួមនឹងក្លិប Lyon។ គាត់មកពីទីនេះ ហើយគាត់មានអារម្មណ៍ពីទីនេះ ចុះហេតុអ្វីយើងមិនប្រឹងប្រែងផ្នែកសេដ្ឋកិច្ចរវាងភាគីទាំង ២ ដើម្បីសម្រេចរឿងនេះ?»។
លោក Juninho បានបន្ថែមទៀតថា៖ «យើងមិនអាចផ្ដល់ប្រាក់ខែដូចនឹងក្លិប Real Madrid បានទេ ប៉ុន្តែយើងនឹងរង់ចាំពេលវេលាត្រឹមត្រូវ។ យើងបានឆ្លើយឆ្លងសារជាមួយនឹងគ្នានៅពេលខ្ញុំនៅប្រទេស ប្រេស៊ីល ហើយខ្ញុំមានអារម្មណ៍ថា គាត់ក៏ចង់មកទីនេះផងដែរ។ គាត់មានការគោរពច្រើនចំពោះក្លិប Lyon»។
លោក Juninho បានបន្តទៀតថា៖ «ខ្ញុំចង់ឲ្យគាត់មកលេងជាមួយយើងរយៈពេល ២ ឆ្នាំ បន្ទាប់មកធ្វើជាជំនួយការហ្វឹកហាត់ យុវកីឡាករមួយចំនួន ហើយកីឡាករ Karim អាចជាអ្នកដឹកនាំ ដែលយើងត្រូវការ។ ខ្ញុំសុបិនថា គាត់នឹងបញ្ចប់អាជីពរបស់គាត់នៅក្លិប Lyon នេះ ដែលជាស្រុកកំណើតរបស់គាត់»។
កីឡាករ Benzema បានចាប់ផ្ដើមយ៉ាងល្អនៅរដូវកាលនេះ ដោយរកបាន ១១ គ្រាប់ ក្នុង ១៥ ប្រកួត នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Real Madrid។ ទន្ទឹមនេះដែរក្លិប Lyon កំពុងតស៊ូនៅក្នុងការប្រកួតលើកទី ១៤ នៅក្នុងក្របខ័ណ្ឌ Ligue 1 ដោយលោក Rudi Garcia ត្រូវចូលដឹកនាំជំនួសលោក Sylvinho នៅពេលជួបបញ្ហាកាលពីខែមុន៕ AFP/SN