ក្រុងបាងកក​: កីឡាករ​លំដាប់​ទី៥ Anthony Ginting របស់ឥណ្ឌូនេស៊ី បាន​រង​បរា​ជ័យ​ដ៏​មិន​នឹក​ស្មាន​ដល់ ក្នុង​ការ​ប្រកួត​វាយ​សីកម្ម​វិធី Thailand Open​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដោយសារ​កីឡាករ Lee Cheuk-yiu របស់​ហុង​កុង ដែល​បាន​ឡើង​ទៅវគ្គ ៨ នាក់​ចុង​ក្រោយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជាមួយ​នឹង​ជ័យ​ជម្នះ ក្នុង​លទ្ធផល ២ សិត ១ គឺ ២១-១៩, ១៣-២១ និង ២១-១២។

កីឡាករ Ginting គឺ​អត្ត​ពលិក​ចុងក្រោយ​ ដែល​ជា​ក្ដី​សង្ឃឹម​របស់ឥណ្ឌូនេស៊ី ក្រោយ​ពី​ការ​ធ្លាក់​របស់​ Jonatan Christie កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ តែ​បើ​ទោះ​ជា​អាច​វាយ​បក​យក​ឈ្នះ​នៅ​សិត​ទី ២ ក៏​ដោយ ក៏​កីឡាករ​វ័យ​ ២៤ ​ឆ្នាំ មិន​អាច​ទម្លាក់​គូ​បដិបក្ខ Lee ដែល​មាន​ចំណាត់​ថ្នាក់​ទី ២០ របស់​ពិភលោក ឱ្យ​ចេញ​ពី​កម្មវិធី​នេះ​បាន​ឡើយ​។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ Ginting បាន​និយាយ​ថា​៖ «​គេ​លេង​បាន​ល្អ​ជាង​ខ្ញុំ។ នៅ​ពេល​ខ្ញុំ​ព្យាយាម​វាយ​បក​វិញ​ Lee ដឹង​ច្បាស់​ណាស់​។ គេ​ឆ្លាត​ និង​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន​ល្អ​»​។

វា​ជា​ការ​ចាញ់​​លើក​ទី២ របស់ Ginting ក្រោម​ថ្វី​ដៃ​របស់ Lee ដែល​បាន​ផ្ដល់​ភាពឈឺ​ចាប់​ឱ្យ​កីឡាករ​ឥណ្ឌូនេស៊ី​​​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​កម្មវិធី Hong Kong Open 2019។

កីឡាករ​ Lee បាន​និយាយ បន្ទាប់​ពី​មាន​ជ័យ​ជម្នះ​​នេះ​ថា៖ «​ខ្ញុំ​បាន​ឈ្នះ​គាត់​ ក្នុង​កម្មវិធី Hong Kong Open នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ដូច្នេះប្រហែល​ជា​ខ្ញុំមាន​ប្រៀប​ជា​ង​គេ​តិច​តួច​»​។​

Lee របស់​ហុង​កុង សម្ដែង​អាការរីក​រាយ​យ៉ាង​ខ្លាំង ក្រោយ​ឈ្នះ Ginting​ របស់​ឥណ្ឌូនេស៊ី អំឡុង​ការ​ប្រកួត Thailand Open ជុំ​ទី ២​។

ចំណែក​គូប្រកួត​របស់ Lee នៅ​វគ្គ​បន្ទាប់ គឺកីឡាករ Viktor Axelsen របស់​ដាណឺម៉ាក ដែល​បាន​បន្ត​ដំណើរទៅ​មុខ​រឿយ​ៗ ដើម្បី​ឈ្នះ​ពាន​បន្ត​បន្ទាប់គ្នា ជាមួយ​នឹង​ការមាន​ជ័យ​ជម្នះមិន​ឱ្យ​ដៃ​លើ​កីឡាករ​របស់​ម្ចាស់​ផ្ទះ​​ Kunlavut Vitidsarn ក្នុង​លទ្ធផល ២១-១១ និង ២១-១៣។​

Thailand Open ជា​កម្ម​វិធី​ ១ ក្នុង​ចំណោម​ព្រឹត្តិការណ៍ ៣​ ដែល​ត្រូវ​រៀប​ចំ​ នៅ​​ក្រុង​បាង​កក​​ បន្ត​បន្ទាប់​គ្នា​។ ការ​ប្រកួត​កម្ម​វិធី​ចុង​ក្រោយ​សម្រាប់​កីឡា​វាយ​សី​​ នៅ​រាជ​ធានី​នៃ​ប្រទេស​ថៃ​នេះ គឺ World Tour Finals៕ AFP/VN