ក្រុង​ឡុងដ៍ៈ គ្រូ​បង្វឹក​ក្លិប Chelsea លោក Frank Lampard បាន​ទទួល​ស្គាល់​ថា ការ​ហត់នឿយ​គឺ​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​​ Chelsea ស្មើ​គ្នា​ Leicester ១-១ ប៉ុន្តែ​គាត់​​បាន​ទាមទារ​ឲ្យ​កូន​ក្រុម​បង្ហាញ​ពី​ «​ទម្រង់​លេង​​» ថែម​ទៀត​ ខណៈ​ការ​រង់ចាំ​ឈ្នះ​​ជា​លើក​ដំបូង​នៅ​តែ​បន្ត​។​​​

នៅ​ក្នុង​ការ​ប្រកួត​នេះ​ ក្រុម​របស់​លោក Lampard បាន​នាំ​មុខ​ ​១ ​គ្រាប់​​មុន​ ដែល​រក​បាន​ដោយ​កីឡាករ​ Mason Mount ប៉ុន្តែ​Wilfred Ndidi រក​បាន ​១ ​គ្រាប់​វិញ​ឲ្យ​ក្លិប Leicester នៅ​នាទី​ទី​៦៧ ​ធ្វើ​ឲ្យ​​ក្រុម​ទាំង ​២​ បាន​ត្រឹម​​ចែក​គ្នា​ម្នាក់ ​១ ពិន្ទុ ជាមួយ​ការ​ស្មើ​គ្នា​ ១-១។​

លោក Lampard បាន​និយាយ​ថា​ លទ្ធផល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ដែល​ Chelsea បាន​បាក់​ទឹក​ចិត្ត​ក្រោយ​ពី​ចាញ់​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​របស់​ក្រុម​ Liverpool នៅ​ក្នុង​ការ​ប្រកួត​ Super Cup កាល​ពី​ថ្ងៃ​ពុធ​។​

ទន្ទឹម​នេះ​ដែរ​ ក្រុម​តោ​ខៀវ​ក៏​មាន​ការ​អស់​កម្លាំង​ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ត្រឡប់​មក​ពី​ទីក្រុង​ Istanbul វិញ​ផង​ដែរ​ ហើយ​លោក Lampard មិន​សប្បាយ​ចិត្ត​ចំពោះ​ទម្រង់​លេង​ដែល​កូន​ក្រុម​មិន​អាច​រក​បាន ​១ ​គ្រាប់​ទៀត​ ពេល​ពួក​គេ​​មាន​ប្រៀប​លើ​ Leicester​។​​

លោក Lampard បាន​និយាយ​ថា៖ «​រយៈពេល ​២៥ ​នាទី​ដំបូង ​គឺ​យើង​លេង​បាន​ល្អ​ ប៉ុន្តែ​នៅ​រយៈពេល​ផ្សេង​ទៀត​គឺ​យើង​ធ្វើ​មិន​បាន​ល្អ​ទេ​ដោយ​យើង​បាន​ទុក​​​កន្លែង​ឲ្យ​មាន​ចំហ​ច្រើន​ពេក​ ហើយ​ខ្ញុំ​ខក​ចិត្ត​បំផុត​ដែល​យើង​មិន​អាច​ដណ្ដើម​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ប្រកួត​ដែល​យើង​មាន​សក្ដានុពល​នេះ​»។​​

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា៖ «​ខ្ញុំ​មិន​រំពឹង​​ឲ្យ​អ្នក​ត្រូវ​ចាប់​ផ្ដើម​រក្សា ​និង​គ្រប់​បាល់​គ្រប់​ពេលវេលា​សម្រាប់​ចម្ងាយ​ ១០០ ​ម៉ាយ ​ក្នុង ​១ ​ម៉ោង​នោះ​ទេ ​ប៉ុន្តែ​យើង​ត្រូវ​ទប់​បាល់​ឲ្យ​បាន​ល្អ​នៅ​យើង​គ្រប់គ្រង​បាល់​បាន​​​ហើយ​»។​

លោក​បន្ត​ថា៖ «​យើង​ត្រូវ​មាន​ទម្រង់​លេង​ល្អ​​ថែម​ទៀត ដូច​យើង​បាន​ឃើញ​ហើយ​នៅ​ពាក់​កណ្ដាល​​សប្ដាហ៍​នេះ ​ប៉ុន្តែ​ថ្ងៃ​នេះ​យើង​មិន​បាន​ធ្វើ​បែប​នោះ​ទាល់​តែ​​សោះ​។ ខ្ញុំ​ស្អប់​ការ​យក​លេស​ហត់​នឿយ​ ប៉ុន្តែ​វា​ជា​ការ​ពិត​ ដូច​អ្នក​ឃើញ​នៅ​ក្នុង​តង់​ទី​២ ​ហើយ​ គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា កូន​ក្រុម​ខ្ញុំ​ដូច​ជា​អស់​កម្លាំង​ខ្លាំង​ណាស់​»។​​

គ្រូ​បង្វឹក​ដដែល​នេះ​បាន​ពោល​ទៀត​ថា៖ «​ប្រសិន​បើ​​នោះ ​គឺ​ជា​ការ​ពិត​ យើង​អាច​ព្យាយាម​គ្រប់គ្រង​បាល់​ឲ្យ​បាន​ល្អ​ដោយ​មិន​ចាំបាច់​រត់​ច្រើន​ពេក​នោះ​ទេ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​មាន​ការ​គ្រប់គ្រង​ការ​ប្រកួត​ជា​ច្រើន​ គឺ​យើង​ត្រូវ​គ្រប់គ្រង​ឲ្យ​កាន់​តែ​ខ្លាំង​ដែល​យើង​អាច​រៀន​សូត្រ​ជាក់​ស្ដែង​ពី​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​តែ​ម្ដង​»។​

លោក Lampard កំពុង​សម្លឹង​មើល​ការ​ឈ្នះ​ការ​ប្រកួត​ជា​លើក​ដំបូង​របស់​គាត់​នៅ​ពេល​ក្រុម Chelsea ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជា​មួយ​ក្លិប Norwich នៅ​ចុង​សប្ដាហ៍​​នេះ​។

ប៉ុន្តែ​ជា​មួយ​បទពិសោធ​ទើប​តែ​បាន ​១ ​ឆ្នាំ ​ជា​គ្រូ​បង្វឹក​នៅ​ក្រុម​ Derby ពី​រដូវកាល​មុន​នោះ​ លោក Frank Lampard ​ដឹង​ថា រូប​លោក​​កំពុង​ប្រឈម​នឹង​បទពិសោធ​លើក​ដំបូង​ដ៏​ពិបាក​យ៉ាង​ខ្លាំង​​ជាមួយ​​ក្រុម Chelsea​៕ AFP/SN