ក្រុង​ឡុងដ៍៖ ប្រធាន​ក្រុម​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស គឺ​ខ្សែ​ប្រយុទ្ធ Harry Kane បាន​និយាយ​កាល​ចុង​សប្ដាហ៍​ថា ​ការ​ប្រកួត​បាល់​ទាត់​​ក្នុង​ក្របខ័ណ្ឌ Premier League ប្រចាំ​​រដូវកាល​នេះ គួរ​តែ​រំលាយ​ចោល​ ប្រសិន​បើ​មិន​បញ្ចប់​ទាំង​ស្រុង​នៅ​ចុង​ខែ​មិថុនា​ ដោយសារ​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា​ទេ​នោះ​។​​

ការ​​ប្រកួត​លីក​លំដាប់​កំពូល​របស់​ប្រទេស ​​អង់គ្លេស ពេល​នេះ​ត្រូវ​បាន​ផ្អាក​យ៉ាង​ហោច​រហូត​ដល់​ថ្ងៃ​ទី ​៣០ ខែ​មេសា ដោយសារ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ ​១៩ ស្រប​ពេល​ការ​ប្រកាស​ពី​ការ​ពន្យារពេល ​ដែល​ទំនង​នឹង​មាន​​បន្ថែម​ទៀត នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ឆាប់ៗ​នេះ។​​​

មិន​ទាន់​មាន​ដំណោះ​ស្រាយ​ច្បាស់លាស់​ថា​ តើ​ពេល​ណា​​ការ​ប្រកួត​បាល់ទាត់​នឹង​អាច​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​​ឡើយ​ទេ ប៉ុន្តែ​ព្រឹត្តិការណ៍​អឺរ៉ូ ​ឆ្នាំ ​២០២០ (Euro 2020) ត្រូវ​បាន​លុប​ចោល​ហើយ ដែល​នេះ​ផ្ដល់​ឱកាស​ឲ្យ​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុក​ប្រចាំ​រដូវកាល​នេះ ពិសេស​លីក​អាជីព​ធំៗ ​អាច​ធ្វើ​សេចក្ដី​សម្រេច​ចុង​ក្រោយ​នៅ​រដូវ​ក្តៅ​នេះ​។

ប៉ុន្តែ​​សម្រាប់​កីឡាក​ Kane ដែល​បច្ចុប្បន្ន​លេង​ជាមួយ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្លួន​ថា ​មិន​ចង់​ឲ្យ​ប្រធាន​រៀបចំ​ក្របខ័ណ្ឌ Premier League បណ្ដោយ​ឲ្យ​យុទ្ធនាការ​នា​ពេល​នេះ ទៅ​ហួស​ខែ​មិថុនា ​នោះ​ទេ ឬ​សូម្បី​តែ​ការ​ចាប់​ផ្ដើម​រដូវកាល​ថ្មី ២០២០​-២០២១ ដូច​បាន​ស្នើ​ឡើង​នូវ​ពេល​វេលា​ខ្លះ​កន្លង​មក​។​

និយាយ​ជាមួយ​លោក Jamie Redknapp ជាអតីត​កីឡាករ​របស់​ក្រុម ​Liverpool ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម Instagram កីឡាករ​ Kane បាន​ប្រាប់​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ អ្នក​រៀបចំ Premier League នឹង​ធ្វើ​គ្រប់​យ៉ាង​តាម​ដែល​ពួក​គេ​អាច ដើម្បី​បញ្ចប់​រដូវកាល​នេះ​ទាំង​ស្រុង ហើយ​ខ្ញុំ​ដឹង​ថា​ពួក​គេ​កំពុង​ពិចារណា​រាល់​ជម្រើស​ដែល​អាច​ទៅ​រួច​»​។

ខ្សែ​ប្រយុទ្ធ​របស់​អង់គ្លេស Kane បាន​និយាយ​បន្ត​ថា​៖ ​«​សម្រាប់​ខ្ញុំ ខ្ញុំ​មាន​ជំនឿ​ថា​ យើង​ពិត​ជា​ចាំបាច់ ក្នុង​ការ​ព្យាយាម​​​​បញ្ចប់​រដូវកាល​នេះ​ឲ្យ​បាន​។ ប៉ុន្តែ​វា​ត្រូវ​ការ​ដំណោះ​ស្រាយ​​ច្បាស់លាស់​មួយ​ ដែល​មាន​ភាព​​ពេញ​លេញ ​​ទើប​គ្រប់​គ្រាន់​។ សម្រាប់​ការ​ប្រកួត​ដែល​អូស​បន្លាយ​ដល់​ខែ​កក្កដា និង​សីហា និង​ការ​ចាប់​ផ្ដើម​រដូវកាល​ថ្មី ខ្ញុំ​មើល​មិន​ឃើញ​ពី​ផល​ចំណេញ​នៅ​ក្នុង​នោះ​ទេ។ ប៉ុន្តែ​ជាក់​ស្ដែង ខ្ញុំ​មិន​សូវ​ដឹង​រឿង​រ៉ាវ​ច្រើន​ពាក់ព័ន្ធ​នឹង​របៀប​របប​នៃ​ការ​រៀប​ចំ​ចាត់ចែង​ការ​ប្រកួត និង​រឿងរ៉ាវ​ខាង​ហិរញ្ញវត្ថុ​ឡើយ​»​។

កីឡាករ​វ័យ ​២៦ ​ឆ្នាំ​រូប​នេះ បាន​និយាយ​បន្ថែម​ថា​៖ ​«​សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្លួន​ គឺ​គ្មាន​អ្វី​សង្ស័យ​ទេ ចង់​​បញ្ចប់​នៅ​ចុង​ខែ​មិថុនា។ ប្រសិន​បើ​មិន​អាច​បញ្ចប់​រដូវកាល​ទាំង​ស្រុង​តាម​អ្វី​ដែល​ខ្ញុំ​លើក​ឡើង​ទេ យើង​ត្រូវ​តែ​ពិនិត្យ​មើល​ជម្រើស​ផ្សេង​ទៀត​​ ព្រម​ទាំង​គ្រាន់​តែ​រៀបចំ​ផែន​ការ សម្រាប់​រដូវ​កាល​ថ្មី​ប៉ុណ្ណោះ​»​។

ការ​ប្រកួត​ប្រចាំ​ក្របខ័ណ្ឌ Premier League អាច​នឹង​ត្រូវ​រៀបចំ​នា​ពេល​ខាង​មុខ ដោយ​អត់​មាន​អ្នក​គាំទ្រ​ចូលរួម​លើក​ទឹក​ចិត្ត ដើម្បី​បញ្ចប់​រដូវកាល​ ដែល​នៅ​សេសសល់ ពេល​ច្បាប់​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ នៅ​ចក្រភព​អង់គ្លេស​ត្រូវ​បាន​បញ្ចប់​។​​​ ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​កីឡាករ Kane មិន​គិត​ថា​ ការ​ពន្យារពេល​រដូវកាល នឹង​ជួយ​គ្រប់​គ្នា​ឲ្យ​បាន​ប្រសើរ​នោះ​ទេ ជា​ពិសេស​បើ​រំកិល​រហូត​ដល់​ឆមាស​បន្ទាប់​។ ​

កីឡាករ​រូប​នេះ​ បាន​និយាយ​បន្ត​ថា​៖ ​«​រដូវកាល​នេះ​ ត្រូវ​បាន​ពន្យារពេល​បន្ត​ទៀត​ ដែល​វា​នឹង​​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​រដូវ​កាល​ក្រោយ​ ដល់​ការ​ប្រកួត​អឺរ៉ូ ឆ្នាំ ​២០២១ និង​សូម្បី​តែ World Cup ឆ្នាំ ​២០២២​។ នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ប៉ុណ្ណោះ​»​។​​​

ជា​ចុង​ក្រោយ​ខ្សែ​ប្រយុទ្ធ​ដ៏​មាន​​ទេពកោសល្យ Harry Kane បាន​និយាយ​ថា​៖ ​«ទោះ​ជា​យ៉ាង​ណា ទាំង​អស់​នេះ វា​ហួស​ពី​សមត្ថភាព​របស់​ខ្ញុំ គ្មាន​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ម្នាក់​ឯង​បាន​ទេ ដូច្នេះ​តាម​ទស្សនៈ​របស់​ខ្ញុំ ពួក​យើង​ត្រឹម​តែ​អាច​រង់ចាំ​មើល​ថា ​អ្វី​នឹង​កើត​ឡើង​។ ជាមួយ​នឹង​ក្ដី​សង្ឃឹម​យ៉ាង​ពេញ​លេញ គ្រប់​យ៉ាង​នឹង​ត្រូវ​ដោះ​ស្រាយ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ ហើយ​ពួក​យើង​នឹង​អាច​ធ្វើ​សកម្មភាព​ប្រក្រតី​​ឡើង​វិញ​»​៕ ​​​AFP/VN