ក្រុងដូហាៈ កីឡាការិនី​វាយ​កូនបាល់​អាមេរិក Sofia Kenin បាន​បរាជ័យ​ជា​លើក​ទី​ ៣ ពីថ្ងៃ​អង្គារ​តាំងពី​បានឈ្នះ​ពាន Australia Open នៅ​ដើមខែ​នេះ ដោយ​បាន​ចាញ់​យុវ​កីឡាការិនី​អ៊ុយក្រែន Dayana Yastremska នៅក្នុង​ជុំ​ទី​ ២ ​នៃ​ការប្រកួត​ពាន Doha ខណៈ​កីឡាការិនី​ជាប់​លេខ​ ១ ​ពិភពលោក Ashleigh Barty បាន​ទទួល​ជ័យជម្នះ​។

កីឡាការិនី​ជាប់​លេខ​ ៥ ​ពិភពលោក Kenin ដែល​បាន​ឈ្នះ​ពានរង្វាន់ Grand Slam លើក​ដំបូង​របស់ខ្លួន​នៅ​ទីក្រុង Melbourne នោះបាន​ចាញ់​កីឡាការិនី Yastremska ក្នុង​លទ្ធផល ៦-៣, ៧-៦ (៧/៤)​។

កីឡាការិនី Kenin បាន​ចាញ់​ ១ ​ប្រកួត​ក្នុង​ចំណោម​ ២ ​ប្រកួត​របស់ខ្លួន​ក្នុង​ជ័យជម្នះ​នៅ​វគ្គ​ជម្រុះ​ពាន Fed Cup នៅ​សហរដ្ឋអាមេរិក​ទៅលើ​កីឡាការិនី​Latvia មុនពេល​ចាញ់​កីឡាការិនី​កាហ្សាក់ស្ថាន Elena Rybakina នៅ​ជុំ​ដំបូង​នៅ​ទីក្រុង​ឌូបៃ​កាលពី​សប្តាហ៍​មុន​។

កីឡាការិនី​អាយុ​ ២១ ​ឆ្នាំ​រូបនេះ​បាន​និយាយថា​៖ «​វា​ពិតជា​គួរ​ឲ្យ​ខឹង​ណាស់​។ ជាការ​ពិត ការប្រកួត​នៅ​ទីក្រុង Melbourne គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯង​លេង​បានល្អ​បំផុត​ ប៉ុន្តែ​ការលេង​នៅទីនេះ​គឺ​បាន​ធ្វើឲ្យ​ខ្ញុំ​គិតថា ដូចជា​គ្មាន​អារម្មណ៍​ប្រកួត​ទាល់​សោះ​»​។

កីឡាការិនី Yastremska អាយុ​ ១៩ ​ឆ្នាំ​នឹងត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី Muguruza នៅ​ជុំ​ទី​ ៣ ​ក្រោយពី​កីឡាការិនី​អេស្ប៉ាញ​រូបនេះ​បានឈ្នះ​កីឡាការិនី​អូស្ត្រាលី Ajla Tomljanovic ក្នុង​លទ្ធផល ៦-១, ៦-២​។

ចំណែក​កីឡាការិនី Barty វិញ​បាន​ឈ្នះ​កីឡាការិនី​អាល្លឺម៉ង់ Laura Siegemund នៅក្នុង​ការប្រកួត​លើកដំបូង​របស់ខ្លួន​តាំងពី​បាន​ចាញ់​កីឡាការិនី Kenin នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Australian Open​។

កីឡាការិនី​រូបនេះ​បាន​បន្ថែមថា​៖ «​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​អាច​បន្ត​ឈ្នះ​បែបនេះ​នៅ​ចំពេល​ដែល​ខ្ញុំ​ពិតជា​ត្រូវការ​វា​បំផុត​»៕ SN