ក្រុងគែរៈ ខ្សែប្រយុទ្ធ Riyad Mahrez និងខ្សែប្រយុទ្ធ Sadio Mane នឹងជួបគ្នាជាថ្មីលើកទី ២ នៅវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Cup of Nations ខណៈជម្រើសជាតិអាល់ហ្សេរី និងសេណេហ្គាល់ជួបគ្នានៅយប់ថ្ងៃនេះនៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។
តារាបាល់ទាត់អាល់ហ្សេរី Mahrez លេងនៅក្លិបមេឃខៀវ Man City បានឈ្នះក្រុមហង្សក្រហម Liverpool ដើម្បីលើកពានអង់គ្លេស Premier League កាលពីរដូវកាលមុន។
ទោះយ៉ាងណាក៏ដោយកីឡាករឆ្នើមក្រុមហង្សក្រហម Mane មានបំណងបំពេញក្ដីសុបិនដ៏សំខាន់បំផុតក្នុងនាមជាពលរដ្ឋអាហ្វ្រិកម្នាក់គឺត្រូវឈ្នះ និងលើកពាន Cup of Nations បន្ថែមពីលើពាន Champions League។
ទោះជាក្រុមសេណេហ្គាល់ជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំទ្វីបនេះ និងស្ថិតនៅលើក្រុមអាល់ហ្សេរី ៤៦ ចំណាត់ថ្នាក់ក៏ដោយ ប៉ុន្តែការធ្វើដំណើរទៅវគ្គផ្ដាច់ព្រ័ត្រសម្រាប់កីឡាករ Mane និងក្រុមសេណេហ្គាល់នៅតែជួបបញ្ហានៅឡើយ។
ការស៊ុតបាល់ ១១ ម៉ែត្រមិនចូលរបស់ Mane ចំនួន ២ លើកការចាញ់ក្រុមអាល់ហ្សេរីនៅការប្រកួតក្នុងពូល និងការសង្គ្រោះបាល់មិនល្អរបស់អ្នកចាំទី Edouard Mendy គឺជាការសាកល្បងដំណោះស្រាយរបស់ក្រុមសេណេហ្គាល់ដើម្បីទទួលបានជ័យជម្នះនៅវគ្គផ្ដាច់ព្រ័ត្រនៅ Cup of Nations។
គ្រូបង្វឹកសេណេហ្គាល់ លោក Aliou Cisse កំពុងបំពេញភារកិច្ចស្ដារមុខមាត់ផ្ទាល់ខ្លួនព្រោះគាត់ជាប្រធានក្រុមសេណេហ្គាល់ដែលស៊ុតបាល់ប៉េណាល់ទីមិនបានល្អធ្វើឲ្យចាញ់ក្រុមកាម៉េរូននៅវគ្គផ្ដាច់ព្រ័ត្រឆ្នាំ ២០០២។
លោក Cisse បាននិយាយថា៖ «ការចាញ់នៅវគ្គផ្ដាច់ព្រ័ត្រនោះបានធ្វើឲ្យខ្ញុំចងចាំវាមិនភ្លេច»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «អ្វីដែលជំរុញខ្ញុំឲ្យធ្វើជាគ្រូបង្វឹកនេះគឺបានជួយឲ្យក្រុមសេណេហ្គាល់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ហើយកូនក្រុមបានប្រាប់ខ្ញុំថា ពួកគេនឹងធ្វើឲ្យបានល្អជាងជំនាន់របស់ខ្ញុំ»។
កីឡាករ Mane បានប្រាប់កម្មវិធី France Football នៅមុនពេលប្រកួតផ្ដាច់ព្រ័ត្រនេះថា៖ «ខ្ញុំត្រៀមខ្លួនលើកពាន Cup of Nations ឲ្យដូចកាលដែលខ្ញុំ និងមិត្តរួមក្រុមហង្សក្រហមលើកពាន Champions League អ៊ីចឹងដែរព្រោះការធ្វើដំណើរត្រឡប់ទៅទីក្រុងដាកាជាមួយពាននេះគឺជារឿងអស្ចារ្យបំផុត ហើយនោះជាក្ដីសុបិនដ៏សំខាន់បំផុតរបស់ខ្ញុំ»។
ទន្ទឹមនេះដែរក្រុមអាល់ហ្សេរីក៏មានបំណងលើកពាននេះជាថ្មីដែរក្រោយពីបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងតាំងពីឆ្នាំ ១៩៩០។
គ្រូបង្វឹកក្រុមអាល់ហ្សេរីលោក Djamel Belmadi និយាយទៅកាន់ពលរដ្ឋអាល់ហ្សេរីថា៖ «ខ្ញុំមិនមែនជាអ្នកនយោបាយ ជាមនុស្សមហាអស្ចារ្យ ឬជាគ្រូវេទមន្តនោះទេ ប៉ុន្តែថាយើងនឹងប្រកួតឲ្យដូចពេលយើងបានធ្វើរហូតមកដល់វគ្គនេះ»។
គ្រូបង្វឹកអន្តរជាតិដ៏សម្បូរបទពិសោធលោក Claude Le Roy និយាយថា៖ «ក្រុមអាល់ហ្សេរីលេងបានល្អ បិទបានល្អ និងការពារបានល្អព្រោះពួកគេអាចដណ្ដើមបាល់មកវិញបានភ្លាមៗ»។
ប្រធានក្រុមអាល់ហ្សេរី Mahrez បាននិយាយថា៖ «យើងសប្បាយចិត្តណាស់ដែលបានលេងនៅវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Cup of Nations ព្រោះវាជាអ្វីមួយពិសេសមែនទែន»៕ SN