ក្រុងឡុងដ៍៖ ក្រុម Manchester City កាលពីថ្ងៃពុធ បានប្រកាសឲ្យដឹងនូវការទិញយកកីឡាករ Nathan Ake ពីក្រុមរួមលីក Bournemouth ជាមួយនឹងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ដែលនេះជាការនាំចូលសមាជិកថ្មីទី ២ មកកាន់ទឹកដី Etihad ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកដំណើរការនារដូវក្ដៅនេះ។
ក្រុមរបស់លោក Pep Guardiola (Pep) ដែលរបូតតំណែងជើងឯកក្របខ័ណ្ឌ Premier League រដូវកាលនេះ បានព្រមព្រៀងចំណាយប្រាក់ ៤០ លានផោន ($៥២ លាន) សម្រាប់តម្លៃនៃការចុះហត្ថលេខាយកខ្សែការពារកណ្ដាលសញ្ជាតិហូឡង់រូបនេះ ហើយអាចនឹងឡើងដល់ជិត $៥៤ លាន នាថ្ងៃមុខ តាមលក្ខន្តិកៈក្នុងកិច្ចសន្យារបស់ក្រុមទាំង ២។
ការផ្ទេរយកកីឡាករ Ake នេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្លិបយក្ស ១ នេះ ប្រកាសពីការនាំចូលខ្សែបម្រើស្លាបរបស់ជម្រើសជាតិអេស្ប៉ាញអាយុក្រោម ២១ ឆ្នាំ Ferran Torres ពីក្រុម Valencia ជាផ្លូវការ ដោយមានកុងត្រា ៥ ឆ្នាំដូចគ្នា ជាមួយនឹងតម្លៃជាបឋម ២០ លានផោន (២៧ លានដុល្លារ)។
ក្រោយមានកិច្ចព្រមព្រៀងនេះ កីឡាករ Ake វ័យ ២៥ ឆ្នាំ ឲ្យដឹងតាមរយៈវេបសាយរបស់ក្លិប Man City ថា៖ «Man City គឺជាក្រុមល្អបំផុតនៅអង់គ្លេសនាទសវត្សរ៍ចុងក្រោយនេះ។ ការធ្វើដំណើរមកកាន់ទីនេះ ជាក្ដីសុបិនរបស់ខ្ញុំ។
នេះជាក្រុម ដែលពេញទៅដោយកីឡាករកម្រិតពិភពលោក។ គ្រប់កន្លែង ដែលសម្លឹងមើលមកក្រុមនេះ គេនឹងឃើញក្រុមដែលមានសុទ្ធតែអ្នកលេងល្បីៗ ជាមួយនឹងអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភលំដាប់អន្តរជាតិ»។
លោក Txiki Begiristain នាយកបាល់ទាត់ក្លិប Man City បាននិយាយពាក់ព័ន្ធនឹងកីឡាករថ្មីរូបនេះថា៖ «កីឡាករ Ake ជាខ្សែការពារដ៏មានគុណភាព។ គេជាកីឡាករជួរមុខក្នុងគ្រាដែលគេនៅជាមួយក្រុម Bournemouth ហើយខ្ញុំសប្បាយចិត្តណាស់ ដែលយើងសម្រេចបាន ក្នុងការនាំយករូបគេមកកាន់ក្លិប។ គេរឹងមាំ និងលឿន ហើយយើងដឹងថា គេជាកីឡាករឆ្លាត និងប្រកបដោយបច្ចេកទេស ដែលវាចាំបាច់ណាស់សម្រាប់លោក Pep ក្នុងការយកមកពង្រឹងក្រុម»៕ AFP/VN