ក្រុងអាលអែន: លោក Marcello Lippi បាន​បញ្ជាក់​ថា​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ចិន​ត្រូវ​តែ​រៀន​ពី​របៀប​ក្នុង​ការផ្តោតអារម្មណ៍​សម្រាប់​ការប្រកួត​ទាំងមូល នៅ​មុន​ពេល​ការប្រកួត​ដ៏សំខាន់​របស់​ពួកគេ​ជាមួយ​នឹង​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ក្នុង​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Asian Cup ដែល​ជា​ការប្រកួត​ដ៏ធំ​បំផុត និង​អាច​ជា​ការប្រកួត​ចុងក្រោយ​របស់​លោក​ក្នុង​នាម​ជា​គ្រូបង្វឹក​។

គ្រូបង្វឹក​ដែល​ធ្លាប់​ឈ្នះ​ពាន World Cup ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​បាន​កោតសរសើរ​កីឡាករ​របស់​ខ្លួន​ក្រោយពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ថៃ​ក្នុង​លទ្ធផល ២-១ ដើម្បី​ឈាន​ទៅ​វគ្គ​​ ១/៤ ​ផ្តាច់ព្រ័ត្រ​តាមរយៈ​ការបញ្ជាក់​ថា ពួកគេ​បាន​បង្ហាញ​ថា ពួកគេ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ដ៏ខ្លាំង​បំផុត​នៅ​អាស៊ី​។

ប៉ុន្តែ​លោក Lippi វ័យ​ ៧០ ​ឆ្នាំ​បាន​និយាយ​ថា ចិន​នៅ​តែ​មាន​ទម្លាប់​នៃ​ការខ្វះ​នូវ​ការផ្តោត​អារម្មណ៍​ទាំង​ក្នុង និង​ក្រៅ​ការប្រកួត​ក្រោយពី​ការបង្ហាញ​ពី​ទម្រង់​លេង​ចុះ និង​ឡើង​មួយ​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​ពួកគេ​តាម​ពី​ក្រោយ​ថៃ ១-០ រហូត​ដល់​ពាក់កណ្តាល​តង់​ទី​ ២​។

លោក Lippi ដែល​ត្រូវ​បាន​រំពឹងទុក​ថា​នឹង​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិចិន បន្ទាប់ពី​ព្រឹត្តិការណ៍ Asian Cup ក្រោយពី​កាន់តំណែង​បាន​ ២ ​ឆ្នាំ​កន្លះ​បាន​និយាយ​ថា​៖ «​កីឡាករ​ចិន​ត្រូវ​តែ​ពង្រឹង​ផ្នែក​ស្មារីត​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​»​។

គ្រូបង្វឹក​ចាស់វស្សា​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ «​ពេលខ្លះ​ពួកគេ​ត្រូវ​តែ​ផ្តោត​អារម្មណ៍​បន្ថែម​ទៀត និង​មាន​ការប្រុងប្រយ័ត្ន​ជាង​មុន​ក្នុង​ការប្រកួត​។ វា​ជា​រឿង​ទាក់ទង​នឹង​ចិត្តវិទ្យា​។ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការមាន​ភាព​តានតឹង​ដូចគ្នា​ការប្តេជ្ញាចិត្ត​ដូច​គ្នា​តាំងពី​ចាប់ផ្តើម​ការប្រកួត​»​។

ក្រុម​ជម្រើស​ជាតិ​ចិន​បាន​ធ្លាក់​ចូល​ក្នុង​ការភិតភ័យ​នៅពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើសជាតិ​ថៃ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​មុន​ពេល​លោក Lippi បាន​ផ្លាស់ប្តូរ​រូបមន្ត​លេង​របស់​លោក​ត្រឹម​តង់​ទី​ ១ ខណៈ​ដែល​ពួកគេ​បាន​ដាក់​សម្ពាធ​លើ​ក្រុម​ថៃ​យ៉ាង​ខ្លាំង​ក្នុង​ការប្រកួត​តង់​ទី​ ២​។ ប៉ុន្តែ អ៊ីរ៉ង់ ដែល​ជា​ក្រុម​មាន​ចំណាត់ថ្នាក់​ខ្ពស់​ជាង​គេ​ប្រចាំ​អាស៊ី​នឹង​ផ្តល់​នូវ​ការសាកល្បង​ដ៏ធំ​បំផុត ហើយ​ការរំពឹងទុក​គឺ​ថា​ក្រុម​ជម្រើស​ជាតិចិន​នឹង​ធ្លាក់​ចេញ​ក្រោយពី​ការប្រកួត​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទីក្រុង Abu Dhabi​។

លោក Lippi ហាក់​បាន​ព្យាយាម​ការពារ​កំណត់ត្រា​របស់​ខ្លួន​នៅពេល​ដែល​លោក​បាន​បង្ហាញ​ពី​ស្ថិតិ​ដោយ​ក្នុង​ចំណោម​ការប្រកួត​ ១០ ​លើក​របស់​លោក ចិន​បាន​យក​ឈ្នះ​ ៦ ​លើក និង​ចាញ់​តែ​ ២ ​លើក​គត់​ពោល​គឺ​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ត្បូង​។

លោក​បាន​ឲ្យ​ដឹងថា​៖ «​នោះ​មាន​ន័យ​ថា​ខ្ញុំ​ត្រូវ​តែ​មាន​មោទនភាព​លើ​កីឡាករ​របស់ខ្ញុំ​។ ខ្ញុំ​ពិតជា​ពេញចិត្ត ពីព្រោះ​ក្រុម​នេះ​កំពុង​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ ហើយ​យើង​ស្ថិត​ក្នុង​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ ដែល​មាន​ន័យ​ថា​យើង​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដ៏ខ្លាំង​បំផុត​របស់​អាស៊ី​»​។

ការ​ឈាន​ទៅ​វគ្គ​ ១/៤ ​ផ្តាច់ព្រ័ត្រ​បាន​តាម​ស្មើ​កំណត់ត្រា​ដ៏ល្អ​របស់​ចិន​កាលពី​ឆ្នាំ​ ២០១៥ ដែល​នៅពេល​នោះ Asian Cup មាន​ត្រឹម​តែ​ ១៦ ​ក្រុម​ប៉ុណ្ណោះ មិនមែន​ ២៤ ​ក្រុម​ឡើយ​។

ក្រុម​ជម្រើស​ជាតិចិន​មិន​ធ្លាប់​បាន​ឈ្នះ​ពាន​ប្រចាំ​ទ្វីប​នេះ​សោះ​ក្នុង​ចំណោម​ការប្រកួត​ ១១ ​លើក​កាលពី​មុន​។

ប៉ុន្តែ​លោក Lippi ក៏​បារម្ភ​ពី​អនាគត​សម្រាប់​ក្រុម​ចិន​ផង​ដែរ​ក្រោយពី​ប្រើប្រាស់​កីឡាករ​វ័យចាស់​ក្នុង​ជម្រើស​ទាំង​ ១១ ​នាក់​ដំបូង​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​កីឡាករ​ ៤ ​នាក់​ដែល​មាន​វ័យ​ខ្ទង់​ ៣០ ​ឆ្នាំ និង​មាន​កីឡាករ​តែ​ម្នាក់​គត់​ដែល​មាន​វ័យ​តិចជាង​ ២៦ ​ឆ្នាំ​៕ IS