ក្រុងលីវើភូល: លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានទទួលស្គាល់ថា ការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅពេលប្រកួតជាមួយនឹងគូប្រកួតចាស់ Bayern Munich កាលពីថ្ងៃអង្គារមិនមែនជាលទ្ធផលដែលលោកបានសុបិនទុកឡើយ ប៉ុន្តែនៅតែជឿជាក់ចំពោះការឈានទៅវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
Sadio Mane បានខ្ជះខ្ជាយឱកាសដ៏ល្អបំផុតមួយនៅពេលដែលខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់រូបនេះបានស៊ុតបាល់ខុសទី អំឡុងពេលនៃការប្រកួតដែលបើកចំហរយៈពេល ៤៥ នាទីដំបូង ប៉ុន្តែការមិនអាចរកបានគ្រាប់បាល់ក្នុងតង់ទី ២ បានធ្វើឲ្យវគ្គនេះត្រូវកាត់សេចក្តីក្នុងពេលក្រុមទាំង ២ ជួបគ្នាម្តងទៀតនៅទីក្រុង Munich នាថ្ងៃទី ១៣ ខែមីនាខាងមុខ។
ទោះបីជាយ៉ាងណាខណៈដែលបានអវត្តមានខ្សែការពារ Virgil van Dijk ដោយសារតែការជាប់ពិន័យព្យួរក៏ដូចជាខ្សែការពារ Joe Gomez និង Dejan Lovren ក្រុម Liverpool យ៉ាងហោចណាស់មិនបានរបូតគ្រាប់បាល់នៅក្រៅដីឡើយ បើទោះបីបានផ្លាស់ប្តូរខ្សែការពារកណ្តាលតាមរយៈការដាក់ឲ្យកីឡាករ Fabinho លេងជាគូជាមួយនឹង Joel Matip ក៏ដោយ។
លោក Klopp បានឲ្យដឹងថា៖ «វាមិនមែនជាលទ្ធផល ឬការប្រកួតដែលយើងបានសុបិនទុកឡើយ។ វាមិនមែនជាការប្រកួតដែលយើងនឹងចងចាំក្នុងរយៈពេល ៣០ ឆ្នាំឡើយ។ វាជាលទ្ធផលមួយដែលយើងមាន ហើយយើងនឹងធ្វើការជាមួយនឹងលទ្ធផលនោះ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាជាការការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនដោយគ្មាន Van Dijk។ មនុស្សជាច្រើននឹងមិនរំពឹងទុកបែបនោះឡើយ។ ការពារពិតជារឹងមាំ។ យើងបានធ្វើរឿងល្អៗជាច្រើន ខ្ញុំមិនរីករាយ ប៉ុន្តែខ្ញុំពិតជាគ្មានបញ្ហាជាមួយលទ្ធផលក្នុងការប្រកួតនេះទេ»។
Valverde រកឃើញចំណុចវិជ្ជមាន ខណៈ Barca ស្មើជាមួយ Lyon
លោក Ernesto Valverde គ្រូបង្វឹកនៃក្រុម Barcelona មិនបានសម្តែងពីការបារម្ភទៅលើការខ្វះនូវភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធនៃក្រុមរបស់លោក ក្រោយពីពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Lyon ក្នុងការប្រកួតជើងទី ១ នៃក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេកាលពីថ្ងៃអង្គារ។
ក្រុមយក្សរបស់អេស្ប៉ាញមួយនេះបានបង្កើតឱកាសជាច្រើននាកីឡដ្ឋាន Groupama ខណៈដែលខ្សែប្រយុទ្ធ Luis Suarez បានស៊ុតបាល់ខុសទីនៅតង់ទី ២ ប៉ុន្តែក្រុម Lyon បានបង្កើតឱកាសដ៏ល្អបំផុតក្នុងការរកគ្រាប់បាល់ ប៉ុន្តែ Martin Terrier បានស៊ុតបាល់ប៉ះទៅនឹងរបារទី។ លោក Valverde បានឲ្យដឹងថា៖ «យើងបានកីឡាបាល់ទាត់យ៉ាងល្អ ប៉ុន្តែអ្នកត្រូវតែស៊ុតបាល់ឲ្យចំគោលដៅផងដែរ ហើយយើងធ្វើមិនបាន»៕ IS