លីវើរភូល៖ លោក Jurgen Klopp និយាយកាលពីថ្ងៃចន្ទថា គាត់រំភើបយ៉ាងខ្លាំងនឹងស្ដង់ដា (មាត្រដ្ឋាន) លេងរបស់ក្រុម Liverpool សម្រាប់ការចាប់ផ្ដើមយុទ្ធនាការការពារតំណែងជើងឯកក្របខ័ណ្ឌ Premier League របស់ខ្លួនជាពិសេសការដណ្ដើមបាន ៣ ពិន្ទុទៀត នៅសប្ដាហ៍ទី៣ នេះ ដោយការយកឈ្នះក្រុមភ្ញៀវ Arsenal ៣-១ ទោះត្រូវនាំមុខមុនក៏ដោយ។
គ្រាប់បាល់ពីខ្សែប្រយុទ្ធ Sadio Mane ខ្សែការពារ Andy Robertson និងខ្សែប្រយុទ្ធចំណូលថ្មី Diogo Jota គ្រប់គ្រាន់ឱ្យក្រុមហង្សក្រហមបញ្ចប់ដំណើរក្រុមកាំភ្លើងធំ ដែលបានឈ្នះនៅ ២ ប្រកួតបើកឆាកនៃរដូវកាលនេះ។
ខណៈក្រុមមេឃខៀវ Manchester City តោខៀវ Chelsea បិសាចក្រហម Manchester United មាន់ខ្នាយមាស Tottenham Hotspur ឥឡូវនេះ ក្រុម Arsenal សុទ្ធតែជួបបរាជ័យដូចគ្នាអស់ហើយ នៅ ៣ ប្រកួតដំបូងសម្រាប់រដូវកាលថ្មី ឯ Liverpool យកបាន ៩ ពិន្ទុពេញ ដែលអាចជាសញ្ញាបង្ហាញឲ្យឃើញថា ពួកគេនៅតែជាក្រុមមានសិទ្ធិខ្ពស់ក្នុងការឈ្នះពាន Premier League ទៀត។
គ្រូបង្វឹករបស់ Liverpool លោក Klopp និយាយថា៖ «ជាក់ស្ដែង វាទើបតែដើមរដូវកាលទេ តែទម្រង់លេងរបស់ក្រុមពេលនេះ ប្រាកដណាស់អត់សរសើរមិនបាន។ តាំងពីវិនាទីដំបូង យើងបានគ្របសង្កត់ក្រុមមួយ ដែលកំពុងឡើងជើង។ យើងត្រូវតែប្រយ័ត្នប្រយែងចំពោះខ្សែប្រយុទ្ធដ៏គួរឱ្យខ្លាចរបស់ពួកគេ។ ការលេងរបស់ក្រុមយើង គឺល្អណាស់។ និយាយពីការប្រកួតយប់នេះ អត់មានចំណុចអាក្រក់អ្វីដែលត្រូវរិះគន់ឡើយ»។
Arsenal លេងតាមផែនការនៃការប្រកួត ដែលធ្វើឱ្យពួកគេមានជ័យជម្នះដល់ទៅ ២ លើកលើ Liverpool កាលពីប៉ុន្មានខែថ្មីៗនេះ តែការប្រកួតនេះ ពួកគេហាក់គ្មានទំនុកចិត្តសោះ ពេលត្រូវមានការតាមគាបសង្កត់ពីកីឡាករនៃក្រុមម្ចាស់ផ្ទះ អំឡុងពេលគ្រប់គ្រងបាល់ម្ដងៗ។
វាមិនដូចការប្រកួត ដែលពួកគេបានជួបគ្នានៅចុងរដូវកាលនៃក្របខ័ណ្ឌ Premier League ពេលក្រុម Liverpool ឈ្នះពានរួចហើយ ឬការជួបគ្នានៅ Community Shield កាលពីខែសីហា ឡើយ ដោយពេលនេះ ក្រុមរបស់លោក Klopp មានភាពមុតស្រួចជាងឆ្ងាយ ដែលល្មមអាចធ្វើឱ្យក្រុមរបស់លោក Mikel Arteta បាត់ម្ចាស់ការបាន។
ដោយឡែកគ្រូបង្វឹករបស់ Arsenal លោក Arteta បាននិយាយថា៖ «ការលេងនៅទឹកដី Anfield មិនស្រួលឡើយ។ ជាកន្លែងដ៏តឹងតែបំផុតសម្រាប់គ្រប់ក្រុម ដែលធ្វើដំណើរមកកាន់ទីនេះ ព្រោះពួកគេបានរៀបចំនូវស្ដង់ដានៃការលេងដ៏ល្អឥតខ្ចោះមួយ។ ពួកគេមានអាវុធគ្រប់ទាំងអស់។ ពួកគេសហការគ្នាបានយ៉ាងល្អ ៥ ឆ្នាំហើយ តែពួកយើងទើបធ្វើបានប៉ុន្មានខែនេះទេ។ នេះគឺជាស្ដង់ដាមួយ ដែលពួកយើងត្រូវតែធ្វើឱ្យបាន»។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺលោក Klopp បានផ្ដល់ឱកាសឱ្យ Jota បញ្ចេញសមត្ថភាពនៅ ១០ នាទីចុងក្រោយ ហើយកីឡាករអន្តរជាតិព័រទុយហ្គាល់ភ្លាមៗក៏បង្ហាញឱ្យឃើញថា ការចំណាយ ៤១ លានផោន ($៥២ លាន) ក្នុងការទិញរូបគេពីក្រុមរួមលីក Wolves ប្រហែលមិនអសារបង់ឡើយ ដោយការស៊ុតបាល់គ្រាប់ជ័យជម្នះចុងក្រោយឲ្យក្រុមនៅ ២ នាទី មុនចប់ការប្រកួត។
ក្រោយចប់ការប្រកួតទី ៣ របស់ខ្លួន ក្រុម Liverpool ឈរនៅលេខ ២ ដោយមាន ៩ ពិន្ទុ ស្មើក្រុមកំពូលតារាង Leicester City តែចាញ់គ្រាប់បាល់ចំណេញ៕ AFP/VN