ក្រុង​ឡុងដ៍៖ អនាគត​របស់​លោក Jurgen Klopp នៅ​ក្លិប​ហង្ស​ក្រហម​ Liverpool គឺ​​​ស្ថិត​នៅ​​​លើ​ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស ​អង់គ្លេស​​ ដែល​មិន​អាច​ព្យាការ​បាន​។ នេះ​បើ​យោង​តាម​ជំនួយ​ការ​របស់​លោក Klopp គឺ​លោក Marc Kosicke បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ចន្ទ​។​​

លោក Klopp ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​ Liverpool នៅ​ខែ ​តុលា ឆ្នាំ ​២០១៥​ ហើយ​បាន​បន្ត​កុងត្រា​របស់​គាត់​នៅ​ចុង​យុទ្ធនាការ​​ដំបូង​របស់​គាត់​ ខណៈ​កុងត្រា​របស់​គាត់​នៅ​សល់​រយៈពេល ​៣ ​ឆ្នាំ​ទៀត​។​​

ថ្មីៗ​នេះ​ គ្រូ​បង្វឹក​វ័យ ​៥២ ​ឆ្នាំ​រូប​នេះ​​បាន​ព្រលយ​សម្ដី​ថា គាត់​អាច​ចូល​និវត្តន៍​នៅ​ពេល​កុងត្រា​របស់​គាត់​ផុត​កំណត់​នៅ​ឆ្នាំ ​២០២២​ ប៉ុន្តែ​ក្លិប​ម្ចាស់​ជើងឯក​អឺរ៉ុប​មួយ​នេះ​សង្ឃឹម​ថា នឹង​បញ្ចុះ​បញ្ចូល​ឲ្យ​គាត់​បន្ត​នៅ​ក្លិប​នេះ​ទៀត​។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក Kosicke បាន​ឲ្យ​ដឹង​ថា លោក Klopp នឹង​ផ្អាក​កុងត្រា​ថ្មី​ណា​មួយ​​ដោយសារ​​គាត់​មិន​សប្បាយ​ចិត្ត​ទាំង​ស្រុង​ចំពោះ​អាកាសធាតុ​នៅ​ប្រទេស ​អង់គ្លេស​ បើ​ទោះ​ជា​ការ​ឡើង​កម្ដៅ​ពិភព​លោក​អាច​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក​អាល្លឺម៉ង់​រូប​នេះ​ក៏​ដោយ​។​

ជំនួយ​ការ​រូប​នេះ​បាន​ប្រាប់​ DAZN ថា៖ «​កុងត្រា​របស់​លោក Klopp គឺ​នៅ​មាន​សុពលភាព​ដល់​ឆ្នាំ ​២០២២​ ហើយ​វា​ជា​រឿង​អាថ៌​កំបាំង​មួយ​ដែល​ក្លិប​នេះ​ចង់​បន្ត​កុងត្រា​ថែម​ទៀត​»។​

លោក Kosicke បាន​បន្ត​ថា៖ «​យើង​នៅ​តែ​មាន​ពេល​តិចតួច​សម្រាប់​រឿង​នោះ​ យើង​ត្រូវ​តែ​រង់ចាំ​មើល​ថា តើ​រឿង​រ៉ាវ​នេះ​នឹង​វិវត្ត​ទៅ​យ៉ាង​ណា​វិញ​ ហើយ​ថា តើ​ការ​ប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​ល្អ​ប្រសើរ​នៅ​អង់គ្លេស​ ឬ​ក៏​នៅ​តែ​ប្រទេស ​អាល្លឺម៉ង់ ​​នោះ​​ទេ​?»។​

ជំនួយ​ការ​រូប​នេះ​បាន​បន្ត​ថា៖ «​គេ​​មិន​គួរ​មើល​ស្រាល​ពី​អាកាសធាតុ​មិន​ល្អ​ទេ​។ ខ្ញុំ​ចាំ​ថា នៅ​ក្នុង​​ខែ​វិច្ឆិកា​ ឬ​ខែ​ធ្នូ ក្រុម​ Liverpool បាន​ស្នើសុំ​ជា​លើក​ដំបូង​ឲ្យ​​បន្ត​កុងត្រា​ ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ថា ​ចាំ​មើល​សិន»។​​​​

ជំនួយ​ការ​ដដែល​នេះ​បាន​បន្ត​ទៀត​ថា៖ «​លោក Klopp និង​ភរិយា​របស់​គាត់ ​គឺ​អ្នក​ស្រី​ Ulla​ បាន​ក្រោក​ពី​គេង​នៅ​​ពេល​ព្រឹក​ ឃើញ​មេឃ​ខ្មៅ​ងងឹត​ ហើយ​ពេល​ល្ងាច​ក៏​មេឃ​ខ្មៅ ​និង​​ចុះ​អ័ព្ទ​​»។​​

លោក Kosicke បាន​បន្ថែម​ថា៖ «​នៅ​​អាល្លឺម៉ង់​ ​ប្រសិន​បើ​អាកាស​ធាតុ​អាក្រក់​បែប​នេះ​ ក្លិប​មួយ​ចំនួន​ឈប់​សម្រាក​ ​២ ​សប្ដាហ៍ ​បន្ទាប់​មក​​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កន្លែង​ហ្វឹកហាត់​ដែល​មាន​ពន្លឺ​ព្រះ​អាទិត្យ​​ជា​ច្រើន​ថ្ងៃ​»។​​

ជំនួយការ​រូប​​នេះ​បាន​បន្ថែម​​ថា៖ «​នៅ​ក្នុង​ពេល​នេះ​ គ្រូ​បង្វឹក​មួយ​ចំនួន​នៅ​អង់គ្លេស​ពេល​ខ្លះ​ត្រូវ​ត្រៀម​​ការ​ប្រកួត ​១៣ ​លើក ​​ដែល​ធ្វើ​ឲ្យ​ពួក​គេ​អស់​កម្លាំង​ មិន​ងាយ​ស្រួល​នោះ​ទេ​»។​

លោក Klopp បាន​ដឹកនាំ​ក្រុម Liverpool ឲ្យ​​ឈ្នះ​​ Champions League និង​ UEFA Super Cup នៅ​ឆ្នាំ ​២០១៩​ ខណៈ​​​ការ​តាម​ដណ្ដើម​តំណែង​ជើងឯក​ ក្របខ័ណ្ឌ​ Premier League ពី​ក្រុម Man City គឺ​ជា​គោលដៅ​ចម្បង​របស់​គាត់​៕ SN